លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បើកចំហ​ចំពោះ​កិច្ចពិភាក្សា​ស្តីពី​ដំណោះស្រាយ ទាក់ទង​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​លោក​ក៏​ជឿជាក់​ដែរ​លើ​ដំណោះស្រាយ​ការទូត​។ វិមាន​ក្រឹម​ឡាំង​បាន និយាយ​ដូច្នោះ​នា​ថ្ងៃ​សុក្រ ទី​​​ ២​ ធ្នូ បន្ទាប់ពី​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អាមេរិក លើកឡើងថា លោក​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​សន្ទនា​គ្នា​ជាមួយ​មេដឹកនាំ​រុស្ស៊ី​។​

​ដោយនៅ​កៀក​ក្បែរ​នឹង​លោក​ប្រមុខរដ្ឋ​បារាំង ម៉ា​ក្រុង លោក បៃ​ដិ​ន បាន​និយាយថា​មធ្យោបាយ​តែមួយគត់​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន គឺមាន​តែ​លោក ពូ​ទីន ដកទ័ព​រុស្ស៊ី​ចេញ និង​ថា ប្រសិនបើ​លោក ពូ​ទីន ចង់​បញ្ចប់​ជម្លោះ​មែន​នោះ លោក បៃ​ដិ​ន នឹង​ត្រៀម​និយាយ​ជាមួយ​ប្រមុខ​វិមាន​ក្រឹម​ឡាំង​។

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​ដំឡើង​សំឡេង​នៅពេល​ត្រូវគេ​សួរ​អំពី​ការអត្ថាធិប្បាយ​របស់លោក បៃ​ដិ​ន ដោយ​លោក​និយាយថា លោក ពូ​ទីន នៅតែ​បើកចំហ​ទ្វារ​ចំពោះ​កិច្ចចរចា ប៉ុន្តែ​រុស្ស៊ី​នឹងមិន​ដកខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ឡើយ​។

​លោក​បន្ថែមថា វិមាន​ក្រឹម​ឡាំង មិនអាច​ទទួលយកបាន​ទេ ហើយ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នឹង​បន្ត​នៅ​អ៊ុយ​ក្រែ​ន​។ លោក ប៉េ​ស្កូវ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​ប្រមុខ​សហព័ន្ធរុស្ស៊ី​តែងតែ ហើយ​នៅតែ​បើកចំហ​ចំពោះ​ការចរចា​ដើម្បី​ធានា​ផលប្រយោជន៍​របស់​យើង​»​។ ហើយ វិធី​ដែល​ល្អ​បំផុត​ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​របស់​រុស្ស៊ី លោក ប៉េ​ស្កូវ សំដៅថា​ធ្វើឡើង​តាមរយៈ​មធ្យោបាយ​ការទូត​ដោយ​សន្តិភាព​។​

​តែ​ទោះបីជា​បើកចំហ​ទ្វារ​ទៅកាន់​កិច្ចចរចា​ក៏ដោយ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ដដែល​នេះ បាន​គូសបញ្ជាក់ថា ការបដិសេធ​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្នុងការ​ទទួលស្គាល់ «​ទឹកដី​ថ្មី​» ជា​របស់​រុស្ស៊ី គឺជា​កត្តា​រាំងស្ទះ​មិនឱ្យ​ការសម្របសម្រួល​ណាមួយ​អាច​កើតមាន​។​

​គួរ​ជ្រាបថា រុស្ស៊ី​បាន​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​ប្រមាណ​ជាមួយ​ភាគ​ប្រាំ​។ ក្រុម​ប្រទេស​លោកខាងលិច និង​អ៊ុយ​ក្រែ​ន និយាយថា​ពួកគេ​មិនអាច​ទទួលយកបាន​សោះឡើយ​នូវ​ការបញ្ចូល​តំបន់​របស់​អ៊ុយ​ក្រែ​ន​ទៅជា​ដែនដី​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​នេះ​។

​គួរ​ជ្រាបថា សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន បាន​បណ្តាលឱ្យ​ទាហាន​រាប់ម៉ឺន​នាក់​ស្លាប់​ទាំងសងខាង និង​បង្កឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ដ៏​ខ្លាំង​បំផុត​រវាង​ទីក្រុង​មូ​ស្គូ និង​លោកខាងលិច ចាប់តាំងពី​វិបត្តិ​មី​ស៊ី​ល​គុយបា​ឆ្នាំ ១៩៦២​មក​៕

វីដេអូ៖