អង្គការសហប្រជាជាតិ (អ.ស.ប) បាន​ព្រមាន​ថា ចំនួន​ប្រជាជន​ដែល​នឹង​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​នៅ​ឆ្នាំ ២០២៣ បាន​កើនឡើង​ជិត ១/៤ ពី​ឆ្នាំ ២០២២ ដោយសារ​តែ​វិបត្តិ​អាកាសធាតុ​ សង្រ្គាម​នៅ​អ៊ុយក្រែន និង​វិបត្តិ ស្បៀង​អាហារ​ពិភពលោក។

អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ លោក Martin Griffiths បាន​លើក​ឡើង​នៅ​ពេល​ធ្វើ​បទ​បង្ហាញពី​របាយការណ៍​ស្ដីពី​ទិដ្ឋភាព​ទូទៅ​នៃ​មនុស្សធម៌​សកល (GHO) ថា មនុស្ស​ចំនួន ៣៣៩ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣ នឹង​រង​នូវ​ផល​ប៉ះពាល់ដោយសារ​តែ​ព្រឹត្តិការណ៍​របស់​ពិភពលោក​ធំៗ​ក្នុង​ឆ្នាំ ២០២២ ហើយ​ពួកគេ​នឹង​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ កាសែត ឌឹ ហ្កាដឌៀន កាល​ពី​ថ្ងៃទី១ ខែធ្នូ ដែល​គូស​បញ្ជាក់​សម្ដី​របស់ លោក Griffiths ថា ចំនួន​មនុស្ស​ត្រូវ​ការ​ជំនួយ​នេះ មាន​ការកើន​ឡើង ៦៥ លាន​នាក់​ពី​តួលេខ​ឆ្នាំ ២០២២។

ការ​ព្រមាន​នេះ​ធ្វើឡើង ខណៈ​ដែល​អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារ​ដៃគូ កំពុង​ស្នើសុំ​ម្ចាស់​ជំនួយ​ចំនួន ៥១,៥ ប៊ីលាន​ដុល្លារ ដើម្បី​ផ្តល់​មូលនិធិ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ។

សំណើ​ទឹកប្រាក់​ដ៏​ធំនេះ​ គឺជា​កំណត់ត្រា​ថ្មី និង​បង្ហាញ​ពី​ការ​កើនឡើង​ ២៥ ភាគរយ បើ​ធៀប​កាល​ពី​ដើម​ឆ្នាំ ២០២២។

គួរបញ្ជាក់ថា សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ពី​សំណាក់​រុស្ស៊ី បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់លាន​នាក់​ ធ្វើការ​ភៀសខ្លួន​និង​បំផ្លាញ​កន្លែង​ផ្ដល់​សេវាផ្នែក​សុខាភិបាល​ជា​មូលដ្ឋាន​នោះ បាន​ធ្វើ​ឱ្យ​វិបត្តិ​ស្បៀង​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​សម្រាប់​ប្រទេស​ជាច្រើន ដូចជា សូម៉ាលី អាហ្វហ្គានីស្ថាន និង យេម៉ែន ដែល​រងផល​ប៉ះពាល់ ដោយសារ​តែ​ជម្លោះ​ផ្ទៃក្នុង​និង​ការ​ឡើង​កម្ដៅ​នៃ​ពិភពលោក​រួច​ស្រាប់​ហើយ។ បន្ថែម​ពី​នោះ​ការប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឱ្យ​គ្រោះ​រាំងស្ងួត និង​ទឹកជំនន់​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ក៏​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​ប្រទេស​ផ្សេងៗ​​ទៀត​នៅ​ទូទាំង​ពិភពលោក​ផងដែរ ខណៈ​គ្រោះ​ទឹកជំនន់​នៅ ប៉ាគីស្ថាន អាច​លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ។

លោក Griffiths បាន​និយាយថា​ គ្មានអ្វី​គួរ​ឱ្យ​សង្ស័យ​ទេ​ថា វិបត្តិ​ទាំងអស់​នេះ​នឹង​បន្ត​ក្នុងឆ្នាំ ២០២៣។ លោក​បន្ថែម​ថា តួលេខ​នៃ​ចំនួន ៣៣៩ លាន នាក់ ឬ ១ ក្នុង​ចំណោម​មនុស្ស ២៣ នាក់ គឺ​ស្មើនឹង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​ទី៣ លើ​ពិភពលោក​បន្ទាប់​ពី​ចិន និង​ឥណ្ឌា ហើយ​វា​ជា​ចំនួន​ដ៏​សោកសៅ​បំផុត។

ចំនួន​ប្រទេស​ដែល​ព្យាករថា នឹង​ត្រូវ​ការ​ជំនួយ​មាន​រហូត​ដល់ ៦៨ ប្រទេស ប៉ុន្តែ​មាន​ប្រទេស​ចំនួន ១០ មាន​តម្រូវការ​ខ្ពស់​ជា​ខ្លាំង​ដែល​រួមមាន អាហ្វហ្គានីស្ថាន ស៊ីរី យេម៉ែន អ៊ុយក្រែន អេត្យូពី សាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ និង សូម៉ាលី។

អ.ស.ប. និង ដៃគូ​ចង់​ឱ្យ​ជំនួយ​ឈាន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវការ ២៣០ លាន​នាក់​ដោយ​សង្ឃឹម​ថា អង្គការ​ផ្សេងទៀត និង​ម្ចាស់​ជំនួយ ទ្វេ​ភាគី នឹង​ជួយ​ទៅ​លើ​មនុស្ស ១០៩ នាក់​ផ្សេងទៀត ដែល​ខ្លួន​ខ្វះ​លទ្ធភាព​ជួយ។ ប៉ុន្តែ​ការ​ផ្តល់​មូលនិធិ គឺជា​កង្វល់​ចម្បង​មួយ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅ​ឆ្នាំនេះ ទទួល​បាន​តែ ៤៤ ភាគរយ នៃ​ធនធាន​ដែល​ត្រូវការ​ប៉ុណ្ណោះ។

លោក Griffiths បាន​គូស​បញ្ជាក់​ថា បញ្ហា​នេះ​មិនមែន​ជា​កំហុស​របស់​ម្ចាស់​ជំនួយ​ដែល​កម្រិត​ការ​ចំណាយ​របស់​ខ្លួន​នោះ​ទេ​វា​ជា​លទ្ធផល​ដ៏ធំ​នៃ​វិបត្តិ​ចម្រុះ។

គួរគូស​បញ្ជាក់​ផងដែរ​ថា ក្នុង​របាយការណ៍ GHO អង្គការ​សហប្រជាជាតិ ព្រមាន​ថា មនុស្ស​យ៉ាង​ហោចណាស់ ២២២ លាន នាក់ នៅក្នុង​ប្រទេស​ចំនួន ៥៣ នឹង​ប្រឈម​មុខ​នឹង​អសន្តិ​សុខស្បៀង​យ៉ាង​ធ្ងន់ធ្ងរ ​នៅ​ចុងឆ្នាំនេះ​ហើយ​ប្រជាជន ៤៥ លាន នាក់ ក្នុង ៣៧​ប្រទេសប្រឈម​នឹង​ការ​ស្រេកឃ្លាន៕