ភាពស្រដៀង​គ្នា​ជាច្រើន រវាង​សង្គ្រាម​ត្រជាក់​សហរដ្ឋ​អាមេរិក​ជាមួយនឹង​សហភាព​សូវៀត និង​សង្គ្រាមត្រជាក់​ជាមួយ​ប្រទេស​ចិន។ យ៉ាងណា​ក៏ដោយ ភាពខុសគ្នា​ដ៏​សំខាន់​មួយ​នោះ​គឺ សហរដ្ឋ​អាមេរិក​មិន ដែលមាន​ទំនាក់ទំនង​សេដ្ឋ កិច្ច​ស៊ីជម្រៅ​ជាមួយ​សហភាព​សូវៀត​នោះទេ ផ្ទុយទៅវិញ ប្រទេស​ចិន គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​លំដាប់​ទី​៣ របស់​អាមេរិក និង​ជា​ប្រភព​នាំចូល​ដ៏​ធំ​បំផុត ក្នុង​ឆ្នាំ​២០២០។

ប្រទេស​ចិន​ជា​ប្រទេស ដែល​ផលិត និង​ផ្គត់ផ្គង់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone ទៅកាន់​បណ្ដា​ប្រទេស​ស្ទើរ​ពាក់​កណ្តាល​ពិភព លោក ប៉ុន្តែ​សប្តាហ៍​នេះ​កំណើន​សេដ្ឋកិច្ច​របស់​ចិន មានការ​ធ្លាក់ចុះ ដោយសារតែ​គោល​នយោបាយ​បិទ​ខ្ទប់​ពី​ការ​រាត ត្បាត​ជំងឺ​កូវីដ​១៩ និង​ការធ្វើ​បាតុកម្ម​តវ៉ា ហើយ​ក៏បាន​នាំឱ្យមាន​ផល​ជះដល់​ទី​ផ្សារ​ហ៊ុន​អាមេរិក ដែល​ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​យ៉ាងគំហុក។

ទីក្រុង​វ៉ាស៊ីនតោន ត្រូវតែ​ដើរ​លើផ្លូវ ដោយ​ការប្រុងប្រយ័ត្ន ក្នុងការ​ប្រឈមមុខ​ជាមួយ​ទីក្រុង​ប៉េកាំង គឺ​ត្រូវ​ធានា​ថា បច្ចេក​វិទ្យា​របស់​ខ្លួន នឹង​មិន​ត្រូវ​ក្លាយជា​ឧបករណ៍​ជំនួយ​ដល់​យោធា​ចិន​នោះទេ ហើយ​ត្រូវ​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផ្នែក​សំខាន់ៗ ដូចជា​វត្ថុ​ពាក់​កណ្ដាល​ចម្លង (Semiconductor) ជាដើម។ លើសពីនេះ អាមេរិក​មិនគួរ​សង់​ជញ្ជាំង​រារាំង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន​នោះទេ។ បើទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ភាព​តានតឹង​ក៏ ដោយ ប៉ុន្តែ​ការធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ចិន ត្រូវតែ​បន្តទៅ​មុខជា​និច្ច។

ការស្វែង​រក​តុល្យភាព​ឱ្យ​បាន​ត្រឹមត្រូវ រវាង«ការ​ប្រឈមមុខ​ដាក់គ្នា» និង​«កិច្ច​សហ​ប្រតិបត្តិការ» ជាមួយ​ប្រទេស​ចិន គឺ​ពិបាក​ជាង​ការ​អនុវត្ត​គោល​នយោបាយ​រាំងខ្ទប់​ឥទ្ធិពល​សហភាព​សូវៀត​ទៅទៀត។ បច្ចុប្បន្ននេះ រដ្ឋបាល​លោក បៃដិន កំពុង​ព្យាយាម​ស្វែងរក​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ចិន។ យើង​សង្កេតឃើញ​ថា អាមេរិក​ប្រើប្រាស់ បានល្អ​នូវ​វិធីសាស្ត្រ​សំខាន់ៗ​ចំនួន​២ និង​មិន​បានល្អ​ចំនួន​មួយ។

យុទ្ធសាស្ត្រ​ដ៏​ឈ្លាសវៃ​បំផុត ដែល​សភា​អាមេរិក​បាន​បង្កើតឡើង ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ចិន គឺ​ការអនុម័ត​ច្បាប់​ស្ដីពី​វិទ្យាសាស្ត្រ និង​បន្ទះ​ឈីប (Chips and Science Act) កាលពី​ខែសីហា។ ច្បាប់​ថ្មី​នេះ​ នឹង​ដាក់ចេញ​នូវ​ថវិកា​ចំនួន ២៨០​ប៊ី​លាន​ដុល្លារ ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​របស់​សហ​រដ្ឋ​អាមេរិក។ គោលដៅ​មួយ​ដ៏​សំខាន់​នៃ​ច្បាប់​នេះ គឺ​ការជំរុញ​ការផលិត​វត្ថុ​ពាក់​កណ្ដាល​ចម្លង នៅ​ក្នុង​ស្រុក ព្រោះ​សព្វថ្ងៃ​នេះ សហ​រដ្ឋ​អាមេរិក អាច​ផលិត​បាន​ត្រឹមតែ ១២% នៃ​បន្ទះ​មីក្រូ​ឈីប នៅលើ​ពិភពលោក​បើ​ធៀប​នឹង​ទសវត្សរ៍​ឆ្នាំ​១៩៩០ អាមេរិក​អាច​ផលិត​បាន ៣៧%។ ច្បាប់​នេះ​អាចជួយ​ឱ្យ​សហរដ្ឋ​អាមេរិក​ប្រកួតប្រជែង​ជាមួយ​កោះ​តៃវ៉ាន់ ដែលជា​កោះ​ផលិត​វត្ថុ​ពាក់កណ្ដាល​ចម្លង​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក។

យ៉ាង​ក៏ដោយ គេ​សង្កេតឃើញ​ថា នៅតែមាន​ហានិភ័យ​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ឧស្សាហ​កម្ម​មួយ​នេះ។

ឧទាហរណ៍ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​រដ្ឋាភិបាល​គាំទ្រ​ក្រុមហ៊ុន ឬ​បច្ចេកវិទ្យា​ខុស? ប៉ុន្តែ​ក្នុងករណីនេះ សហរដ្ឋ​អាមេរិក គ្មាន​ជម្រើស​ផ្សេងទៀត ដើម្បី​ធានា​នូវ​សន្តិសុខ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើយ។ កាលពី​ខែតុលា លោក បៃដិន បាន​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​ហាមឃាត់​ការនាំចេញ​បច្ចេក​វិទ្យា​ផលិត​បន្ទះ​ឈីប​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​ចិន ដែល​នេះ​វា​បង្ហាញឱ្យ​ឃើញ​ថា លោក បៃដិន កំពុង​ឈាន​ជើង​ចូល​លេង​ល្បែង​ពាណិជ្ជ​កម្ម​ជាមួយ​ចិន។

ការធ្វើ​បែបនេះ ដោយសារតែ​អាមេរិក​ជឿថា បច្ចេកវិទ្យា​ទំនើប ដែល​ពលរដ្ឋ​អាមេរិក​កំពុង​ប្រើប្រាស់​នោះ ជា​អាវុធ​បច្ចេកវិទ្យា​របស់​ចិន ប៉ុន្តែ​ការទប់ស្កាត់​បច្ចេកវិទ្យា​ទាំងនោះ​ពី​ការហូរចូល​ហាក់​មិនអាច​ធ្វើ​ទៅរួច​នោះទេ ដូច្នេះ​ក៏​មិនអាច​ហាម​ការ​ប្រើប្រាស់​នេះ ក្នុង​គោល​បំណង​យោធា​នោះដែរ។ រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី បាន​ពិពណ៌នា​បទបញ្ជា​ប្រតិបត្តិ​របស់លោក ចូ បៃដិន នេះ​ថា ជាការ​ប្រកាស​សង្គ្រាម​បច្ចេកវិទ្យា ហើយ​វា គឺជា​សង្គ្រាម​ឯកតោភាគី។

សហរដ្ឋ​អាមេរិក​ធ្លាប់​សង្ឃឹម​ថា សម្ព័ន្ធមិត្ត​អន្តរជាតិ នឹងមិន​ផ្គត់ផ្គង់​បន្ទះ​ឈីប​ទំនើបៗ​ទៅកាន់​ចិន​នោះទេ ប៉ុន្តែ​តួអង្គ​សំខាន់ៗ នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ធំៗ រួមមាន​ប្រទេស​ហូឡង់ និង​ជប៉ុន បាន​រក្សា​សិទ្ធិ​មិន​ធ្វើតាម​វិធីសាស្ត្រ​របស់​អាមេរិក​ឡើយ។ ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក អាច​នឹងមាន​ប្រតិកម្ម​អាក្រក់​ត្រឡប់មកវិញ ប្រសិនបើ​វា​នាំឱ្យមាន​ភាព​តានតឹង​មិន​ត្រឹមតែ​ជាមួយ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ផងដែរ។

ប្រទេស​ចិន​អាច​អភិវឌ្ឍ​សមត្ថភាព ក្នុងការ​ផលិត​មីក្រូ​ឈីប​កម្រិត​ខ្ពស់ បាន​លឿន ប្រសិនបើ​ខ្លួន​ទទួល​បាន​ជំនួយ​ពី​បណ្ដា​ក្រុមហ៊ុន​បរទេស។ ដើម្បីឱ្យ​សម្ព័ន្ធមិត្ត​ព្រម​ដើរ​ទន្ទឹម​នឹង​ការ​រឹតបន្តឹង​របស់​សហ​រដ្ឋ​អាមេរិក ប្រធានា​ធិបតី បៃដិន ត្រូវតែ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​ទាំងអស់​នោះ ឃើញថា លោក​មាន​ចេតនា​រាំងខ្ទប់​តែ​ការ​គំរាមកំហែង​ផ្នែក​យោធា​របស់​ប្រទេស​ចិន​ប៉ុណ្ណោះ មិនមែន​សេដ្ឋកិច្ច​របស់​ចិន​នោះទេ។

ក្នុង​ឆ្នាំ​២០១៨ ប្រធានា​ធិបតី ដូណាល់​ត្រាំ បាន​ដំឡើង​ពន្ធ​នាំចូល​ពី​ចិន​រហូត​ដល់ ២៥​ភាគរយ​ទៅលើ​ទំនិញ ២/៣ នៃ​ការ​នាំចូល​សរុប ៣៣៥​ប៊ី​លាន​ដុល្លារ​អាមេរិក។ យុទ្ធសាស្ត្រ​នេះ​បាន​បរាជ័យ ដោយ​បណ្ដាលឱ្យ​អតិផរណា​កើនឡើង ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​អាមេរិក កាត់បន្ថយ​ការនាំចេញ​កសិផល បរាជ័យ​ក្នុងការ​បង្កើន​ការងារ​ផលិតកម្ម​និង​ជះឥទ្ធិពល​តិចតួច​លើ​ឱនភាព​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន។

ការសិក្សា​មួយ​បាន​ប៉ាន់ប្រមាណ​ថា អំឡុង​ពេលនោះ ពលរដ្ឋ​អាមេរិក​បាន​បាត់បង់​ការងារ​ធ្វើ​ប្រមាណ​ជា ២៤៥ ០០០​នាក់ ប៉ុន្តែ​លោក បៃដិន បាន​បដិសេធ​មិន​លុបចោល​យន្តការ​របស់លោក ត្រាំ នោះទេ​ដោយ​លោក​ចង់​ឱ្យគេ​មើលឃើញ​ថា លោក​ជា​អ្នកការពារ​វណ្ណៈ​កណ្តាល ហើយ​មិន​ចង់​ឱ្យគេ​មើលឃើញ​ថា លោក​មាន​ភាព​ទន់ខ្សោយ​ជាមួយ​ប្រទេស​ចិន​នោះទេ។

ការ​ឱបក្រសោប​នូវ​ផ្នត់គំនិត​គាំពារ​និយម​របស់លោក បៃដិន បាន​រារាំង​លោក​ពី​ការចូលរួម ក្នុង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឡើងវិញ ដែល​វា​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ក្នុងចំណោម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ១២ ប្រទេស។

សូម​រំឭក​ថា កិច្ចព្រមព្រៀង​នេះ​ធ្លាប់​ត្រូវបាន​ចរចា​ចូលរួម កាលពី​រដ្ឋការ​លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែ​ក៏ត្រូវ​លោក ដូណាល់ ត្រាំ​ដកខ្លួន​ចេញ ដោយ​មិន​សម​ហេតុផល​ជាទីបំផុត។ ផ្ទុយទៅវិញ លោក បៃដិន បានចាប់ផ្តើម​គម្រោង​ស្រដៀង​គ្នា​មួយ ដែល​គ្មាន​ប្រសិទ្ធភាព​សោះឡើយ នោះ​គឺ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) ដែល​នឹងត្រូវ​បរាជ័យ​នា​ពេលខាងមុខ ព្រោះ​វា​មិនបាន​ផ្តល់នូវ​ការពង្រីក​ទីផ្សារ​សហរដ្ឋ​អាមេរិក​នោះទេ។

ទន្ទឹមនឹងនេះ លោក បៃដិន ក៏​ទើបតែ​បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ព្រាងច្បាប់​មួយ ដែលមាន​លក្ខណៈ​គាំពារ​និយម។ ការធ្វើ​បែបនេះ បានធ្វើឱ្យ​ប្រទេស​សម្ព័ន្ធមិត្ត​មាន​ភាព​អាក់អន់ស្រពន់​ចិត្ត និង​កាន់តែ​ពិបាក​ក្នុងការ​រួមគ្នា​ប្រឆាំង​នឹង​ប្រទេស​ចិន។ សេចក្ដី​ព្រាងច្បាប់​នោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ច្បាប់​ស្ដីពី​ការកាត់បន្ថយ​អតិផរណា (Inflation Reduction Act) ដែលជា​ការផ្ដល់​ឥណទាន​ពន្ធ​ចំនួន ៧ ៥០០​ដុល្លារ ក្នុង​ការយកទៅ​ទិញ​រថយន្ត​អគ្គិសនី ដែល​ដំឡើង​រួចហើយ នៅ​អាមេរិក​ខាងជើង។ ដូច្នេះហើយ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េខាងត្បូង ជប៉ុន និង​អាល្លឺម៉ង់ មានការ​ខឹងសម្បា ដោយ​ពួកគេ​ដឹង​យ៉ាងច្បាស់​ថា នឹង​ធ្លាក់ចុះ​កំណើន​នៃ​ការលក់​របស់​ខ្លួន។

ទោះយ៉ាងណា សហរដ្ឋ​អាមេរិក​មិនមាន​ការប្រឆាំង​ដោយ​បើកចំហរ ចំពោះ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុង​តំបន់ (RCEP) ដែល​ប្រទេស​ចិន​បាន​ចូលរួម​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ចំនួន ១៤​ផ្សេងទៀត ក្នុងនោះ​ក៏មាន​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ ដូចជា​កូរ៉េខាងត្បូង ជប៉ុន និង​អូស្ត្រាលី​ជាដើម។ នៅក្នុង​ការប្រកួត​ប្រជែង​ពង្រីក​ពាណិជ្ជ​កម្មនេះ យើង​សង្កេត​ឃើញ​ថា វា​មាន​ភាពខុសគ្នា​តិចតួច​ប៉ុណ្ណោះ រវាង​លោក ដូណាល់ ត្រាំ និង​លោក ចូ បៃដិន។

គោលជំហរ​របស់​គណ​បក្ស​ទាំង​២ គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​វិញ មានការ​យល់ស្រប​គ្នា​ថា ការធ្វើ​ពាណិជ្ជកម្ម ដោយ​សេរី ជាពិសេស​ជាមួយ​ប្រទេស​ចិន ធ្វើឱ្យ​អាមេរិក​ខាតបង់​ការងារ​ជាច្រើន ប៉ុន្តែ​ដូចដែល​បាន​សង្ខេប នៅក្នុង​អក្សរសិល្ប៍​សេដ្ឋកិច្ច​សាកល​វិទ្យាល័យ​ហាវើដ (Harvard Business Review) ថា «រដ្ឋ​មួយ​ចំនួន នៅ​សហរដ្ឋ​អាមេរិក បាន​បាត់បង់​ការងារ​ផ្នែក​ផលិតកម្ម ដោយសារ​លទ្ធផល​នៃ​ការធ្វើ​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ចិន​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ប៉ុន្តែ​និន្នាការ​នោះ ត្រូវ​បានបញ្ចប់​ហើយ»។

ជាងនេះទៅទៀត សូម្បីតែ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ក៏មាន​ភ័ស្តុតាង ដែល​បង្ហាញថា ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​បាន​បង្កើន​ការងារ​ជាពិសេស​បង្កើត​ការងារថ្មីៗ ក្នុង​វិស័យ​សេវាកម្ម។

សរុប​ជារួម លោក បៃដិន បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក និង​កំណត់​ការ​នាំចេញ​បន្ទះ​ឈីប​ទំនើប​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​លោក​កំពុង​បង្កើត​កំហុស​ដ៏​ធំ​មួយ ដោយ​មិន​ខ្វាយខ្វល់​ពី​រឿង​ពាណិជ្ជកម្ម​សេរី​ទៅវិញ។ ប្រទេស​ចិន​កំពុង​សម្លឹង​រកមើល​ការពង្រីក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់ខ្លួន ហើយ​អាមេរិក​ក៏​គួរតែ​ធ្វើ​ដូចគ្នា ជាជាង​នៅ​ស្ងៀម​ឥតប្រយោជន៍។ ប្រសិនបើ​អាមេរិក​ត្រូវ​ជាប់គាំង​ក្នុងការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ចិន អាមេរិក​ត្រូវតែ​លេង ដោយ​ប្រើ​យុទ្ធសាស្ត្រ​វាយលុក និង​ការពារ​ក្នុងពេល​តែមួយ៕

វីដេអូ៖