
ក្រុមអ្នកជួយសង្គ្រោះ កំពុងជួសជុលបំពង់ឧស្ម័នរបស់អគារលំនៅឋាន ដែលរងការខូចខាត ដោយការវាយប្រហារ ដោយមីស៊ីល នៅភូមិ Kluhyno-Bashkyrivka ក្នុងតំបន់ Kharkiv កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។ AFP
ការវាយប្រហារជាញឹកញាប់ និងទ្រង់ទ្រាយធំពីសំណាក់កងទ័ពរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ជាពិសេសបណ្ដាញថាមពល បានធ្វើឱ្យប្រជាជនស៊ីវិលរាប់លាននាក់រស់នៅដោយគ្មានភ្លើង ដើម្បីកម្ដៅ និងបំភ្លឺ ហើយនិងទឹកប្រើប្រាស់ ខណៈរដូវរងាក៏ឈានចូលមកដល់ ហើយសីតុណ្ហភាពចាប់ផ្ដើមធ្លាក់ចុះក្រោមសូន្យ។
រូបភាពបែបនេះ ត្រូវបានអ្នកនយោបាយ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងបស្ចិមលោក បានពិពណ៌នាថា រុស្ស៊ីកំពុងបង្កស្ថានភាពសង្គ្រាមដ៏វេទនា និងធំបំផុតមួយ ដែលជនស៊ីវិលអឺរ៉ុបមិនធ្លាប់ជួបប្រទះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពិតណាស់ សកម្មភាពយោធារបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនថ្កោលទោសថា ជាឧក្រិដ្ឋកម្មសង្គ្រាម ហើយថា ក្រុងម៉ូស្គូ កំពុងព្យាយាមយករដូវរងាធ្វើជាអាវុធ ក្នុងជម្លោះ ដែលខ្លួនចាញ់ប្រៀប ចាប់តាំងពីដើមខែកញ្ញា ពោលគឺបន្ទាប់ពីក្រុងកៀវ ចាប់ផ្ដើមប្រតិបត្តិការវាយបក។
ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដែលរុស្ស៊ីប្រើជាយុទ្ធសាស្ត្រថ្មី និងអនុវត្តយ៉ាងញឹកញាប់ ចាប់តាំងពីខែតុលា រហូតមកទល់ពេលនេះ បានបង្ហាញពីការពួតដៃគ្នាកាន់តែខ្លាំងរបស់លោកខាងលិច ក្នុងការបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន និងបន្ថែមមន្ទិលសង្ស័យជុំវិញរយៈពេលដែលសង្គ្រាមនឹងបន្តអូសបន្លាយយ៉ាងរ៉ាំរ៉ៃ បើទោះបីជាអ្នកវិភាគមួយចំនួន លើកឡើងថា វាជាយុទ្ធសាស្ត្ររបស់ក្រុងម៉ូស្គូ ក្នុងការដាក់សម្ពាធឱ្យក្រុងកៀវចរចាក្ដី។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ កាលពីថ្ងៃសុក្រទី ២ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា ការវាយប្រហាររបស់ទីក្រុងម៉ូស្គូលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន គឺមិនអាចចៀសរួច ដើម្បីឆ្លើយតបនឹងការបង្កហេតុរបស់ក្រុងកៀវ ដោយលោកសំដៅលើការបំផ្ទុះស្ពានឆ្លងទៅឧបទ្វីបគ្រីមា ក្នុងខែតុលា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
មកទល់ពេលនេះ សង្គ្រាមឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី បានអូសបន្លាយអស់រយៈពេលជិត ១០ ខែហើយ ហើយបើយោងតាមទិន្នន័យផ្លូវការពីអង្គការសហប្រជាជាតិគិតត្រឹមចុងខែវិច្ឆិកា សង្គ្រាមនេះបានសម្លាប់ជីវិតជនស៊ីវិលប្រមាណជាង ៦ ៦០០ នាក់ ដែលក្នុងនោះមានក្មេងៗជាង ៤០០ នាក់។
តែយ៉ាងណាក្ដី រុស្ស៊ីតែងតែទទូចបង្ហាញពីភាពស្អាតស្អំដដែលៗថា រាល់ប្រតិបត្តិការយោធារបស់ខ្លួនធ្វើឡើង ដោយមិនកំណត់គោលដៅលើជនស៊ីវិលនោះទេ ហើយក៏បានអះអាងផងដែរថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់កងទ័ពរុស្ស៊ី ធ្វើឡើងលើតែប្រព័ន្ធបញ្ជាការយោធាអ៊ុយក្រែន និងកន្លែងថាមពលពាក់ព័ន្ធប៉ុណ្ណោះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា រលកនៃការផ្លោងមីស៊ីលរាប់រយគ្រាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ធ្វើឡើងក្នុងបំណងបង្អង់ការដឹកជញ្ជូនការផ្គត់ផ្គង់សព្វាវុធពីលោកខាងលិចឱ្យក្រុងកៀវ។
ប៉ុន្តែការអះអាងនេះ ផ្ទុយគ្នាយ៉ាងឆ្ងាយពីអ្វី ដែលអ៊ុយក្រែន កំពុងជួបប្រទះ ជាពិសេស គឺមនុស្សរាប់លាននាក់ គ្មានអគ្គិសនីគ្រប់គ្រាន់។ បើតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ការវាយប្រហាររបស់រុស្ស៊ី នៅក្នុងខែវិច្ឆិកាកន្លងទៅ បានកាត់ផ្ដាច់បណ្ដាញថាមពលរបស់អ៊ុយក្រែនប្រហែលពាក់កណ្ដាល និងធ្វើឱ្យប្រជាជនជាង ១០ លាននាក់ គ្មានភ្លើងប្រើប្រាស់ ហើយខណៈដែលរដូវរងាកាន់តែត្រជាក់ខ្លាំងឡើងៗ លោក ហ្សេឡេនស្គី បានអះអាងថា ប្រជាជនអ៊ុយក្រែនជាង ៦ លាននាក់ នៅតែប្រឈមនឹងបញ្ហានេះនៅឡើយ។
អ្នកជំនាញ និងរដ្ឋាភិបាលលោកខាងលិចផ្សេងៗ បានបង្ហាញទស្សនៈថា ការវាយប្រហាររបស់រុស្ស៊ី ដែលធ្វើឱ្យប្រជាជនស៊ីវិលរាប់លាននាក់គ្មានភ្លើងប្រើប្រាស់ ក្នុងរដូវរងានាពេលនេះ គឺជាយុទ្ធសាស្ត្របំបាក់ស្មារតី និងបំភ័យប្រជាជនអ៊ុយក្រែន។
ចក្រភពអង់គ្លេស បានលើកឡើង ថា ការវាយប្រហារទំនងជាផ្នែក ១ នៃយុទ្ធសាស្ត្រ ដែលរុស្ស៊ីប្រើនៅក្នុងជម្លោះមុនៗ ដើម្បីបំបាក់ស្មារតីប្រជាជន ហើយបង្ខំឱ្យមេដឹកនាំទាល់ច្រក។ ប៉ុន្តែដោយមិនបានប្រើយុទ្ធសាស្ត្រនេះពីដំណាក់កាលដំបូង វាក៏មិនសូវមានប្រសិទ្ធភាព ដោយសារអ៊ុយក្រែន ដែលបន្តទទួលជំនួយសព្វាវុធ មនុស្សធម៌ និងការទូតពីលោកខាងលិច នៅតាំងចិត្តបន្តប្រយុទ្ធ។
យ៉ាងណាមិញ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើឱ្យវិបត្តិមនុស្សធម៌ទាំងក្នុង និងក្រៅស្រុកកាន់តែធ្ងន់ធ្ងរទៅៗ ហើយអ្វីដែលមន្ត្រីក្រុងកៀវអំពាវនាវនៅពេលនេះ គឺជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន មិនថា សព្វាវុធទំនើបៗ ឬតម្រូវការផ្សេងៗទៀត ដូចជាម៉ាស៊ីនភ្លើងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនថែមទាំងព្រមានពីការបន្តវាយប្រហាររបស់រុស្ស៊ី ដែលនឹងធ្វើឱ្យកង្វះភ្លើងរបស់អ៊ុយក្រែនបន្តអូសបន្លាយរយៈពេលយូរ ទោះបីជាអ្នកបច្ចេកទេសខំប្រឹងតបណ្ដាញភ្លើងមកវិញតាមលទ្ធភាពក៏ដោយ។
កាលពីពាក់កណ្ដាលខែវិច្ឆិកា វិមានក្រឹមឡាំង បានលើកឡើងថា មូលហេតុដែលជនស៊ីវិលអ៊ុយក្រែនត្រូវប្រឈមនឹងការដាច់ភ្លើង គឺដោយសារតែប្រទេសនេះបដិសេធ ក្នុងការចរចាជាមួយរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានថ្លែងថា៖ «ការគ្មានឆន្ទៈរបស់ភាគីអ៊ុយក្រែន ក្នុងការដោះស្រាយបញ្ហា ឬចាប់ផ្តើមការចរចា និងការបដិសេធរកដំណោះស្រាយរួម បង្កជាផលវិបាកនេះ (ការដាច់ភ្លើង) ដល់ពួកគេ»។
ការលើកឡើងនេះ ហាក់ដូចជារុស្ស៊ីចង់បង្ហើបថា ខ្លួនចង់ឱ្យអ៊ុយក្រែនចូលតុចរចាបញ្ចប់ជម្លោះ ប៉ុន្តែវាពិបាកនឹងទៅរួចព្រោះភាគីទាំង ២ មានលក្ខខណ្ឌរៀងៗខ្លួន ដែលមានលក្ខណៈផ្ទុយគ្នាស្រឡះ។ កាលពីថ្ងៃសុក្រ វិមានក្រឹមឡាំង បានចង្អុលបង្ហាញថា ខ្លួនគ្មានចំណាប់អារម្មណ៍ សម្រាប់កិច្ចពិភាក្សាពីអ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើកឡើងថា លោកសុខចិត្តអង្គុយជាមួយលោកពូទីន ប្រសិនមេដឹកនាំរុស្ស៊ី ចង់បញ្ចប់ការប្រយុទ្ធគ្នានេះ។
ប្រតិកម្មទៅលោក បៃដិន លោក ប៉េស្កូវ នៃវិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក (បៃដិន) បាននិយាយថា ការចរចាអាចធ្វើទៅបាន លុះត្រាតែលោក ពូទីន ដកខ្លួនចេញពីអ៊ុយក្រែន។ ប្រតិបត្តិការយោធាពិសេសនៅតែបន្ត ព្រោះក្រុងម៉ូស្គូមិនអាចទទួលយកលក្ខខណ្ឌនេះបានទេ»។
គួរបញ្ជាក់ថា ក្នុងជំនួបជាមួយសមភាគីបារាំង លោកប្រធានាធិបតី អេម៉ាណូអែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានលើកឡើងថា រុស្ស៊ីត្រូវតែចេញពីអ៊ុយក្រែន។ ការទាមទារឱ្យកងទ័ពរុស្ស៊ី ត្រូវដកចេញពីអ៊ុយក្រែនទាំងអស់នេះ គឺជាជំហរដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងកៀវ ក្នុងការបន្តប្រយុទ្ធ ដែលមេដឹកនាំនៃសម្ព័ន្ធមិត្តបស្ចិមលោកតែងនិយាយ នៅពេលត្រូវសួរពីដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះ។
បន្ថែមពីការបញ្ជាក់ជាថ្មីពីជំហរថ្កោលទោសរុស្ស៊ី ចំពោះការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលអ៊ុយក្រែន លោក ម៉ាក្រុង ថ្លែងនៅពេលឈរធ្វើសន្និសីទកាសែតជាមួយលោក បៃដិន ថា នៅពេលអ៊ុយក្រែនកំណត់លក្ខខណ្ឌ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរួចរាល់ លោកសុខចិត្តទៅនិយាយផ្ទាល់ជាមួយលោក ពូទីន ជាថ្មី។
គួរបញ្ជាក់ថា ជំនួយយោធា គឺជាចំណុចចម្រូងចម្រាសគ្នាដ៏ធំ រវាងលោកខាងលិច និងរុស្ស៊ី ជុំវិញការអូសបន្លាយនៃសង្គ្រាម។ ប៉ុន្តែការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន បានបង្ហាញពីការសាមគ្គីគ្នាកាន់តែខ្លាំង ក្នុងប្លុកណាតូ លើជំនួយ ដើម្បីឱ្យក្រុងកៀវ «ការពារ និងរំដោះខ្លួន» ប្រឆាំងនឹងរុស្ស៊ី។ រាប់តាំងពីរុស្ស៊ី ចាប់ផ្ដើមឈ្លានពាននៅចុងខែកុម្ភៈ លោកខាងលិចបានផ្ដល់ជំនួយយោធាយ៉ាងមហាសាល រួមមានសព្វាវុធធុនធ្ងន់ ស្រាល និងទំនើប រួមទាំងការបង្វឹកបង្ហាត់កងទ័ពអ៊ុយក្រែនជាដើម។
យ៉ាងណាក៏ដោយ អ្នកវិភាគបានមើលឃើញថា ការចរចាសន្តិភាពនឹងមិនងាយសម្រេចបានឆាប់ៗនោះទេ ដោយសារតែមានឱកាសតិចតួច ហើយនោះមានន័យថា រដូវរងាដ៏វេទនា នឹងបន្តមានសម្រាប់ប្រជាជនអ៊ុយក្រែន ហើយតម្រូវការសម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏នឹងកាន់តែកើនឡើងខ្លាំងឡើងៗតាមនោះដែរ៕
វីដេអូ៖