
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ AFP
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា គ្មានហេតុផលអីដែលគួរភ័យស្លន់ស្លោចំពោះការកាត់ផ្តាច់ចរន្តអគ្គិសនីដែលអាចកើតឡើងនារដូវរងានេះនោះទេ។ ប៉ុន្តែទន្ទឹមនេះ លោកបានអំពាវនាវឱ្យពលរដ្ឋបារាំងប្រើប្រាស់ថាមពលសន្សំសំចៃជាងមុន និងស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីបារាំង (EDF) ចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញដើម្បីការពារការដាច់ភ្លើងក្នុងករណីអាកាសធាតុត្រជាក់។
នៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍បារាំងTF1លោកប្រមុខរដ្ឋបារាំងម៉ាក្រុង បានបដិសេធថា ហា និភ័យនៃការកាត់ផ្តាច់ចរន្តអគ្គិសនី គឺមិនមែនមកពីការគ្រប់គ្រងមិនបានល្អនូវកម្មវិធីដំណើរការឡើងវិញនៃម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែររបស់ក្រុមហ៊ុន EDFឡើយ។
លោកម៉ាក្រុងនិយាយថា៖ «ជាដំបូងសូមឱ្យ យើងយល់ច្បាស់កុំភ័យស្លន់ស្លោ! វាជារឿងស្របច្បាប់សម្រាប់រដ្ឋាភិបាលក្នុងការរៀបចំទុកជាមុនក្នុងករណីធ្ងន់ធ្ងរដែលមានន័យថា នឹងមានការកាត់ផ្តាច់ចរន្តអគ្គិសនី ២-៣ម៉ោងក្នុង១ថ្ងៃប្រសិនបើយើងមិនមានថាមពលគ្រប់គ្រាន់»។
ទាក់ទងរឿងនេះដែរប្រធានប្រតិបត្តិករបណ្តាញអគ្គិសនីបារាំងRTEបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសបារាំងអាចនឹងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីខ្លះនៅរដូវរងានេះហើយរដ្ឋាភិបាល បានចាប់ផ្តើមណែនាំអាជ្ញាធរមូលដ្ឋានអំពីវិធីដោះស្រាយចំពោះការដាច់ភ្លើងណាមួយដែលអាចកើតឡើង។
គួរជ្រាបថាក្រុមហ៊ុនEDF បាននិងកំពុងប្រឈមមុខនឹងការបិទដំណើរការនៃបណ្តារ៉េអាក់ទ័រនុយក្លេអ៊ែរជាច្រើនដែលមិនធ្លាប់មានពីមុនមកដោយត្រូវកាត់បន្ថយការផលិតអគ្គិសនីដល់កម្រិតទាបក្នុងរយៈពេល៣០ឆ្នាំនៅជួនចំពេលដែលអឺរ៉ុបកំពុងស្វែងរកថាមពលដើម្បីជំនួសការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។រុស្ស៊ីដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប ដើម្បីជាការសងសឹកចំពោះទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលបានដាក់លើរុស្ស៊ី ដែលបានផ្តើមឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕
វីដេអូ៖