សហរដ្ឋ​អាមេរិក និង​រុស្ស៊ី បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅ​មក​ថា គ្មាន​បំណង​ជំរុញ​ឱ្យ​មាន​កិច្ចចរចា​សន្តិភាព ជុំវិញ​បញ្ហា​សង្គ្រាម នៅ​អ៊ុយក្រែន។ គួរ​ដឹង​ដែរ​ថា ក្នុង​កិច្ច​ប្រជុំ នៅឯ​អង្គការ​សហ​ប្រជាជាតិ (UN) ការ​អំពាវនាវ​ឱ្យ​បង្កើត​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ និង​ដោះស្រាយ តាម​ផ្លូវ​ការទូត តែងតែ​ត្រូវបាន​ស្នើឡើង ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ឈ្លានពាន ដោយ​រុស្ស៊ី​អស់​រយៈពេល ៩​ខែ​មក​ហើយ។

ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ នៅ UN លោក Vassily Nebenzia បាន​ប្រាប់​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​មនុស្សធម៌ នៅ​អ៊ុយក្រែន​ថា ទីក្រុង​ម៉ូស្គូ បាន​កត់សម្គាល់​ឃើញ​មានការ​ចាប់អារម្មណ៍​ក្នុង​ដំណោះ​ស្រាយ​តាមផ្លូវ​ការទូត ពី​សំណាក់​បណ្ដា​រដ្ឋ​សមាជិក UN ជាច្រើន។

លោក​បាន​លើកឡើង​ថា​៖ «យើង​កំពុង​មាន​ប្រតិកម្ម​ខ្លាំងៗ​លើ​បញ្ហា​នេះ។ យើង​សូម​បញ្ជាក់​ពី​ឆន្ទៈ​របស់​យើង ក្នុង​ការចូល​តុ​ចរចា»។ ប៉ុន្តែ​លោក​នៅតែ​បញ្ជាក់​ពី​គោល​បំណង​ថា រុស្ស៊ី​ចង់​លុបបំបាត់​មូលហេតុ និង​ឫសគល់ ដែល​បង្ខំ​ឱ្យ​រុស្ស៊ី ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ពិសេស​របស់ខ្លួន។

ទីក្រុង​ម៉ូស្គូ ធ្លាប់​បាន​លើកឡើង​ថា បេសក​កម្ម​របស់ខ្លួន គឺ​ដើម្បី​ដកហូត​អាវុធ នៅ​អ៊ុយក្រែន ដើម្បី​កុំឱ្យ​វា​ក្លាយ​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​រុស្ស៊ី និង​លុប​បំបាត់​លទ្ធិ​ណាហ្ស៊ី​និយម តាមរយៈ​ការ​ទម្លាក់​មេដឹកនាំ ដែល​រុស្ស៊ី​ចាត់ទុក​ថា ជា​អ្នក​ជាតិ​និយម។ បណ្តា​ប្រទេស​លោកខាងលិច​ជឿថា គោល​បំណង​ពិត​របស់​រុស្ស៊ី គឺ​ចង់​កម្ចាត់​យោធា​អ៊ុយក្រែន និង​ផ្តួលរំលំ​រដ្ឋា​ភិបាល​ដែល​គាំទ្រ​លោក​ខាងលិច។

ឯក​អគ្គ​រដ្ឋទូត​អ៊ុយក្រែន​ប្រចាំនៅ UN លោក Sergiy Kyslytsya បាន​លើកឡើង​ថា​៖ «អ៊ុយក្រែន​ត្រូវការ​សន្តិភាព ហើយ​អ៊ុយក្រែន ចង់​បាន​សន្តិភាព​ច្រើន​ជាង​ប្រទេស​ដទៃ​ទៅទៀត។ វា​គឺជា​ទឹកដី​របស់​យើង ដែល​ត្រូវបាន​កំពុង​ឈ្លានពាន។ សូម​ចងចាំ​រឿងនេះ​រាល់​ពេលដែល​ទីក្រុង​ម៉ូស្គូ​ព្យាយាម​បញ្ចុះបញ្ចូល​យើង​ថា​វា​មិនមែនជា​អ្នក​ឈ្លានពាន​នោះទេ​ប៉ុន្តែ​ជា​ជន​រងគ្រោះ ដែល​តែងតែ​ទទូច​ចង់បាន​សន្តិភាព»។

យ៉ាង​ក៏ដោយ លោក Nebenzia បាន​ចោទ​ប្រកាន់​បណ្តា​ប្រទេស​លោកខាង​លិច​ថា គ្មាន​បំណង​ជួយ​ស្វែងរក​ដំណោះ​ស្រាយ​តាមរយៈ​ការទូត នៅ​អ៊ុយក្រែន​នោះទេ ព្រោះ​ពួកគេ​កំពុង​បង្កើន​ការលក់ និង​ចែកចាយ​សព្វាវុធ​ទៅកាន់​ទីក្រុង​កៀវ។ លោក​លើកឡើង​ថា៖ «អ្វីដែល​អ្នក​កំពុង​ឃើញ​នៅពេលនេះ គឺជា​សង្គ្រាម​រវាង​បស្ចិម​ប្រទេស​ប្រឆាំងនឹង​រុស្ស៊ី។ នេះ​គឺជា​រឿង ដែល​ធ្វើឱ្យ​យើង​គ្មាន​ជម្រើស​ផ្សេង ក្រៅពី​ការបន្ត​ប្រតិបត្តិការ​យោធា​ពិសេស​របស់​យើង»។

ថ្មីៗនេះ រុស្ស៊ី​បាន​នឹង​កំពុង​វាយលុក​ទៅកាន់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន​ជា​ច្រើនដង និង​ច្រើន​កន្លែង។ ប្រធាន​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌ និង​ជំនួយ​សង្គ្រោះបន្ទាន់​របស់ UN លោក Martin Griffiths បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ កាលពី​ថ្ងៃ​អង្គារថា ការណ៍​នេះ​បាន​ធ្វើឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​រាប់លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់ ដូចជា​ការដែល​មិន​អាច​ទទួល​បាន​កម្ដៅ​គ្រប់គ្រាន់ គ្មាន​អគ្គិសនី និង​ទឹក​ប្រើប្រាស់ ដែល​ធ្វើឱ្យ​វិបត្តិ​មនុស្សធម៌​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

ឯក​អគ្គរដ្ឋទូត​រង​អាមេរិក​ប្រចាំ នៅ UN លោកស្រី Lisa Carty បាន​ប្រាប់​ក្រុមប្រឹក្សា​សមាជិក​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​ទាំង ១៥​ប្រទេស​ថា៖ «ការបន្ត​បាញ់​កម្ទេច​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ុយក្រែន​របស់​ប្រធានា​ធិបតី លោក ពូទីន គឺជា​ភ័ស្តុតាង ដែល​បង្ហាញថា​គាត់​មិនមាន​បំណង​ពិតប្រាកដ ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​ចរចារ ឬ​ការទូត​នោះទេ។ ផ្ទុយទៅវិញ​គាត់​កំពុង​ព្យាយាម​បំផ្លាញ​ឆន្ទៈ​របស់​អ៊ុយក្រែន ដោយ​ការទម្លាក់​គ្រាប់បែក និង​បង្កក​ពលរដ្ឋ​អ៊ុយក្រែន ដើម្បី​បង្ខំ​ឱ្យ​ចុះចូល»។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​ជួបប្រជុំ​ជា​ច្រើនដង​រួចមកហើយ​លើ​បញ្ហា​អ៊ុយក្រែន ចាប់តាំងពី​ខែកុម្ភៈ​មក ប៉ុន្តែ​នៅតែ​មិនអាច​ចាត់វិធានការ​ណាមួយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ។ នេះ​គឺ​ដោយសារតែ​រុស្ស៊ី​តែងតែ​ប្រើប្រាស់​អំណាច​វេតូ (Vetopower) របស់ខ្លួន។

អ្នកស្រី Edwige Koumby Missambo ឯក​អគ្គ​រដ្ឋ​ទូត​រង​របស់​ប្រទេស​ហ្គាបុង ប្រចាំ​នៅ UN បាន​មាន​ប្រសាសន៍​ថា​៖ «ភាព​ច្របូកច្របល់ និង​ការ​អស់សង្ឃឹម​របស់​ប្រជាជន ដោយសារ​សង្គ្រាម​ជាច្រើន​ខែ​មកនេះ វា​មិន​គ្រប់គ្រាន់​នោះទេ ដែល​គ្រាន់​តែមាន​កិច្ចប្រជុំ ដើម្បី​ជូនដំណឹង​ដល់​សហគមន៍​អន្តរជាតិ​ជាច្រើន​ដង ហើយ​មិន​បានផ្តល់​មធ្យោបាយ​ជាក់លាក់​ណាមួយ ក្នុងការ​បញ្ចប់សង្គ្រាម»។ អ្នកស្រី​បញ្ជាក់​បន្ថែមថា៖ «វា​ដល់​ពេល​ដែល​ត្រូវ​ចរចា​បញ្ចប់សង្គ្រាម​ហើយ»។

កាលពី​ថ្ងៃ​សុក្រ ប្រទេស​រុស្ស៊ី​បាន​ស្នើ​សុំ​ឱ្យ​ក្រុមប្រឹក្សា​ជួបប្រជុំ​ម្តងទៀត ដើម្បី​ពិភាក្សា​អំពី​អាវុធ ដែល​បានមកពី​ជម្លោះ​អ៊ុយក្រែន ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ក្រុមចោរ និង​ភេរវករ និង​តំបន់​ផ្សេងទៀត នៅ​អឺរ៉ុប​មជ្ឈិមបូព៌ា និង​អាហ្វ្រិក៕

វីដេអូ៖