​អារ៉ាប៊ីសាអ៊ូឌីត និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយចំនួន​នឹង​គ្នា​រួមមាន កិច្ច​ព្រមព្រៀង​លើ​ថាមពល និង​ការវិនិយោគ​ផ្ទាល់​រវាង​ប្រទេស​ទាំង ២​។ សមិទ្ធផល​នេះ លេចចេញ​ជា​រូបរាង​ឡើង បន្ទាប់ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​រីយ៉ាដ នា​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ធ្នូ ក្នុង​ជំនួប​កំពូល​មួយ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ និង​រីកចម្រើន​លើសពី​ប្រេង​តែមួយ​មុខ។​

​រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ ម៉ូ​ហា​មេ​ដ បេន​សាល​ម៉ាន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ខាងលើ នៅ​ព្រះបរមរាជវាំង​អារ៉ាប៊ីសាអ៊ូឌីត​។ កិច្ចព្រមព្រៀង​នេះ រួមបញ្ចូល​ទាំងពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​ផែនការ​ស្រុះស្រួល​គ្នា​មួយ​រវាង​ចក្ខុវិស័យ​ឆ្នាំ ២០៣០ របស់​អារ៉ាប៊ីសាអ៊ូឌីត ដែល​មាន​បំណង​កាត់បន្ថយ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ទីក្រុង​ប៉េកាំង​។ អនុស្សរណៈ​នៃការ​យោគយល់​គ្នា​នៃ​ភាគី​ទាំង ២ ក៏​ត្រូវបាន​ចុះ​ហត្ថលេខា​ផងដែរ​លើ​ថាមពល​អ៊ីដ្រូសែន ថាមពល​ពន្លឺ​ព្រះអាទិត្យ ការវិនិយោគ​ផ្ទាល់ និង​លើ​ផ្នែក​លំនៅឋាន។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត (SPA) ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ២ បាន​ពិនិត្យមើល​ពី​ទិដ្ឋភាព​នៃ​ភាពជា​ដៃគូ និង​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​រួមគ្នា ហើយ​បាន​ពិភាក្សា​ផងដែរ​ពី​ឱកាស​ក្នុងការ​វិនិយោគ​ធនធាន​ដែល​មាន​នៅ​ក្នុង​ប្រទេស​ទាំង ២។​

​អារ៉ាប៊ីសាអ៊ូឌីត គឺជា​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ចិន​វិញ គឺជា​អតិថិជន​កំពូល​របស់​អារ៉ាប៊ីសាអ៊ូឌីត ដែលជា​ហេតុ​ធ្វើឱ្យ​ទំនាក់ទំនង​របស់​ប្រទេស​ទាំង ២ មាន​សារៈសំខាន់​ចំពោះ​ទីផ្សារ​ប្រេងឆៅ។ ប៉ុន្តែ ទាំង​ចិន និង​អារ៉ាប៊ីសាអ៊ូឌីត ក៏​កំពុង​ប្រឹងប្រែង​ពង្រីក​បន្តិច​ម្តងៗ នូវ​ល្បាយ​ថាមពល​របស់​ពួកគេ។​

​គួរ​ជ្រាបថា អារ៉ាប៊ីសាអ៊ូឌីត បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី នៅ​ក្នុង​ទីក្រុង​រីយ៉ាដ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​របស់​លោក​។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​នេះ ធ្វើឡើង​នៅ​ជួន​ចំពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត ជួបភាព​តានតឹង​នឹងគ្នា។​

​កាលពី ២ ខែ​មុន អាមេរិក​បាន​ខឹងសម្បា​នឹង​អារ៉ាប៊ីសាអ៊ូឌីត ដែល​បាន​សម្រេច​កាត់បន្ថយ​ការផលិត​ប្រេង​ក្នុង​ចំនួន​ដ៏ច្រើន ដោយ​មិន​ខ្វល់​ពីការ​ទាមទារ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន​។ ខុស​ផ្ទុយ​ពី​អាមេរិក ចិន​បែរជា​បាន​សរសើរ​ជំហរ​របស់​អារ៉ាប៊ីសាអ៊ូឌីត​នេះ​ទៅវិញ៕