អាមេរិក និងរុស្សី នៅទីបំផុតបានឈានដល់ការដោះដូរអ្នកទោសគ្នា ដោយរុស្ស៊ីដោះលែងតារាបាល់បោះអាមេរិកនាង ប្រ៊ីតនី ហ្គ្រាយនឺរ (Brittney Griner) ហើយអាមេរិកវិញ ដោះលែងឈ្មួញអាវុធជាតិរុស្ស៊ីដ៏ល្បីល្បាយមួយរូបឈ្មោះថា វិកទ័រ ប៊ូត (Viktor Bout)។ ឈ្មួញអាវុធជាតិរុស្ស៊ីរូបនេះ បានជាប់ឃុំក្នុងពន្ធនាគារអាមេរិករយៈពេល ១២ ឆ្នាំមកហើយ។
តាមប្រភពជាច្រើនប្រាប់ទូរទស្សន៍ CBS ការដោះដូរអ្នកទោសគ្នានេះ ត្រូវបានអនុម័តដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅប៉ុន្មានថ្ងៃថ្មីៗនេះ។
កីឡាការិនី ហ្គ្រាយនឺរ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងមូស្គូកាលពីខែកុម្ភៈ ពីបទកាន់កាប់ប្រេងកញ្ឆា ហើយកាលពីខែមុននាងត្រូវបានបញ្ជូនទៅកន្លែងដាក់ទោសព្រហ្មទណ្ឌរុស្ស៊ី ដែលបង្កើតឡើងសម្រាប់ដាក់ទោសឧក្រិដ្ឋជនដោយការបង្ខំឱ្យធ្វើការ និងដាក់ឱ្យនៅឯកោពីសង្គម។
នៅរដូវក្តៅ រដ្ឋបាលរបស់លោក បៃដិន បានស្នើសុំដោះដូរអ្នកទោស ដោយដឹងថាទីក្រុងមូស្គូបានស្វះស្វែងឱ្យមានការដោះលែងលោក វិកទ័រ ប៊ូត ជាយូរមកហើយ។ បុរសជនជាតិរុស្ស៊ីឈ្មោះ ប៊ូត នេះ ធ្លាប់បានលក់អាវុធទៅឱ្យពួកមេដឹកនាំសង្គ្រាម និងរដ្ឋាភិបាលនៃបណ្តាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ និងបានក្លាយជាគោលដៅតាមប្រមាញ់ចាប់ពីសំណាក់អន្តរជាតិ។
អាជីពជាឈ្មួញជួញដូរអាវុធដ៏ល្បីឈ្មោះរបស់ វិកទ័រ ប៊ូត ត្រូវបានបញ្ចប់ដោយប្រតិបត្តិការពិសេសរបស់អាមេរិកនៅក្នុងឆ្នាំ ២០០៨។ កាលណោះ លោកត្រូវបានចាប់ខ្លួននៅឯសណ្ឋាគារមួយក្នុងទីក្រុងបាងកកប្រទេសថៃ ហើយការចាប់ខ្លួននេះបានធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីខឹងសម្បាមិនតិចនោះទេ។
វិកទ័រ ប៊ូត ត្រូវបានគេធ្វើបត្យាប័ននៅ ២ ឆ្នាំក្រោយមក ហើយបានចំណាយពេល ១២ ឆ្នាំចុងក្រោយនេះនៅក្នុងពន្ធនាគាររបស់អាមេរិក ក្រោមបទសមគំនិតគាំទ្រពួកភេរវករ និងសម្លាប់ជនជាតិអាមេរិក៕