តុលាការអាហ្សង់ទីន បានកាត់ទោសអនុប្រធានាធិបតី លោកស្រី Cristina Fernandez de Kirchner ឱ្យជាប់ពន្ធនាគារ ៦ ឆ្នាំ និងហាមឃាត់លោកស្រី ពីការពាក់ព័ន្ធជាមួយនយោបាយ កាលពីថ្ងៃទី ៦ ខែធ្នូ បន្ទាប់ពីរងការចោទប្រកាន់ពីបទពុករលួយ។
លោកស្រី នឹងមានសិទ្ធិទទួលបានអភ័យឯកសិទ្ធិបណ្តោះអាសន្ន ដោយសារនៅតែកាន់តំណែងជាអនុប្រធានាធិបតីអាហ្សង់ទីន ហេតុដូច្នេះ លោកស្រីមិនចាំបាច់ត្រូវបានទទួលទោសជាប់ពន្ធនាគារភ្លាមៗ តាមការសម្រេចរបស់តុលាការនោះទេ ហើយគេរំពឹងថា នឹងមានបណ្តឹងឧទ្ធរណ៍ ដែលចំណាយពេលកាត់ក្ដីច្រើនឆ្នាំ នៅតុលាការជាន់ខ្ពស់។
តាមលក្ខណៈបច្ចេកទេស លោកស្រីក៏អាចឈរឈ្មោះប្រជែងតំណែង ក្នុងឆាកនយោបាយបាន បើករណីរបស់លោកស្រី កំពុងស្ថិតក្នុងរយៈពេលបណ្តឹងឧទ្ធរណ៍ ប៉ុន្តែបន្ទាប់ពីមានការសម្រេចនេះ លោកស្រី Fernandez de Kirchner បានប្រកាសថា លោកស្រីនឹងមិនឈរឈ្មោះសម្រាប់តំណែងណាមួយឡើយ ជាពិសេសការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៣។
លោកស្រី Fernandez de Kirchner ធ្លាប់ឡើងដល់កម្រិតកំពូលបំផុតនៃឆាកនយោបាយរបស់ប្រទេសនេះ ដោយបានឈ្នះការបោះឆ្នោត និងឡើងធ្វើជាប្រធានាធិបតីអាហ្សង់ទីន ២ ដង ចន្លោះឆ្នាំ ២០០៧-២០១១ និងឆ្នាំ ២០១១-២០១៥ ដែលធ្វើឱ្យលោកស្រីក្លាយជាប្រធានាធិបតីស្ត្រីទី ២ ក្នុងប្រវត្តិសាស្ត្ររបស់អាហ្សង់ទីន បន្ទាប់ពីលោកស្រី Isabel Peron។
ចៅក្រមនៅតុលាការកណ្តាលអាហ្សង់ទីន ក្នុងទីក្រុងប៊ុយណូស៊ែ បានរកឃើញថា លោកស្រី Fernandez de Kirchner មានពិរុទ្ធពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គ្រប់គ្រងប្រទេសដោយទុច្ចរិត បង្កការខូចខាតដល់ប្រទេសជាតិ ខណៈពេលដែលរដ្ឋអាជ្ញាបានឱ្យដឹងថា លោកស្រីជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយទទួលសំណូកពីកិច្ចសន្យាការងារសាធារណៈ អំឡុងពេលលោកស្រីធ្វើតួនាទីជាប្រធានាធិបតី ដែលមានតម្លៃយ៉ាងហោចណាស់ ១ ពាន់លានដុល្លារអាមេរិក។ ដំបូងឡើយ លោកស្រី បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់៕