រដ្ឋាភិបាល​ជប៉ុន គ្រោង​នឹង​បង្កើន​ថវិកា​ការពារជាតិ​ចំនួន ១ ទ្រី​លាន​យ៉េន (៧,៣៤ ពាន់​លាន​ដុល្លារ​) ដើម្បីឱ្យ​ឡើងដល់​ប្រមាណ ៦,៥ ទ្រី​លាន​យ៉េន សម្រាប់​ការចំណាយ​ប្រចាំឆ្នាំ​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៤​។ នេះ​គឺជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ជប៉ុន ដើម្បី​សម្រេចបាន​កញ្ចប់​ថវិកា​កងទ័ព​ក្នុង​ចំនួន ៤៣ ទ្រី​លាន​យ៉េន សម្រាប់​ផែនការ​ពង្រឹង​វិស័យ​ការពារ​រយៈពេល ៥​ឆ្នាំ​។ នេះ​បើ​យោងតាម​ប្រភព​ចំនួន ៣ ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃ​សុក្រ ទី​៩ ធ្នូ ឆ្នាំ ២០២២​។​

​ប្រភព​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យដឹងថា ការដំឡើង​ថវិកា​ការពារជាតិ​នេះ​គឺ​សំដៅលើ​ការទិញ​អាវុធ និង​ការចំណាយ​លើ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។

​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ប្រចាំឆ្នាំ​របស់​ជប៉ុន​ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៤ នឹង​បៀ​ប​ធៀប​ជាមួយនឹង​កំណត់ត្រា​ចំនួន ៥,៤ ទ្រី​លាន​យ៉េន ដែល​បានកំណត់​សម្រាប់​ការចំណាយ​ឆ្នាំនេះ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា បានប្រកាស​ពី​ផែនការ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ឱ្យដល់ ២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​រយៈពេល ៥​ឆ្នាំ ពី​ចំនួន ១% នាពេល​ឥឡូវនេះ ដើម្បី​ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់​ចិន និង​ការគំរាមកំហែង​ដោយ​គ្រាប់​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ជា​ផ្នែក​មួយ​នៃ​ផែនការ​ចំណាយ​លើ​ផ្នែក​ការពារជាតិ​ចំនួន ៤៣ ទ្រី​លាន​យ៉េន​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ រដ្ឋាភិបាល​របស់លោក គី​ស៊ី​ដា នឹង​ចំណាយ​ថវិកា ៥​ទ្រី​លាន​យ៉េន​លើ​មី​ស៊ី​លបាញ់​ពី​ចម្ងាយ និង ៥ ទ្រី​លាន​យ៉េន​ទៀត​សម្រាប់​ការទិញ​អាវុធ​ផ្សេងទៀត​។

​ជាមួយគ្នានេះ ប្រភព​មួយ​បាន​និយាយថា ថវិកា​ការពារជាតិ​ជប៉ុន នឹងត្រូវ​បង្កើន ១ ទ្រី​លាន​យ៉េន​ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខនេះ​៕