សហរដ្ឋអាមេរិក កំពុង​ប្រឹងប្រែង​បង្កើន​ការលក់​អាវុធ​ទៅឱ្យ​វៀតណាម នៅ​ខណៈដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ធ្វើជា​ម្ចាស់ផ្ទះ​ពិព័រណ៍​ពាណិជ្ជ​កម្មវិស័យ​ការពារ​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ​លើកដំបូង​របស់ខ្លួន នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែធ្នូ ឆ្នាំ​២០២២​។​

​ព្រឹត្តិការណ៍​ដែល​ត្រូវ​ប្រារព្ធ​ឡើង​រហូតដល់​ថ្ងៃទី​១០ ខែធ្នូ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​វៀតណាម ក្នុងការ​ពង្រីក​ការផ្គត់ផ្គង់​អាវុធ​របស់ខ្លួន​។​

​ចាប់តាំងពី​សហរដ្ឋអាមេរិក លុបចោល​ការហាមឃាត់​លើ​ការលក់​អាវុធ​ទៅឱ្យ​វៀតណាម​ក្នុង​ខែឧសភា​ឆ្នាំ ២០១៦ មក ប្រទេស​ទាំងពីរ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ការពារជាតិ​ជាច្រើន​រួមមាន​ដូចជា យន្តហោះ​គ្មាន​មនុស្ស​បើក ScanEagle ចំនួន​៦ គ្រឿង និង​យន្តហោះ​ហ្វឹកហាត់ Beechcraft T-6 Texan II ចំនួន ១២ គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ ជេ​រ៉េដ ហេ​ល​វី​ក (Jered Helwig) អគ្គបញ្ជាការ​នៃ​កងទ័ព​អាមេរិក​នៅ​ប៉ាស៊ីហ្វិក បាន​និយាយថា​៖ «​យើង​សម្លឹង​រក​ការបន្ត​នូវ​អ្វីដែល​យើង​បានធ្វើ និង​ពង្រីក​សក្តានុពល​ក្នុង​ល្បឿន​ណា​ដែល​វៀតណាម​ចង់ទៅ​»​។​

​គួរ​ជ្រាបថា យន្តហោះ​ប្រភេទ T-6 ចំនួន ៣​គ្រឿង​ដំបូង​នឹងត្រូវ​ដឹកបញ្ជូន​ទៅឱ្យ​វៀតណាម​នៅ​ឆ្នាំ ២០២៤ ចន្លោះ​ខែមីនា និង​ខែមិថុនា​។ ហើយ​ការប្រគល់​យន្តហោះ T-6 ដែល​នៅ​សេសសល់​ទៅឱ្យ​ទីក្រុង​ហាណូយ នឹងធ្វើ​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០២៤ និង ២០២៧​។ នេះ បើតាម​មន្ត្រី​យោធា​អាមេរិក​ម្នាក់ ប្រាប់​សារព័ត៌មាន CNA​។​

​ចំណែក យន្តហោះ​ចម្បាំង ScanEagle UAVs ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម នៅពេលដែល​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ប្រទេស​នេះ បានបញ្ចប់​ការបណ្តុះបណ្តាល​លើ​ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក​។​

​គួរបញ្ជាក់​ជូន​ដែរ​ថា រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក​បាន​ផ្តល់ឱ្យ​វៀតណាម​នូវ​នាវា​ដ៏​ធំ (Hamilton-class cutters) ចំនួន​ពីរ​គ្រឿង ដើម្បី​បង្កើន​សមត្ថភាព​របស់​វៀតណាម​ក្នុងការ​យាមល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​។ សហរដ្ឋអាមេរិក​បាន​បន្ថែមថា កិច្ចចរចា​កំពុងតែ​ដំណើរការ​សម្រាប់​ការបញ្ជូន​នាវា​ប្រភេទ Hamilton-class ទី​៣​ទៅឱ្យ​ប្រទេស​វៀតណាម​។​

​ទន្ទឹមនេះ ក្រុម​អ្នកជំនាញ​បាន​និយាយ​ដែរ​ថា ការទិញ​យន្តហោះ​ហ្វឹកហាត់​របស់​អាមេរិក​ពី​សំណាក់​វៀតណាម គឺជា​សញ្ញា​បង្ហាញថា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ អាច​នឹង​ទិញ​យន្តហោះ​ចម្បាំង​ពី​អាមេរិក​ទៀត​នាពេល​អនាគត​៕