ប្រធានាធិបតី​រុស្ស៊ី​ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​៩​ធ្នូ​ថា រុស្ស៊ី​ដែលជា​ប្រទេស​នាំចេញ​ថាមពល​ដ៏​ធំ​បំផុត​របស់​ពិភពលោក​អាច​នឹង​កាត់បន្ថយ​ការផលិត​ប្រេង ហើយនឹង​បដិសេធ​មិន​លក់​ប្រេង​ទៅឱ្យ​ប្រទេស​ណា ដែល​គោរព​តាម​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោកខាងលិច​ឡើយ​។ ជា​ទណ្ឌកម្ម​ដែល​លោក ពូ​ទីន ចង់​សំដៅ​ដល់​ការកំណត់​តម្លៃ​របស់លោក​ខាងលិច​លើ​ប្រេង​ឆៅ​នាំចេញ​របស់​រុស្ស៊ី​ក្នុងតម្លៃ​ស្មើ ឬ​តិចជាង ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ G7 និង​អូស្ត្រាលី កាលពី​សប្តាហ៍​មុន​បាន​ព្រមព្រៀងគ្នា​កំណត់​តម្លៃ ៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​ឆៅ​របស់​រុស្ស៊ី បន្ទាប់ពី​សមាជិក​សហ​ភាព​អឺរ៉ុប បាន​យកឈ្នះ​លើ​មតិ​ប្រឆាំង​របស់​ប៉ូឡូញ​។

​លោក​ប្រធានាធិបតី ពូ​ទីន បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​៖ «​ចំពោះ​ប្រតិកម្ម​របស់​យើង ខ្ញុំ​បាន​និយាយ​រួចហើយ​ថា យើង​នឹងមិន​លក់​ប្រេង​ទៅឱ្យ​ប្រទេស​ណា​ដែល​ធ្វើការ​សម្រេចចិត្ត​បែបនេះ​នោះទេ​»​។​

«​យើង​នឹង​គិត ហើយ​វា​ប្រហែលជា​អាច​នឹង​ទៅរួច ប្រសិនបើ​ចាំបាច់ ... គឺ​ត្រូវ​កាត់បន្ថយ​ផលិតកម្ម​ប្រេង​»​។ លោក ពូ​ទីន បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+ អំពី​ការផលិត ដូច្នេះ​ជំហាន​ដ៏​ធ្ងន់ធ្ងរ​បែបនេះ​នៅតែ​ជា​លទ្ធភាព​មួយ​ដែល​អាចទៅរួច​។​

​លោក ពូ​ទីន បានបញ្ជាក់​ទៀតថា​៖ «​យើង​កំពុង​គិត​អំពី​ចំណុច​នេះ នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ ហើយ​ជំហាន​ជាក់ស្តែង នឹងត្រូវ​បាន​គូសបញ្ជាក់​នៅក្នុង​ក្រឹត្យ​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​នឹង​ចេញផ្សាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​»​។​

​ទន្ទឹមនេះ លោក​ប្រធានាធិបតី​រុស្ស៊ី ក៏បាន​បន្ថែម​ដែរ​ថា ទីក្រុង​មូ​ស្គូ​នឹងមិន​ចាញ់​ក្រោម​ដៃ​លោកខាងលិច​ដែល​បាន​កម្រិត​តម្លៃ​ប្រេង​របស់​រុស្ស៊ី​ឡើយ ហើយ​ថា​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​នឹងត្រូវ​រក្សាទុក​បានល្អ​។

​សម្រាប់​លោក ពូ​ទីន ចំណាត់ការ​របស់លោក​ខាងលិច​គឺជា​រឿង​ឆោតល្ងង់ ដែល​នឹង​ធ្វើឱ្យ​តម្លៃ​ថាមពល​ឡើងថ្លៃ​ខ្ពស់ សម្រាប់​អ្នក​ដែល​រួមគំនិត​គ្នា​កំណត់​តម្លៃ​ប្រេង​ឆៅ​នាំចេញ​របស់​រុស្ស៊ី​។​

​បុរស​ខ្លាំង​រុស្ស៊ី​រូបនេះ បាន​ព្រលយ​ឱ្យដឹង​ដែរ​ថា ទីក្រុង​មូ​ស្គូ​កំពុង​រៀបចំ​ការឆ្លើយ​បត​វិញ ហើយ​ថា​មូ​ស្គូ​នឹងត្រូវ​ប្រកាស​ពី​ចំណាត់ការ​ឆ្លើយតប​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕​