The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ូលិស​អាល្លឺម៉ង់​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ស្ដាំជ្រុល​និយម​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

ប៉ូលិស​អាល្លឺម៉ង់​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ស្ដាំជ្រុល​និយម​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

ប៉ូលិស​អាល្លឺម៉ង់​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ស្ដាំជ្រុល​និយម​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

អាជ្ញាធរ​អាល្លឺម៉ង់ រំពឹង​ថា​នឹង​អាច​ធ្វើ​ការ​ចាប់ខ្លួន​ក្រុម​ស្ដាំនិយម​ជ្រុល​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​ស្វែង​រក​អ្នកដែល​ជាប់​ពាក់ព័ន្ធ​កំពុង​បន្ត។ រដ្ឋ​អាជ្ញា​អាល្លឺម៉ង់ បាន​លើក​ឡើង​ថា ក្រុម​ស្ដាំ​ជ្រុល​និយម​នេះ កំពុង​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល និងតែងតាំង​អតីត​សមាជិក​នៃ​គ្រួសារ​រាជវង្ស​អាល្លឺម៉ង់​ម្នាក់​ធ្វើ​ជា​មេដឹកនាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អតីត​សមាជិក​សភា​មក​ពី​គណបក្ស​ស្តាំនិយម ឬ​ហៅ​ថា គណបក្ស Alternative For Germany (AfD) ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ផងដែរ។ នេះ​បើ​យោង​តាម​ក្រុម​រដ្ឋអាជ្ញា​អាល្លឺម៉ង់។

លោក Georg Maier រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋ Thuringia ភាគ​ខាងកើត​ប្រទេស អាល្លឺម៉ង់ បាន​មាន​ប្រសាសន៍ កាល​ពី​ថ្ងៃព្រហស្បតិ៍ ថា៖ «ដោយ​ផ្អែក​លើ​បទពិសោធ​របស់​ខ្ញុំ ជា​ធម្មតា​នឹង​មាន​រលក​នៃ​ការ​ចាប់​ខ្លួន​ជា​លើក​ទីពីរ»។ គួរ​ដឹង​ដែរ​ថា មេដឹកនាំ​ផែនការដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ខាង​លើ​នេះ គឺជា​ខ្សែ​រាជវង្ស​មួយ​រូប​ដែល​មាន​ព្រះ​នាម​ថា Prince Heinrich XIII ស្ថិត​នៅ​ក្នុង​រាជវង្ស Reuss នៅ​រដ្ឋ Thuringia នៃ​ប្រទេស អាល្លឺម៉ង់។ ទ្រង់​មាន​ព្រះ​ជន្មាយុ ៧១ ឆ្នាំ ហើយ​ទ្រង់​មាន​ប្រវត្តិ​ធ្វើ​ការ​ជាអ្នក​អភិវឌ្ឍ​អចលនទ្រព្យ។ យ៉ាងណា​ក៏​ដោយ ការិយាល័យ​ព្រះអង្គ​មិនបាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះទេ។

គួររំឭក​ថា កាល​ពី​ថ្ងៃ​ពុធ ជន​សង្ស័យ​ចំនួន ២៥ នាក់ ដែល​ត្រូវ​ជា​សមាជិក​និង​អ្នក​គាំទ្រ​ក្រុម​ខុស​ច្បាប់​មួយ​នេះ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​បន្ទាប់ពីក្រុម​ប៉ូលិស អាល្លឺម៉ង់ បាន​ធ្វើ​ការ​វាយឆ្មក់​ដោយ​ប្រើ​កងកម្លាំង​សន្តិសុខ​ប្រមាណ​ជា ៣ ០០០ នាក់។ ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​ឱ្យ​លោក Maier ពិពណ៌​នា​ថា វាជា​ព្រឹត្តិការណ៍​មិនធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ អាល្លឺម៉ង់ សម័យ​ទំនើប។ ការ​រក​ឃើញ​ក្រុម​ប៉ុនប៉ង ផ្ដួល​រំលំរដ្ឋាភិបាល ជា​រឿង​ដ៏​ភ្ញាក់​ផ្អើល​មួយ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​ដែល​មាន​ស្ថិរភាព​បំផុត ជាពិសេស ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់អឺរ៉ុប។

អ្នកស្រី Melanie Merle រស់នៅ​ជិត​ផ្ទះល្វែង​ក្នុង​រដ្ឋធានី Frankfurt ដែល​ជា​កន្លែង​ដែល​ព្រះ​អង្គម្ចាស់ Reuss ត្រូវ​បាន​ចាប់ខ្លួន បាននិយាយ​ថា៖ «វា​ពិត​ជា​រឿង​ដែល​ពិបាក​យល់។ យើង​តែងតែ​ឮ​អំពី​ផែនការ​បែបនេះ​កើត​មាន​នៅ​ប្រទេសផ្សេង ប៉ុន្តែ​សម្រាប់​ករណី​នេះ​ គឺ​កើតឡើង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្ញុំ»។

អ្នកស្រី​បាន​សើច​បណ្ដើរ ហើយ​និយាយ​បណ្ដើរ​ថា៖ «រដ្ឋាភិបាល​ដែល​យើង​មាន​សព្វថ្ងៃ​គឺ​មិនល្អ​នោះទេ ប៉ុន្តែ​ប្រហែល​ជា​ល្អ​ជាង​អ្វី​ដែល​ពួក​ក្រុម​គ្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទាំងនោះ»។

រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​ឱ្យ​ដឹង​ថា ក្រុម​ចលនា​ប្រឆាំង​នេះ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ទ្រឹស្តី​អាល្លឺម៉ង់ ដែល​គេ​ហៅថា Reichsbuerger និងទ្រឹស្ដី QAnon របស់​អាមេរិក។ សមាជិក​ក្រុម​ពួកគេ​ខ្លះ​គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ការ​វាយលុក​ឈ្លានពាន​សេតវិមាន (Capitol Riots) របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មករា ឆ្នាំ ២០២១។

សមាជិក​នៃ​ក្រុម​ចលនា Reichsbuerger ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Thuringia មិន​ទទួល​ស្គាល់​ប្រទេស អាល្លឺម៉ង់ បច្ចុប្បន្ន និង​ព្រំដែន​របស់ខ្លួន​ថា ជា​រដ្ឋស្រប​ច្បាប់​នោះ​ទេ។ អ្នកខ្លះ​នៅតែ​ប្រកាន់​ជំនឿ​ស្មោះស្ម័គ្រ​ជាមួយ​ចក្រភព​ពី​បុរាណ​របស់​ អាល្លឺម៉ង់ ដែល​គេ​ស្គាល់​ថា ជា​ចក្រភព Reich ដែល​ជា​សម័យ​ស្ថិត​ក្រោម​របបរាជានិយម។ ហើយ​អ្នក​ខ្លះ​ក៏​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ផ្នត់​គំនិត​របស់​ណា​ស៊ីនិយម និង​ជឿថា អាល្លឺម៉ង់ បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​ពួកយោធា។

រដ្ឋអាជ្ញា​បាន​លើក​ឡើង​ថា ជនជាប់​ចោទ​ចំនួន ១៩ នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​ផែនការ​ក្បត់ ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង កាល​ពី​ថ្ងៃពុធ ខណៈ​ដែល ៦ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេរំ​ពឹងថា បាន​ឡើង​បំភ្លឺ​នៅ​មុខ​ចៅក្រម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក Holger Muench ប្រធាន​ការិយាល័យ​ប៉ូលិស​សហព័ន្ធ​បាន​ប្រាប់​ទូរទស្សន៍ ARD កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​ជន​សង្ស័យ​នៅ​ក្នុង​ករណី​នេះ​គឺ​មាន​ចំនួន ៥៤ នាក់ ប៉ុន្តែ​តួលេខ​នេះ​អាច​កើនឡើង​បន្ថែម​ទៀត។

លោក Muench បាន​ឱ្យ​ដឹង​ថា ក្នុង​ការ​វាយឆ្មក់​ចាប់​ក្រុម​ស្ដាំនិយម​ជ្រុល​កាល​ពី​ថ្ងៃពុធ ប៉ូលិស​បាន​រកឃើញ​ឧបករណ៍​ជាច្រើន រាប់​ចាប់តាំង​ពី​អាវ​ពាក់​ការពារ ធ្នូបាញ់ កាំភ្លើង និង​គ្រាប់រំសេវ ព្រម​ទាំង​ផែនការ​បង្កើត​បញ្ជាការ​ដ្ឋាន​ការពារ​មាតុភូមិ និង​ភ័ស្តុតាង​នៃ​ការ​ជ្រើសរើសសមាជិក​ថ្មី​ឱ្យ​ចូលរួម​បន្ថែមទៀត។

លោក Muench បាន​បញ្ជាក់​បន្ថែម​ថា៖ «យើង​ចាប់​បាន​ជនល្មើស​ដែល​ជា​មនុស្ស​គ្រោះថ្នាក់​ជាច្រើន និង​ដែល​កំពុង​ធ្វើការ​ផ្តន្ទាទោស ដោយ​អ្នក​ខ្លះពាក់ព័ន្ធ​នឹង​ការ​មាន​លុយ​ច្រើន ខ្លះ​ទៀត​មាន​អាវុធ ផែនការ​វាយ​ប្រហារ និង​ខ្លះទៀត​ចង់​ពង្រីក​រចនាសម្ព័ន្ធ​របស់ខ្លួន»។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​រដ្ឋ Thuringia លោក Maier បាន​ចង្អុល​បង្ហាញ​ថា គណបក្ស Alternative for Germany (AfD) ជា​បក្សស្ដាំ​និយមជ្រុល និង​តែងតែ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​លោក​ហៅថា ការ​ស្រមើស្រមៃ​អំពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​អាល្លឺម៉ង់។ រដ្ឋមន្ត្រី​ដែល​មក​ពី​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​អធិការបតី Olaf Scholz រូប​នេះ​បាន​បន្ថែម​ថា៖ «ប្រជាជន​មាន​ការ​ភ័យខ្លាច ហើយ​គណបក្ស AfD បានទាញ​យក​អត្ថប្រយោជន៍​ពី​វា​តាម​រយៈការ​ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​សាមញ្ញ»។

គួររំឭកថា គណបក្ស AfD បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃពុធ ដោយ​បាន​ថ្កោលទោស​ក្រុម​ស្តាំ​និយមជ្រុល និង​បាន​បង្ហាញ​ពីទំនុកចិត្ត​លើ​សមត្ថភាព​ខ្លួន​ក្នុង​ការ​នាំមក​នូវ​ដំណោះស្រាយ​ច្បាស់លាស់​យ៉ាង​ឆាប់រហ័ស និង​ពេញលេញ​ដើម្បី​ដោះស្រាយ​បញ្ហានេះ៕

អត្ថបទគួរចាប់អារម្មណ៍