សហរដ្ឋអាមេរិកបានដាក់បញ្ចូលពាណិជ្ជករ តួកគី ដ៏លេចធ្លោម្នាក់ ដែលគេដឹងថា ជាបុគ្គលជិតស្និទ្ធនឹងលោកប្រធានាធិបតីតួកគី រេសេប អ៊ែរដូហ្កាន ទៅក្នុងបញ្ជីខ្មៅចំពោះការរំលោភលើទណ្ឌកម្មដែលក្រុង វ៉ាស៊ីនតោន បានដាក់លើអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធ លីបង់ ហេសប៊ូលឡា។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសឡើងនៅថ្ងៃព្រហស្បតិ៍ទី០៨ ខែធ្នូ ថា ខ្លួនបានដាក់ទណ្ឌកម្មលើលោក Sitki Ayan និងក្រុមហ៊ុនមួយចំនួន ដែលលោក និងក្រុមគ្រួសារ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតគ្រប់គ្រង ចំពោះការសម្របសម្រួលការលក់ប្រេង អ៊ីរ៉ង់ រាប់រយលានដុល្លារឱ្យអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងកងកម្លាំងអ៊ីរ៉ង់ Quds ដែលទទួលបន្ទុកលើប្រតិបត្តិការយោធាក្រៅប្រទេស។
ក្រសួងថា លោក Ayan និងក្រុមហ៊ុនរបស់លោកបានជួយលាងលុយកខ្វក់ឱ្យ IRGC និងក្រុមសកម្មប្រយុទ្ធ លីបង់ ហេសប៊ូលឡា ដែលសុទ្ធសឹងតែជាក្រុមដែលស្ថិតក្នុងបញ្ជីអង្គការភេរវកម្មរបស់អាមេរិកផងដែរ។
ការដាក់ទណ្ឌកម្មនាពេលនេះ រួមមានទាំងការបង្កកលើទ្រព្យសកម្ម លោក Ayan ឬក្រុមហ៊ុនគោលដៅ ដែលអាចមាននៅក្នុងយុត្តាធិការរបស់សហរដ្ឋអាមេរិក ហើយរារាំងជនជាតិអាមេរិកមិនឱ្យរកស៊ីជាមួយ។ ជុំវិញទណ្ឌកម្ម ក្រសួងរតនាគារបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនរបស់ លោក Ayan បានបង្កើតកិច្ចសន្យាលក់ប្រេង អ៊ីរ៉ង់ ជាលក្ខណៈអន្តរជាតិជាមួយអ្នកទិញបរទេស រៀបចំការដឹកជញ្ជូនប្រេង និងបានជួយលាងលុយកខ្វក់ដែលរកបានពីប្រតិបត្តិការនេះ បន្លំប្រភពដើមប្រេងរបស់ អ៊ីរ៉ង់ និងផលប្រយោជន៍របស់ IRGC ក្នុងការលក់»។
ក្រសួងរតនាគារ បន្តថា លោក Ayan និងកូនប្រុសឈ្មោះ Bahaddin និងបុគ្គលពាក់ព័ន្ធ ៣ នាក់ទៀត បានរៀបចំការលក់ប្រេង អ៊ីរ៉ង់ ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅឱ្យបណ្ដាប្រទេសអាស៊ីខាងកើត រួមមានទាំងចិន អារ៉ាប់រួម និងអតិថិជនមួយចំនួននៅអឺរ៉ុប តាមរយៈក្រុមហ៊ុន ASB Group of Companies Limited របស់លោក Ayan។
មិនត្រឹមតែប៉ុណ្ណេះ ក្រសួងរតនាគារបានបន្តថា លោក Ayan ក៏មានការគាំទ្រពីបុគ្គលជាន់ខ្ពស់នៃរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី និងអង្គភាពគ្រប់គ្រងដោយរដ្ឋជាច្រើនផងដែរ។
គួររំឭកថា ក្រុមហ៊ុន ASB Group មានកម្មសិទ្ធិលើ ឬ គ្រប់គ្រងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស តួកគី ស៊ីប ឥណ្ឌា និងកោះម៉ាហ្សាល។
ក្រសួងរតនាគារលើកឡើងថា ទណ្ឌកម្មលើ លោក Ayan គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទខ្ទប់ប្រាក់ចំណូលរបស់ IRGC ដោយសារតែទំនាក់ទំនងភេរវកម្មរបស់ខ្លួន។
គួរកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ខណៈកិច្ចពិភាក្សាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ ២០១៥ បានអូសបន្លាយការជាប់គាំងជាច្រើនខែមកហើយ។ ហើយប៉ុន្មានខែចុងក្រោយនេះ អាមេរិកក៏បានបន្ថែមទណ្ឌកម្មលើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់មួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការបង្រ្កាបហិង្សាលើក្រុមបាតុករ ដែលផ្ទុះការតវ៉ាជុំវិញការស្លាប់របស់ជនជាតិកួដវ័យ ២២ ឆ្នាំ នាង Mahsa Amini ផងដែរ។
អ្វីដែលគួរឱ្យគត់សម្គាល់នោះគឺថា ចំណាត់ការរបស់អាមេរិក លើពាណិជ្ជករល្បីឈ្មោះ តួកគី ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី ដែលជាសម្ព័ន្ធមិត្ត ណាតូ ដូចគ្នា មានភាពតានតឹងលើបញ្ហាជាច្រើន រួមទាំងការខ្វែងគំនិតគ្នាលើគោលនយោបាយស៊ីរី និងការទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ីរបស់តួកគី។
ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានព្រមាន ឱ្យតួកគីបន្ធូរបន្ថយភាពតានតឹងជុំវិញការវាយប្រហារផ្នែកយោធានៅភាគខាងជើងនៃប្រទេសស៊ីរីលើកងកម្លាំងកួដ SDF ដែលជាសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវកររបស់សហរដ្ឋអាមេរិក៕