ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន​ប្រកាស​ថា «យុគសម័យថ្មី» នៃ​ទំនាក់ទំនង​របស់​ក្រុង ប៉េកាំង ជាមួយ​បណ្ដា​ប្រទេស​នៅ​ឈូងសមុទ្រពែក្ស នៅពេល​លោក​ជួប​ជាមួយ​រជ្ជទាយាទ​ អារ៉ាប៊ី សាអ៊ូឌីត ព្រះ​អង្គម្ចាស់ Mohammed bin Salman នៅ​ទីក្រុង រីយ៉ាដ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ហើយ​ភាគី​ទាំង ២ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​ផ្សេងៗ។

ក្នុង​អត្ថបទ​ទស្សនៈ​ដែល​ចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ អារ៉ាប៊ី សាអ៊ូឌីត លោក ស៊ី បាន​សរសេរ​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ នឹង​ពាំនាំ​ឆ្ពោះ​ទៅ​មុខ​នៃ​ទំនាក់ទំនង​បែប​ប្រពៃណី​របស់​យើង ហើយ​និង​ឈាន​ទៅ​រក​យុគសម័យ​ថ្មី​ក្នុង​ទំនាក់ទំនង​របស់​ប្រទេសចិន​ជាមួយ​ពិភព​អារ៉ាប់ ដែល​រួម​មាន​ទាំង​បណ្ដា​ប្រទេស អារ៉ាប់​នៃ​ឈូង​សមុទ្រ​ពែក្ស និង​អារ៉ាប៊ី សាអ៊ូឌីត»។

លោក ស៊ី បាន​សរសេរ​បន្ថែម​ថា អារ៉ាប៊ី សាអ៊ូឌីត និង​ចិន «គោរព​អធិបតេយ្យភាព និង​មាគ៌ា​អភិវឌ្ឍន៍ និង​គោរព​ប្រវត្តិសាស្ត្រ និងប្រពៃណី​វប្បធម៌ របស់​គ្នា​ទៅវិញទៅមក»។

ដំណើរ​ទស្សនកិច្ច ៣​ថ្ងៃ​របស់​លោក ស៊ី ធ្វើឡើង​ស្របពេល​ដែល អារ៉ាប៊ី សាអ៊ូឌីត មាន​ទំនាក់ទំនង​ប្រេះស្រាំ​ខ្លាំង​ជាមួយ​អាមេរិក បន្ថែម​ពីលើ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​មាន​ស្រាប់ បន្ទាប់ពី​ប្រទេស អារ៉ាប់ មួយ​នេះបាន​ដឹកនាំ​ប្រទេស​នាំ​ចេញ​ប្រេង​អូប៉ិចបូក (OPEC+) ឱ្យ​កាត់​បន្ថយផលិតកម្ម​ប្រេង​ឱ្យ​នៅ​សល់​ត្រឹម ២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។ ការ​សម្រេចចិត្ត​របស់ អារ៉ាប៊ី សាអ៊ូឌីត បង្កឱ្យ​មាន​ការ​ខឹង​សម្បា​ពី​អាមេរិក ដែល​ថា ក្រុង​ រីយ៉ាដ បាន​ចូលដៃ​ជាមួយ រុស្ស៊ី ហើយ​ថា ក្រុង​វ៉ាស៊ីនតោន អាច​នឹង​វាយ​តម្លៃ​ទំនាក់ទំនង​ជាមួយ​ក្រុង​រីយ៉ាដ​ឡើងវិញ។

បច្ចុប្បន្ន សហរដ្ឋអាមេរិក ដែល​រងការ​ចោទ​ប្រកាន់​ពី​បណ្ដា​ប្រទេស​អារ៉ាប់​ថា បរាជ័យ​លើ​ការ​ធានា​ផ្នែក​សន្តិសុខ​ឱ្យ​ពួកគេ​នោះ កំពុង​ឃ្លាំមើល​យ៉ាង​ប្រយ័ត្ន​ប្រយែង​នូវ​ឥទ្ធិពល​របស់​ចិន លើ​ផ្នែក​សេដ្ឋកិច្ច ដែល​កំពុង​កើនឡើង​ក្នុង​តំបន់​មជ្ឈិមបូព៌ា ដោយ ចិន និង​ក្រុមហ៊ុន​ចិន កំពុង​ពង្រីក​ខ្លួន​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗទៀត។

ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ចុង​ក្រោយ​បំផុត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ចិន ដែល​ជា​ប្រទេសប្រើ​ថាមពល​ដ៏​ធំបំផុត​មួយ​របស់​ពិភពលោក លើ​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ។ ក្នុង​នោះ លោក ស៊ី បាន​ចូលរួម​កិច្ច​ប្រជុំ​ចំនួន ២ ធំៗ​រួមមាន កិច្ច​ប្រជុំកំពូល ចិន-អារ៉ាប់ (China-Arab)នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​កិច្ច​ប្រជុំ ចិន-ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែក្ស (China-GCC) នៅ​ថ្ងៃសុក្រ។

នៅពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​រីយ៉ាដ លោក ស៊ី បាន​ជួប​ជាមួយ​ព្រះ​អង្គម្ចាស់ Mohammed bin Salman ដោយ​ក្នុង​ជំនួប​នោះ លោក ស៊ី បាន​ថ្លែង​ថា៖ «ចិន​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ អារ៉ាប៊ី សាអ៊ូឌីត ជា​អាទិភាព​នៃ​ការទូត​របស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ធ្វើ​ដំណើរ​តាម​មាគ៌ា​នៃ​ការ​ងើប​ឡើងវិញ​របស់​ប្រទេស​ជាមួយ អារ៉ាប៊ី សាអ៊ូឌីត ពង្រឹង​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រសំដៅ​លើ​ការ​អភិវឌ្ឍ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់វិស័យ»។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទូរទស្សន៍​ចិន CCTV។

បើ​តាម​ការ​ចុះផ្សាយ​របស់​ទូរទស្សន៍​ដដែល លោក ស៊ី បាន​បន្ថែម​ទៀត​នៅពេល​ជួប​ជាមួយ​ព្រះបាទ Salman bin Abdulaziz ដែល​ជា​ស្ដេច​គ្រងរាជ្យ ថា ចិន​ចាត់​ទុក​អារ៉ាប៊ី សាអ៊ូឌីត ជា​មហាអំណាច​យុទ្ធសាស្ត្រ​នៅ​ក្នុង​ពិភព​លោក​ពហុប៉ូល និង​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេសនេះ។

ចំណែក​ឯ​ព្រះអង្គម្ចាស់ Mohammed bin Salman ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «អារ៉ាប៊ី សាអ៊ូឌីត ប្រកាន់​ខ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​នូវគោលការណ៍​ចិន​តែមួយ គាំទ្រ​ចិន​ក្នុង​ការការពារ​អធិបតេយ្យភាព សន្តិសុខ និង​បូរណភាព​ទឹកដី និង​គាំទ្រ​វិធានការ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់ចិន ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន​ក្រោម​លេស​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស»។

សេចក្ដីថ្លែងការណ៍​រួម​ចេញ​ផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​រវាង​មេដឹក​នាំ​ទាំង ២ បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​លើកឡើង​ទាំង​អស់​នេះ​របស់​លោក ស៊ី និង​ព្រះ​អង្គម្ចាស់ Mohammed bin Salman រួម​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​មិន​រិះគន់​កិច្ចការ​ផ្ទៃក្នុង​របស់គ្នា ប៉ុន្តែ​មាន​បន្ថែម​ពី​សារៈសំខាន់​នៃដំណោះ​ស្រាយ​សន្តិភាព​ជុំវិញ​សង្រ្គាម​នៅ​អ៊ុយក្រែន យ៉េមែន និង​បញ្ហា​ជាមួយ អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់ អារ៉ាប៊ី សាអ៊ូឌីត។

ជាមួយគ្នា​នោះ​ផងដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ អារ៉ាប៊ី សាអ៊ូឌីត និង​ចិន បាន​រាយការណ៍​ថា ភាគី​ទាំង ២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​នឹង​អនុញ្ញាត​ឱ្យ​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ ជួប​ប្រជុំ​គ្នា​ជា​រៀងរាល់ ២ ឆ្នាំម្ដង។ មិនត្រឹមតែ​ប៉ុណ្ណេះ មេដឹកនាំ​ទាំង ២ ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ផ្សេងៗ​ចំនួន ៣៤ ដែល​រួម​បញ្ចូល​ទាំង​ក្នុង​វិស័យ​ថាមពល បច្ចេកវិទ្យា សំណង់ និង​ទូរគមនាគមន៍​ផងដែរ។

ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​នោះ មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei និង​រដ្ឋមន្ត្រីគមនាគមន៍​អារ៉ាប៊ី សាអ៊ូឌីត ដែល​នឹង​បង្កើត​អ៊ីនធឺណិត​ចល័ត​ល្បឿន ១០ ជីហ្គាបៃ​ក្នុង​មួយវិនាទី និង​កន្លែង​ផ្ទុក​ទិន្នន័យ (Cloud Computing) ក្នុង​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត ជាដើម។

គួរកត់សម្គាល់ថា ក្រុមហ៊ុន Huawei កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ត្រួត​ពិនិត្យ និង​ជា​គោលដៅ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។ កន្លងមក សហរដ្ឋ​អាមេរិក​បាន​ជំទាស់​នឹង​ការ​ពង្រីក​ខ្លួន​របស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ហើយ​ថ្មីៗ​នេះ​បាន​ព្រមាន​វិស័យ​មួយចំនួន​ថា ការ​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន អាច​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​អារ៉ាប់។

ដំណើរទស្សនកិច្ច​របស់​លោក ស៊ី ត្រូវ​បាន​ឃ្លាំមើល​ដោយ​សហរដ្ឋ​អាមេរិក​យ៉ាង​ជិតស្និទ្ធ និង​ធ្វើឡើង​ប្រមាណ​ជា ៥​ខែ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ថ្លែង​ទៅ​កាន់​មេដឹកនាំ​អារ៉ាប់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង រីយ៉ាដ កាល​ពី​ខែ​កក្កដា​ថា អាមេរិកនឹង​មិន​ទៅ​ណា​ចោល​មជ្ឈិមបូព៌ា ហើយ​ទុក​ឱ្យ រុស្ស៊ី អ៊ីរ៉ង់ និងចិន ចូលខ្លួន​ជំនួស​នោះទេ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ អ្នកនាំពាក្យ​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក លោក ចន ឃឺរប៊ី បាន​លើក​ឡើង​ថា៖ «យើង​នឹក​ឃើញ​ពីឥទ្ធិពល​ដែល​ចិន​កំពុង​ព្យាយាម​ពង្រីក​ជុំវិញ​ពិភព​លោក។ មជ្ឈិម​បូព៌ា​គឺ​ពិតជា​តំបន់​មួយ ក្នុង​ចំណោម​តំបន់​ដែល​ចិន​ចង់​ធ្វើ​ឱ្យ​កម្រិត​ឥទ្ធិពលរបស់​ខ្លួន​ជ្រាប​ចូល​កាន់​តែ​ស៊ីជម្រៅ»។

ខណៈ​អាមេរិក​មិន​ទទូច​ឱ្យ​ប្រទេស​ណា​មួយ​ធ្វើ​ការ​ជ្រើសរើស​រវាង​ខ្លួន និងចិន លោក ឃឺរប៊ី បាន​លើកឡើង​ថា គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក​គឺ «សមស្រប​ជាង​ក្នុង​ការ​រក្សា​ភាព​ចម្រុង​ចម្រើន និង​សន្តិសុខ​សម្រាប់​ប្រទេស​នានា​ជុំវិញ​ពិភព​លោក ជាង​អ្វី​ដែល​ចិន​បានបង្ហាញ»។

នាពេលនេះ ទោះបីជា​លោក បៃដិន ធ្លាប់​បាន​សន្យា​ថា អាមេរិក ដែល​ជា​ដៃគូ​សន្តិសុខ និង​អ្នក​ផ្គត់ផ្គង់​អាវុធ​សំខាន់​បំផុត​របស់ អារ៉ាប៊ី សាអ៊ូឌីត មិន​បោះ​បង់ចោល​មជ្ឈិម​បូព៌ា​ក៏ដោយ ក៏​មន្រ្តី​អារ៉ាប់​និយាយ​ថា អាមេរិក​កំពុង​ងាកកាន់​តែឆ្ងាយ​ពី​ខ្លួន​ដោយ​ផ្ដោត​លើ​តំបន់​ដទៃ​ផ្សេង​ទៀត។

យ៉ាងណាមិញ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អារ៉ាប៊ី សាអ៊ូឌីត ព្យាយាម​ធ្វើ​ពិពិធកម្ម​លើ​ទំនាក់ទំនង​របស់​ខ្លួន។ បច្ចុប្បន្ន​ចិន គឺជា​ដៃគូពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់ អារ៉ាប៊ី សាអ៊ូឌីត ខណៈដែល​អារ៉ាប៊ី សាអ៊ូឌីត ក៏​ជា​អ្នក​ផ្គត់ផ្គង់​ប្រេងឆៅ​ដ៏​ធំ​បំផុត​របស់ចិន។

ក្នុងកិច្ចប្រជុំ China-GCC កាលពី​ថ្ងៃសុក្រ ព្រះអង្គម្ចាស់ Mohammed bin Salman បាន​ហៅ​កិច្ច​ប្រជុំ​ថា ជា «ដំណាក់​កាលថ្មី​ជា​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ជាមួយចិន» ខណៈ​លោក ស៊ី បាន​បញ្ជាក់​ម្ដងទៀត​ពី​ការ​មិន​ជ្រៀតជ្រែក​ចូលកិច្ច​ការ​ផ្ទៃក្នុង ប៉ុន្តែ​បន្ថែម​ថា ចិននឹង​បង្កើន​ការ​នាំចូល​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ពី​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ពែក្ស ដែល​រួមបញ្ជូល​ទាំង​អារ៉ាប៊ី សាអ៊ូឌីត បារ៉ែន កូវ៉េត អូម៉ង់ កាតា និងអារ៉ាប់រួម។

ទោះបីជាបែបនេះក្ដី អ្នកវិភាគ​និយាយ​ថា ទីក្រុង​ប៉េកាំង មិន​ស្វែងរក​ការ​ជំនួស​សហរដ្ឋ​អាមេរិក នៅ​ក្នុង​តំបន់​នោះទេ ហើយ​ទោះ​ជាយ៉ាងណា ក៏​មិនអាច​ធ្វើ​ដូច្នេះ​បានដែរ ក្រៅតែ​ពី​មាន​បំណង​ពង្រីក​ពាណិជ្ជកម្ម និង​ឥទ្ធិពល​របស់​ខ្លួន៕