ដោយសារការទ្រាំរង់ចាំយ៉ាងអន្ទះសារលើការផ្តល់សច្ចាប័នលើពាក្យស្នើចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើងហៅកាត់ «ណាតូ»ពីសំណាក់ប្រទេស២ ចុងក្រោយគឺតួកគី និងហុងគ្រី រដ្ឋាភិបាលហ្វាំងឡង់បានដាក់សំណើទៅសភាណាតូកាលពីសប្តាហ៍ ដោយរំពឹងថា សភាអាចសម្រេចចិត្តអនុម័តសន្ធិសញ្ញាសុំចូលជាសមាជិកដោយសំឡេងភាគច្រើន។
គេហទំព័រ rcinet.ca បានចុះផ្សាយថារដ្ឋាភិបាលហ្វាំងឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សំណើនេះបញ្ចប់ថាសន្ធិសញ្ញាអាត្លង់ទិកខាងជើងនឹងមិនមានបញ្ហាសម្រាប់អធិបតេយ្យភាព និងការចូលរួមរបស់ហ្វាំងឡង់ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិហើយថាការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងសន្ធិសញ្ញានេះនឹងមិនចែងនូវការផ្លាស់ប្តូរសមត្ថភាពដ៏សំខាន់ចំពោះឱ្យអង្គការអន្តរជាតិមួយ»។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហ្វាំងឡង់ កាលពីថ្ងៃទី៥ ខែធ្នូ បានលើកឡើងថា៖«ដូច្នេះហើយ សភាអាចធ្វើការសម្រេចចិត្តអនុម័តសន្ធិសញ្ញានេះដោយសំឡេងភាគច្រើនដ៏សាមញ្ញ»។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំនេះ បានផ្លាស់ប្តូររូបភាពសន្តិសុខនៅអឺរ៉ុបយ៉ាងខ្លាំងហើយបានជំរុញឱ្យស៊ុយអែត និងហ្វាំងឡង់ដែលស្ថិតនៅជាប្រទេសមិនចូលបក្សសម្ព័ន្ធណាមួយជាយូរមកហើយនោះ ដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបដែលមានសេដ្ឋកិច្ចរីកចម្រើន។
ពាក្យស្នើសុំរបស់ប្រទេសទាំង២ ត្រូវបានអនុម័ត ហើយពិធីសារចូលជាសមាជិកសម្រាប់ប្រទេសទាំង២ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែកក្កដា។
ប្រទេសជាសមាជិកទាំង២៨ក្នុងចំណោម៣០ បានផ្តល់សច្ចាប័នលើពិធីសារនេះរួចហើយ នៅឡើយតែប្រទេសតួកគីនិងហុងគ្រី ប៉ុណ្ណោះ ប៉ុន្តែមានសេចក្តីរាយការណ៍ថា ប្រទេសហុងគ្រីទំនងនឹងផ្តល់សច្ចាប័ននៅដើមឆ្នាំ២០២៣។
រីឯតួកគីមិនទាន់មានតម្រុយនៅឡើយទេ ព្រោះតួកគីនៅទាមទារលក្ខខណ្ឌច្រើនទៀតពីប្រទេសទាំង២ ពាក់ព័ន្ធនឹងសំណុំរឿងសកម្មប្រយុទ្ធឃើដនៅតំបន់មជ្ឈិមបូព៌ា។
យោងតាមខ្លឹមសារដែលមាននៅលើគេហទំព័រសភានៃចក្រភពអង់គ្លេស(www.parliament.uk) សភាណាតូមានប្រតិភូចំនួន២៦៩នាក់មកពីសភានៃរដ្ឋសមាជិកណាតូទាំង៣០។ គោលបំណងចម្បងរបស់សភាណាតូ គឺជួយសម្រួលដល់ការយោគយល់គ្នារវាងសមាជិកសភាមកពីប្រទេសណាតូ និងជំរុញការពិភាក្សាលើបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ៕