
បុគ្គលិកសុខាភិបាលយកសំំណាកពីស្ត្រីម្នាក់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅកន្លែងប្រមូលសំណក ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២។ AFP
អ្នកជំនាញផ្នែកសុខភាពកំពូលម្នាក់របស់ចិន បានព្រមានពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋា ភិបាលប្រកាសពីវិធានការបន្ធូរបន្ថយមួយចំនួន។នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអាទិត្យ ទី១១ធ្នូ ឆ្នាំ២០២២។
ហាងនិងភោជនីយដ្ឋាននានាក្នុងទីក្រុងប៉េកាំងត្រូវបានទុកចោលដោយសារមានការភ័យខ្លាចអំពីការរីករាលដាលនៃជំងឺកូវីដក្រោយរដ្ឋអំណាចសម្រេចកាត់បន្ថយការធ្វើតេស្តទ្រង់ទ្រាយធំអនុញ្ញាតឱ្យអ្នកជំងឺកូវីដដែលមានគ្មានអាការៈជំងឺអាចធ្វើចត្តាឡីស័កនៅផ្ទះបាននិងបញ្ចប់វិធានការបិទខ្ទប់ទ្រង់ទ្រាយធំ។
លោកឆុងណានឆេន (Zhong Nanshan) អ្នកជំនាញខាងរោគរាតត្បាតកំពូលម្នាក់របស់ចិន បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យថាវីរុសអូមីក្រុងដែលកំពុងរីករាលដាលនៅក្នុងប្រទេសចិនគឺអាចឆ្លងបានខ្លាំងហើយអាចនាំឱ្យមានការកើនឡើងនៃករណីឆ្លងខ្ពស់។
«ការឆ្លងអូមីក្រុងបច្ចុប្បន្ន ... គឺឆ្លងខ្លាំងណាស់ ... មនុស្សម្នាក់អាចចម្លងទៅកាន់មនុស្ស២២នាក់»។នេះគឺជាការលើកឡើងរបស់អ្នកជំនាញឆុងដែលជាទីប្រឹក្សាជាន់ខ្ពស់ ១រូបរបស់រដ្ឋាភិបាលចិន។
«បច្ចុប្បន្នជំងឺរាតត្បាតនៅចិនកំពុងរីករាលដាលយ៉ាងឆាប់រហ័សហើយក្នុងកាលៈទេសៈបែបនេះទោះបីជាការការពារនិងការគ្រប់គ្រងខ្លាំងប៉ុនណាក៏ដោយក៏វានឹងពិបាកក្នុងការកាត់ផ្តាច់ខ្សែចង្វាក់ ឆ្លងទាំងស្រុងដែរ»។
ការបន្ធូរបន្ថយគោលនយោបាយហ្សេរ៉ូកូវីដរបស់ចិនធ្វើឡើងក្រោយផ្ទុះមានការតវ៉ានៅទូទាំងប្រទេសប្រឆាំងនឹងវិធានការកូវីដដ៏តឹងតែងដែលបានបំផ្លាញសេដ្ឋកិច្ចនិងបង្ខាំងមនុស្សរាប់លាននាក់ឱ្យនៅតែក្នុងផ្ទះរបស់ពួកគេ។
ឥឡូវនេះ ចិនកំពុងប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លង។ នៅក្នុងប្រទេសចិនមនុស្សចាស់រាប់លាននាក់នៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញហើយមន្ទីរពេទ្យដែលខ្វះថវិកាគ្មានលទ្ធភាពទទួលអ្នកជំងឺក្នុងចំនួនច្រើនបានទេ។
ប្រធាននាយកដ្ឋានកិច្ចការវេជ្ជសាស្រ្តនៃគណៈកម្មាធិការសុខភាពជាតិបាននិយាយថាវេជ្ជបណ្ឌិតចំនួន ១០៦ ០០០នាក់និងគិលានុបដ្ឋាយិកា ១៧៧ ៧០០នាក់ នឹងត្រូវបញ្ជូនទៅអង្គភាពថែទាំអ្នកជំងឺឈឺធ្ងន់ដើម្បីទប់ស្កាត់កុំឱ្យចំនួនអ្នកកើតកូវីដកើនឡើង។ប៉ុន្តែមន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតឡើយទាក់ទងចំណុចថាតើចំនួនអ្នកជំងឺកូវីដកើនឡើងនឹងប៉ះពាល់ដល់សមត្ថភាពនៃប្រព័ន្ធសុខាភិបាលក្នុងការព្យាបាលអ្នកជំងឺផ្សេងទៀតយ៉ាងណានោះ៕