
ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុបលោក ប៉ាវឡូ ជិនទីឡួនី។ រូបថត AFP
សហភាពអឺរ៉ុបបានអនុម័តផែនការសម្រាប់ពន្ធអប្បបរមា ១៥% ជាសកលទៅលើអាជីវកម្មរបស់ក្រុមហ៊ុនអន្តរជាតិធំៗ បន្ទាប់ពីមេដឹកនាំទាំងអស់បានផ្តល់ការយល់ព្រមចុងក្រោយ ក្រោយពីមានការប្រទាំងប្រទើសគ្នាអស់ពេលជាច្រើនខែ។
កិច្ចព្រមព្រៀងដ៏សំខាន់ជិត ១៤០ ប្រទេសនេះ មានគោលបំណងបញ្ឈប់ការប្រកួតប្រជែងរវាងរដ្ឋាភិបាលនានាដែលបានប្រណាំងគ្នាកាត់បន្ថយពន្ធដើម្បីទាក់ទាញក្រុមហ៊ុនធំៗជាងគេបំផុតរបស់ពិភពលោកមករកស៊ីនៅលើទឹកដីរបស់ពួកគេ។
ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុបលោក ប៉ាវឡូ ជិនទីឡួនី (Paolo Gentiloni) បាននិយាយថា៖ «ថ្ងៃនេះសហភាពអឺរ៉ុបបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកសមធម៌ពន្ធដារ និងយុត្តិធម៌សង្គម» ហើយថា«ការយកពន្ធអប្បបរមាគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមដែលសេដ្ឋកិច្ចសកលបង្កើតឡើង»។
ផែនការនេះត្រូវបានបង្កើតឡើងដំបូងក្រោមការដឹកនាំរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ហៅកាត់ថា OECD ដោយទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរបស់សហភាពអឺរ៉ុប។
ប៉ុន្តែ ការអនុវត្តពន្ធអប្បបរមានេះនៅក្នុងប្រទេសទាំង ២៧របស់សហភាពអឺរ៉ុប ត្រូវបានពន្យារពេលទៅវិញ ខណៈដែលរដ្ឋជាសមាជិកបានលើកឡើងពីការជំទាស់ ឬ អនុម័តយុទ្ធសាស្ត្រទប់ស្កាត់។
ទើបតែនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍មុននេះ ទើបការអល់ឯកត្រូវបានដោះស្រាយដាច់ស្រេច ហើយពន្ធអប្បបរមានឹងចូលជាធរមាននៅទូទាំងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ តទៅ។
ការសម្រេចនេះបានទទួលការសាទរពីមេដឹកនាំធំៗ។ ជាក់ស្តែង លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ បាននិយាយថា វាគឺជា «គម្រោងដែលនៅជិតបេះដូងរបស់ខ្ញុំបំផុត»។ រីឯ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង វិញបានលើកឡើងថា ប្រទេសបារាំងបានជំរុញគំនិតនេះអស់រយៈពេលជាង ៤ ឆ្នាំមកហើយថា វាជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់អ្នកទាំងឡាយណាដែលជឿជាក់លើយុត្តិធម៌ពន្ធដូចយើងដែរ៕