សហភាពអឺរ៉ុប បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង​ប្រទេស រុស្ស៊ី ជុំវិញ​សង្គ្រាម​នៅ​អ៊ុយក្រែន។ ទន្ទឹមនេះ ទីក្រុង ប៊្រុចសែល ក៏​បាន​បើក​ផ្លូវ​ដល់​ការ​ផ្តល់​កញ្ចប់​ជំនួយ​ថវិកាចំនួន ១៨ ពាន់លាន​អឺរ៉ូ សម្រាប់​អ៊ុយក្រែន​ផងដែរ។

បើ​តាម​មន្ត្រី​ទូត​អឺរ៉ុប​ជាច្រើន​រូប សហភាព​អឺរ៉ុប បាន​សម្រច​បើក​ផ្លូវ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​ទឹក​ប្រាក់​ទំហំ ១៨ ពាន់​លាន​អឺរ៉ូ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ចំណាត់ការនេះ កើតឡើង​ក្រោយ​មាន​ការ​ទទូច​សុំ​យ៉ាង​ខ្លាំង​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែល​ស្នើសុំ​កុំ​ឱ្យជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្លុក​ដែល​មាន​សមាជិក ២៧ ប្រទេស រារាំង​ដល់​ការ​គាំទ្រ​ចំពោះ​ក្រុងកៀវ។

«ខ្ញុំ​កំពុង​ស្នើសុំ​អ្នក​យ៉ាង​ខ្លាំង ឱ្យ​ជួយ​ធានា​ថា ការ​តស៊ូ​របស់​យើង ដើម្បី​សន្តិភាព​សម្រាប់​អ៊ុយក្រែន និង​សម្រាប់​អឺរ៉ុប​ទាំងមូល មិន​អាស្រ័យ​លើ​ការ​ភ័ន្ត​ច្រឡំ និង​ភាព​ចម្រូង​ចម្រាស​រវាង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន»។ នេះ​គឺ​ជា​សម្តី​របស់​លោក ហ្សេឡេនស្គី និយាយ​នៅ​ក្នុង​សុន្ទរកថា​វីដេអូ​មួយ​ទៅ​កាន់​មេដឹកនាំ​សហភាព​អឺរ៉ុប ដែល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង ប៊្រុចសែល។

រដ្ឋាភិបាល អ៊ុយក្រែន ត្រូវ​ការ​ជំនួយ​ថវិកា​បន្ថែម​យ៉ាង​ខ្លាំង ព្រោះ​វា​ចាំបាច់​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំក្រោយ ដើម្បី​អាច​នៅ​បន្ត​តស៊ូ​ក្នុង​សង្រ្គាម​ដែល​បញ្ឆេះ​ឡើង​ដោយ រុស្ស៊ី។

គួរ​បញ្ជាក់​ជូនថា ក្នុង​ពេល​ជាមួយ​គ្នា កាលពី​ថ្ងៃ​ព្រហស្បតិ៍ សភាអឺរ៉ុប ក៏​បាន​អនុម័ត​ផងដែរ​នូវ​សេចក្តី​សម្រេច​ទទួល​ស្គាល់​គ្រោះ​ទុរ្ភិក្ស​ដែលបង្ក​ឡើង​ដោយ​របប​សូវៀត​លើ​អ៊ុយក្រែន​ក្នុង​ឆ្នាំ ១៩៣២-១៩៣៣ ដែល​គេ​ស្គាល់​ថា ជា «Holodomor» ឬ «ទុរ្ភិក្ស» ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ សភា​បាន​និយាយ​ថា៖ «សមាជិក​សភាអឺរ៉ុប ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​ដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន​អ៊ុយក្រែន រាប់​លាន​នាក់​ស្លាប់ និង​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​នានា និង​អង្គការ​ទាំងអស់​ដែល​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ឱ្យ​ធ្វើ​តាម និងទទួល​ស្គាល់​ថា វា​ជា​អំពើ​ប្រល័យ​ពូជសាសន៍»៕