
និស្សិតស្រ្តីអាហ្វហ្គានីស្ថានឈរជិតសកលវិទ្យាល័យនៅរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី ២១ ខែធ្នូ។ រូបថត AFP
ក្រុមតាលីបង់ បានចាប់ខ្លួនស្ត្រីចំនួន ៥ នាក់ដែលចូលរួមក្នុងការតវ៉ាមួយនៅក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងការហាមប្រាមស្ត្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលតាលីបង់ ហាមស្ត្រីមិនឱ្យចូលរៀននៅសាកលវិទ្យាល័យនេះ បង្កឱ្យមានការតវ៉ាជាថ្មី។ តាមរយៈវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញស្ត្រីអាហ្វហ្គានីស្ថាន ជាង ២០ នាក់ពាក់ហ៊ីយ៉ាបដើរតាមដងផ្លូវក្នុងទីក្រុងកាប៊ុល ដោយលើកបដា និងស្រែកពាក្យស្លោកក្នុងន័យថា៖ «កុំខ្លាចអី យើងនៅជាមួយគ្នា» ហើយ «សិទ្ធិគឺសម្រាប់អ្នករាល់គ្នា ឬគ្មានសម្រាប់នរណាម្នាក់!»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បាតុករ និងអ្នកកាសែតមួយចំនួនត្រូវបានចាប់ខ្លួន អំឡុងពេលនៃការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកតវ៉ាម្នាក់ បានឱ្យដឹងថាស្ត្រីមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួន។ ស្ត្រីអ្នកតវ៉ាដដែលនេះ បានប្រាប់ទៀតថា មានស្ត្រីពីរនាក់ត្រូវបានដោះលែងមកវិញ ប៉ុន្តែអ្នកខ្លះទៀតនៅជាប់ឃុំនៅឡើយ។
គួរជ្រាបថា ការហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យចូលរៀននៅសាកលវិទ្យាល័យ គឺជាគោលនយោបាយចុងក្រោយបង្អស់ ដែលដាក់កំហិតលើការអប់រំរបស់ស្ត្រី ចាប់តាំងពីក្រុមតាលីបង់បានវិលត្រឡប់ទៅកាន់អំណាចកាលពីឆ្នាំមុនមក។
បម្រាមថ្មីនេះ ត្រូវបានអនុវត្តភ្លាមៗ ក្រោយការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា កាលពីថ្ងៃអង្គារ។ តាមរយៈសេចក្តីប្រកាស ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជនត្រូវបដិសេធមិនទទួលយកនិស្សិតភេទស្រីឱ្យចូលរៀនឡើយ។
ការហាមប្រាមថ្មីនេះ ក៏បានបង្កឱ្យមានរលកនៃការថ្កោលទោសជាខ្លាំងពីអង្គការសហប្រជាជាតិ ក្រុមប្រទេសលោកខាងលិច និងពីបណ្តាប្រទេសដែលកាន់សាសនាអ៊ិស្លាមជាច្រើនផងដែរ។ តួយ៉ាង តួកគី និងអារ៉ាប៊ីសាអ៊ូឌីត បានជំរុញឱ្យក្រុមតាលីបង់ដកការបម្រាមនេះចេញវិញ។
រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថាបម្រាមមិនឱ្យស្ត្រីចូលរៀននៅសាកលវិទ្យាល័យ មិនមែនជាផ្នែកមួយនៃសាសនាអ៊ិស្លាមទេ ហើយការធ្វើបែបនេះគឺគ្មានមនុស្សធម៌ឡើយ៕