
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលគ្រិស្តសករាជថ្មី ឬឆ្នាំថ្មីហើយ ដោយមនុស្សជាច្រើន អាចនឹងមានអារម្មណ៍ថា មួយប៉ប្រិចភ្នែកប៉ុណ្ណោះ ១ ឆ្នាំទៀត បានកន្លងផុតទៅហើយ ហើយប្រសិនបើពិនិត្យឡើងវិញពីព្រឹត្តិការណ៍ នៅជុំវិញពិភពលោក ក្នុងឆ្នាំ ២០២២ នោះ មានហេតុការណ៍ជាច្រើន បានកើតឡើង ក្នុងនោះរួមទាំងជំងឺរាតត្បាត និងការលាចាករបស់បុគ្គលសំខាន់ៗ ព្រមទាំងទឹកភ្នែករបស់ប្រជាជន ដែលហូរចេញ ដោយសារសោកនាដកម្មនានា ជម្លោះ ភ្លើងសង្គ្រាម និងគ្រោះធម្មជាតិ ដែលកើតឡើងកៀកៗគ្នា សឹងតែរកពេលដកដង្ហើមមិនបាន។
- រុស្ស៊ីផ្តើមសង្គ្រាមឈ្លានពានលើអ៊ុយក្រែន
គ្រាន់តែបើកឆ្នាំ ២០២២ មិនដល់ ២ ខែផង មានព្រឹត្តិការណ៍ដ៏ធំមួយ ដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ័យខ្លាច នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមនូវអ្វី ដែលគាត់បានហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដោយការបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែនដែលមកទល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយទេ។
- ជំងឺអុតស្វា រាលដាល
ស្របពេលដែលមនុស្ស ជុំវិញពិភពលោក ទើបតែចាប់ផ្តើមរៀនរស់ជាមួយនឹងជំងឺកូវីដ ១៩ ស្រាប់តែក្នុងខែឧសភា ពិភពលោកបានពើបប្រទះនឹងការរីករាលដាលនៃជំងឺថ្មី Mpox ដែលមានឈ្មោះដើមគឺជំងឺអុតស្វា (Monkeypox) ដោយជួបករណីអ្នកជំងឺដំបូងគេ នៅចក្រភពអង់គ្លេស នាថ្ងៃទី ៦ ខែឧសភា។
- បាតុកម្ម នៅស្រីលង្កា
ប្រទេសស្រីលង្កា ត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ ១៩៤៨ តាមមកដោយការតវ៉ាជាច្រើនខែប្រឆាំងនឹងរដ្ឋាភិបាល ដោយបញ្ហានេះបណ្ដាលឱ្យប្រទេស ស្ថិតក្នុងភាពវឹកវរពេញ ១ ឆ្នាំ ២០២២ ហើយនៅទីបំផុត លោក Gotabaya Rajapaksa បាននិរទេសខ្លួន នៅថ្ងៃទី ១៣ ខែកក្កដា ហើយក្រោយមក បានលាលែងពីតំណែង។
- ទឹកជំនន់ធំ នៅប៉ាគីស្ថាន
ទឹកជំនន់ដ៏ធំ បានលិចផ្ទៃដីជាង ១/៣ នៃប្រទេសប៉ាគីស្ថាន ដោយនេះរាប់ថា ជាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ហេតុការណ៍នេះ បណ្ដាលឱ្យយ៉ាងហោចណាស់មនុស្ស ១ ៧៦០ នាក់ បានស្លាប់ ខណៈរូបភាពនៃការឈឺចាប់ត្រូវបានគេឃើញនៅគ្រប់ទីកន្លែង ដោយមនុស្សជាច្រើនគ្មានផ្ទះ និងគ្មានទឹក និងអាហារ ដើម្បីទ្រទ្រង់ជិវិត។
- ការធ្វើឃាតលោក Abe
កាលពីថ្ងៃទី៨ ខែកក្កដា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្លាប់ ក្នុងវ័យ ៦៧ ឆ្នាំ បន្ទាប់ពីត្រូវបានគេលបបាញ់ អំឡុងពេលថ្លែងសុន្ទរ-កថា ក្នុងយុទ្ធនាការរកសំឡេងបោះឆ្នោត សម្រាប់បេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ (LDP) នៅក្រុង Nara។ លោក Abe ជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរជាងគេ ក្នុងប្រវត្តិសាស្ត្រនយោបាយជប៉ុន ពីឆ្នាំ ២០០៦-២០០៧ និងឆ្នាំ ២០១២-២០២០។
- អង់គ្លេសប្តូរនាយករដ្ឋមន្ត្រី ៣ នាក់ រយៈពេល ២ ខែ
ឆ្នាំ ២០២២ រាប់ថា ជាឆ្នាំប្រវត្តិសាស្ត្រធំបំផុតមួយនៅក្នុងនយោបាយរបស់អង់គ្លេស ដោយនាយករដ្ឋមន្ត្រី ៣ ប ត្រូវបានផ្លាស់ប្ដូរ។ ចាប់ផ្តើមនៅថ្ងៃទី ៧ ខែកក្កដា លោក Boris Johnson បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយម។ បន្ទាប់ពីនោះនៅថ្ងៃទី ៨ ខែកញ្ញា លោកស្រី Liz Truss ត្រូវបានប្រកាសជានាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ ប៉ុន្តែនៅទីបំផុត លោកស្រីមិនអាចទប់ទល់សម្ពាធទាំងឡាយបាន រហូតដល់មានការប្រកាសលាលែងពីតំណែង ដែលបង្កើតប្រវត្តិសាស្ត្រ ក្នុងនាមជាមេដឹកនាំអង់គ្លេស ដែលធ្វើតួនាទីបានត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ។ បន្ទាប់មកទៀត នៅថ្ងៃទី ២៥ ខែតុលា លោក Rishi Sunak វ័យ ៤២ ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីគណបក្សអភិរក្សនិយម បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។
- លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់
នៅថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក សម្រេចចិត្តធ្វើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់ នៅចំពេលទំនាក់ទំនង រវាងអាមេរិក និងចិន កំពុងកាន់តែតានតឹង។ ការស្នាក់នៅរបស់លោកស្រី នៅលើកោះតៃវ៉ាន់មានរយៈពេលមិនដល់ ២៤ ម៉ោងទេ ប៉ុន្តែទស្សនកិច្ចនេះ បានធ្វើឱ្យប្រទេសចិនខឹងសម្បាយ៉ាងខ្លាំង រហូតដល់ធ្វើសមយុទ្ធធំៗចំនួន ៦ ជុំវិញតំបន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ច្រើនថ្ងៃ។
- ម្ចាស់ក្សត្រី Elizabeth II សោយទិវង្គត
រសៀលថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ព្រះរាជវាំង Buckingham បានចេញរាជសារបញ្ជាក់ថា ម្ចាស់ក្សត្រី Elizabeth II បានសោយទិវង្គត នៅឯព្រះរាជដំណាក់ Balmoral នាប្រទេសស្កុតឡែន ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា។ទ្រង់គ្រងរាជ្យបាន ៧០ ឆ្នាំ។
- លោក ស៊ី ប្រមូលអំណាច ក្នុងសមាជបក្សកុម្មុយនីស្តចិន
សមាជដ៏ធំរបស់បក្សកុម្មុយនីស្តចិន ដែលបានបញ្ចប់នៅថ្ងៃទី ២២ ខែតុលា បានឆ្លុះបញ្ចាំងឱ្យឃើញការមានអំណាចកាន់តែខ្លាំង ដែលមិនធ្លាប់មានពីមុនមករបស់លោក ស៊ី ជីនភីង បន្ទាប់ពីគាត់ត្រូវបានជ្រើសរើសជាលេខាធិការរបស់បក្ស សម្រាប់អាណត្តិទី ៣ ដែលជាការត្រួសត្រាយផ្លូវ សម្រាប់ការកាន់តំណែងជាប្រធានាធិបតី ១៥ឆ្នាំជាប់គ្នា។ លោក ត្រៀមក្លាយខ្លួនជាមេដឹកនាំចិន ដែលកាន់អំណាចយូរ និងមានឥទ្ធិពលបំផុត ចាប់តាំងពីយុគសម័យរបស់លោក ម៉ៅ សេទុង។
- សោកនាដកម្ម នៅ Itaewon ប្រទេសកូរ៉េខាងត្បូង
នៅយប់ថ្ងៃទី ២៩ ខែតុលា មានដំណឹងដ៏គួររន្ធត់ចិត្តនៃការរត់ជាន់គ្នា ដែលជាហេតុឱ្យមនុស្សរាប់រយនាក់ បានស្លាប់ក្នុងថ្ងៃប្រារព្ធពិធីបុណ្យ Halloween នៅសង្កាត់ Itaewon ប្រទេសកូរ៉េខាងត្បូង។ ហេតុការណ៍នោះ បានបណ្តាលឱ្យមនុស្ស ១៥៨ នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត រងរបួស។
- អាហ្សង់ទីនឈ្នះពានរង្វាន់ World Cup
ការជូនដំណើរឆ្នាំ ២០២២ ក៏អាចនឹងធ្វើឱ្យមនុស្សជាច្រើនញញឹមបានជាមួយនឹងព័ត៌មាន នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ដែលបានបញ្ចប់នៅយប់ថ្ងៃទី ១៨ ខែធ្នូ។ ព្រឹត្តិការណ៍នេះ បញ្ចប់ទៅដោយក្រុមជម្រើសជាតិអាហ្សង់ទីនជាជើងឯក ក្រោយឈ្នះបារាំង ៤-២ ក្នុងវគ្គប៉េណាល់ទីកាត់ក្ដី ខណៈម៉ោងធម្មតា និងម៉ោងបន្ថែមពិសេស ស្មើ ៣-៣៕