​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី ក្នុងការ​បោះឆ្នោត​សកល ដែល​នឹងត្រូវ​ប្រព្រឹត្ត​ធ្វើឡើង​ក្នុងប្រទេស​ថៃ​នា​មុន​ខែឧសភា​ឆ្នាំ ២០២៣​។ នេះ​បើ​យោងតាម​សម្តី​ដែល​លោក ប្រា​យុទ្ធ ប្រាប់​ទៅកាន់​សារព័ត៌មាន​ក្នុងស្រុក​នា​ថ្ងៃ​សុក្រ ទី​២៣ ធ្នូ ឆ្នាំ ២០២២​។

​លោក ប្រា​យុទ្ធ បាន​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ ២០១៤ ពោល​នៅក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី យី​ង​ឡាក់ និង​ដែល​លោក​ចាន់​អូ​ចា​ខ្លួនឯង​ជា​មេ​រដ្ឋប្រហារ​។ លោក បាន​បន្ត​ក្តោប​ក្តាប់​តំណែង​នេះ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៩ ដ៏​ចម្រូងចម្រាស តែ​ប្រជាប្រិយភាព​របស់លោក​បាន​និង​កំពុង​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​។

​លោក បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​បាងកក​ថា​៖ «​គណបក្ស​ថៃ​រួបរួម​ជាតិ​ដែល​ទើប​បង្កើត​ថ្មី បានផ្តល់​នូវ​ការគាំទ្រ​ដល់​ខ្ញុំ ក្នុងការ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ទាប់ នៅក្នុង​ការបោះឆ្នោត​នា​អាណត្តិ​ក្រោយ​»​។​

«​ខ្ញុំ​នឹង​បញ្ជាក់​ឱ្យ​ច្បាស់​នៅថ្ងៃនេះ ... ថា​ខ្ញុំ​បានសម្រេច​ចិត្ត​ហើយ​ថា ខ្ញុំ​នឹងចូលរួម​ក្នុងតួនាទី​នេះ​»​។​

​គួរ​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ត្រូវបាន​គេ​រំពឹង​ពីមុន​រួចហើយ​ថា នឹង​ចាក​ចេញពី​គណបក្ស Palang Pracharath (​អំណាច​ប្រជាជន​) របស់លោក ដែលជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​។ ហើយ​លោក​នឹងចូលរួម​ជាមួយ​គណបក្ស​ថៃ​រួបរួម​ជាតិ ដែល​គេ​ជឿថា​ជា​បក្ស​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​រូបលោក​មុន​ការបោះឆ្នោត​នាពេលខាងមុខ​។​

​គណបក្ស​អំណាច​ប្រជាជន​វិញ បានប្រកាសថា​លោក​ឧបនាយករដ្ឋមន្ត្រី​ស្តីទី ប្រា​វីត វង្ស​ស៊ូ​វ៉ាន (Prawit Wongsuwan) នឹង​ក្លាយជា​បេក្ខភាព​របស់​បក្ស​នៅក្នុង​ការបោះឆ្នោត​សកល​ឆ្នាំក្រោយ​។​

​ទាំង​លោក​ប្រា​យុទ្ធ និង ប្រា​វីត សុទ្ធតែ​ធ្លាប់បាន​បម្រើការ​ក្នុង​ជួរ​យោធា​ដូចគ្នា និង​មាន​ចំណង​នយោបាយ​ចងភ្ជាប់​គ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ លោក ប្រា​យុទ្ធ បានឱ្យដឹងថា ទំនាក់ទំនង​រវាង​អ្នក​ទាំង​២​នៅតែ​រឹងមាំ​ល្អ បើទោះបីជា​ផ្លូវ​នយោបាយ​របស់​ពួកគេ​ដើរ​ដល់​ផ្លូវបែក​គ្នា​ក៏ដោយចុះ​។​

​គួរ​ជ្រាបថា កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​របស់​ថៃ​នៅ​មិន​ត្រូវបាន​គេ​សម្រេច​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ប្រសិនបើ​ការបោះឆ្នោត​មិនត្រូវ​បាន​រំលាយចោល​ទេនោះ សភា​ថៃ​នឹងត្រូវ​បញ្ចប់​អាណត្តិ​នៅ​ខែមីនា ដោយ​កំណត់​យក​ការបោះឆ្នោត​នៅ​ខែឧសភា​។​

​គណបក្សប្រឆាំង​ភឿ​ថៃ កំពុង​កើន​ប្រជាប្រិយ​ភាពខ្លាំង ក៏ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន​ដែល​ត្រូវបាន​គូសព្រាង​ដោយ​យោធា បានរៀបចំ​ប្រព័ន្ធ​នេះ​ដើម្បី​គាំទ្រ​ដល់​គណបក្ស​ដែលមាន​ទំនាក់ទំនង​នឹង​កងទ័ព​។ ការណ៍​នេះ​ធ្វើ​ឱ្យគេ​គិតថា លោក​ប្រា​យុទ្ធ នៅតែមាន​ឱកាស​ច្រើន ក្នុងការ​ឈានទៅ​កាន់កា​ប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​មួយ​អាណត្តិ​ទៀត​៕