ខ្មាន់កាំភ្លើង​ម្នាក់ បាន​បើក​ការបាញ់ប្រហារ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង នា​ថ្ងៃ​សុក្រ ទី​២៣ ធ្នូ ដោយបាន​សម្លាប់​មនុស្ស ៣​នាក់ និង​របួស​៣​នាក់​ផ្សេងទៀត​។ ខ្មាន់កាំភ្លើង ជា​ជនជាតិ​បារាំង មាន​អាយុ ៦៩ ឆ្នាំ និង​ទើបតែ​ត្រូវបាន​គេ​ដោះលែង​ពី​មន្ទីរឃុំឃាំង ពីបទ​វាយប្រហារ​ដោយ​ការប្រកាន់​ពូជសាសន៍​។

​ហេតុការណ៍​ខាងលើ បានកើត​ឡើង​នៅឯ​មជ្ឈមណ្ឌល​វប្បធម៌​កួដ (Kurdish) ស្ថិតនៅលើ​ដងផ្លូវ Enghien ក្នុង​សង្កា​ត់ទី​១០ នៃ​ទីក្រុង​ប៉ារីស ជាទី​ប្រជុំជន​មាន​ហាង និង​ភោជនីយដ្ឋាន​ជាច្រើន និង​ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​ជនជាតិ​កួដ​រស់នៅ​ច្រើន​។

​ដំបូង ខ្មាន់កាំភ្លើង​ដៃដល់​រូបនេះ បានកំណត់​គោលដៅ​បាញ់ប្រហារ​លើ​មជ្ឈមណ្ឌល​វប្បធម៌​កួដ មុនពេល​ចូល​សំដៅ​ហាង​កាត់សក់​មួយ ជា​កន្លែង​ដែល​លោក​ត្រូវបាន​ចាប់ខ្លួន​។ ក្នុងចំណោម​អ្នករបួស ៣​នាក់ មាន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​២​នាក់​ទៀត​កំពុង​ព្យាបាល​របួសធ្ងន់​។​

​អាជ្ញាធរ​បារាំង បាន​ផ្តើម​ការស៊ើបអង្កេត​ភ្លាមៗ​ក្រោម​ហេតុផល​ប្រកាន់ពូជសាសន៍​។

​គួរ​ជ្រាបថា ជនសង្ស័យ​មាន​អាយុ ៦៩​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ហើយ​គេ​ដឹង​ដែរ​ថា ខ្មាន់កាំភ្លើង​រូបនេះ​ទើប​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ថ្មីៗ​នេះដែរ​ទេ​។​

​សាក្សី​ជាច្រើន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ខ្មាន់កាំភ្លើង​ដែល​បើក​តាម​ប៉ូលិស គឺជា​ជនជាតិ​បារាំង​ស្បែ​កស ពីមុន​ធ្លាប់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​រើសអើង​ជាតិ​សាសន៍​។​

​ក្រុមប្រឹក្សា​ប្រជាធិបតេយ្យ​កួដ​នៅ​ប្រទេស​បារាំង (CDF-K) ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​កួដ​អា​ម៉េ​ត​-​កា​យ៉ា (Ahmet-Kaya Kurdish) និង​ដែល​ត្រូវបាន​វាយប្រហារ​នោះ បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​។​

​ចំណែក លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​វិញ និយាយថា សហគមន៍​ជនជាតិ​កួដ​ក្នុង​រដ្ឋធានី​ប៉ារីស គឺជា​គោលដៅ​នៃ​ការវាយប្រហារ​ដ៏​សាហាវ ហើយ​បាន​សរសើរ​ប៉ូលិស​ចំពោះ​ភាពក្លាហាន​របស់​ពួកគេ​៕

វីដេអូ៖