
ហាងខារ៉ាអូខេ ១ កន្លែងក្នុងប្រទេសវៀតណាម។ រូបថត AFP
សារព័ត៌មានវៀតណាមផ្សាយថា រដ្ឋបាលនៃរដ្ឋធានីហាណូយ បានផ្អាកហាងខារ៉ាអូខេ និងបារ៍ជាង ១ ១០០ ក្នុងរយៈពេល ២ ខែកន្លងមកនេះ ព្រោះហាងទាំងនោះមិនមានបទដ្ឋានសុវត្ថិភាពអគ្គិភ័យ។
ក្នុងសន្និសីទក្នុងសប្ដាហ៍នេះ ស្តីពីសុវត្ថិភាពអគ្គិភ័យដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Pham TrungHieu ប្រធានការិយាល័យពន្លត់អគ្គិភ័យ និងជួយសង្គ្រោះនៃនាយកដ្ឋានប៉ូលិសហាណូយ បាននិយាយថា ទីក្រុងនេះមានហាងខារ៉ាអូខេ បារ៍ និងក្លិបរាំជាង ១ ៥០០ ក្នុងទីក្រុង Cong An។ លោកថា បន្ទាប់ពីអាជ្ញាធរបើកការត្រួតពិនិត្យរួចមក អាជ្ញាធរសម្រេចផ្អាកដំណើរការហាងជាង ១ ១០០ ក្នុងចំណោមអាជីវកម្មទាំងអស់ ព្រោះហាងទាំងនោះ ប្រឈមនឹងគ្រោះថ្នាក់ដោយសារអគ្គិភ័យ។
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh កាលពីខែកញ្ញា បានស្នើឱ្យក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យ ដោយផ្តោតលើហាងខារ៉ាអូខេ សហគ្រាសដែលមានមនុស្សច្រើន និងអគារផ្ទះល្វែង។
សំណើនេះធ្វើឡើងបន្ទាប់ពីមានអគ្គិភ័យឆេះហាងខារ៉ាអូខេ ១ កន្លែង ក្នុងក្រុង Thuan An នៃខេត្ត Binh Duong សម្លាប់មនុស្ស ៣២ នាក់ កាលពីថ្ងៃទី ៦ ខែកញ្ញា។ ក្នុងខែតុលា អ្នកពន្លត់អគ្គិភ័យ ៣ នាក់ បានស្លាប់ បន្ទាប់ពីព្យាយាមពន្លត់ភ្លើង នៅហាងខារ៉ាអូខេ ១ កន្លែង ក្នុងស្រុក CauGiay ក្រុងហាណូយ។ ឆ្នាំ ២០១៦ ភ្លើងឆេះខារ៉ាអូខេ ១ ទៀត នៅ CauGiay សម្លាប់មនុស្ស ១៣ នាក់។
ទិន្នន័យផ្លូវការវៀតណាមបានបង្ហាញថា ចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ មានអគ្គិភ័យជាង ១៧ ០០០ ករណី ដោយសម្លាប់មនុស្ស ៤៣៣ នាក់ និងរបួស ៧៩០ នាក់។ អ្នកជំនាញប៉ាន់ស្មានថា អគ្គិភ័យ នៅ ៥ ឆ្នាំចុងក្រោយ នាំឱ្យខាតបង់លើសពី ៧ ពាន់ពាន់លានដុង (២៩៧ លានដុល្លារ)៕
វីដេអូ៖