ជំងឺ​កូ​វី​ដដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ចិន កំពុង​ធ្វើឱ្យ​បណ្តា​ប្រទេស​ជាច្រើន​ប្រយ័ត្នប្រយែង ហើយ​ប្រទេស​មួយចំនួន ថែមទាំង​បាន​ចាប់ផ្តើម​ចាត់វិធានការ​ទប់ស្កាត់​ទៀតផង​។ សហរដ្ឋអាមេរិក បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ ដែល​ដាក់​ចេញ​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ ចំពោះ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន បន្ទាប់ពី​ទីក្រុង​ប៉េកាំង​ប្រកាស​ថា​នឹង​បើក​ព្រំដែន​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ។​

​បន្ទាប់ពី​បិទទ្វារ​ព្រំដែន​ពី​ពិភពលោក​រយៈពេល ៣ ឆ្នាំ​រួចមក ចិន នឹង​អនុញ្ញាតឱ្យ​ប្រជាជន​ខ្លួន​ធ្វើដំណើរ​ដោយ​សេរី​ចាប់ពី​ថ្ងៃទី ៨ ខែ​មករា​ខាងមុខ​។ ក៏ប៉ុន្តែ សន្ទុះ​កើនឡើង​នៃ​ករណី​ឆ្លង​កូវីដ នៅ​ក្នុង​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ជាច្រើន​បារម្ភ និង​ចាប់ផ្តើម​មានការ​ប្រុងប្រយ័ត្ន។​

​ជាក់ស្តែង ក្រៅពី​សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន តៃវ៉ាន់ និង​ឥណ្ឌា ក៏បាន​ប្រកាស​ពី​កាតព្វកិច្ច​ធ្វើតេស្ត​ផងដែរ​ទៅលើ​អ្នកដំណើរ​មកពី​ប្រទេស​ចិន​។ ប៉ុន្តែ​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស បាន​និយាយថា​ពួកគេ​មិនមាន​ច្បាប់​ថ្មី​សម្រាប់​រឹតបន្តឹង​លើ​អ្នកទេសចរ​ចិន​នោះទេ។​

​កាលពី​ថ្ងៃ​ពុធ សហរដ្ឋអាមេរិក​បាន​និយាយថា ទិន្នន័យ​កូ​វី​ដដែល​មិន​គ្រប់គ្រាន់​និង​គ្មាន​តម្លាភាព នៅ​ក្នុង​ប្រទេស​ចិន បានរួម​ចំណែក​ដល់ការ​សម្រេចចិត្ត​របស់​អាមេរិក ក្នុងការ​តម្រូវឱ្យ​ធ្វើតេស្ត​រក​កូវីដ ចាប់ពី​ថ្ងៃទី ៥ ខែ​មករា ឆ្នាំ ២០២៣ សម្រាប់​អ្នកដំណើរ​ដែល​ចូល​មក​ពី​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ។

​ចំណែក​គណៈកម្មាធិការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​របស់​គណៈកម្មកា​រ​អឺរ៉ុប​វិញ បាន​កោះប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​វិធាន​ការដែល​អាចធ្វើ​ទៅ​បាន ក្នុង​បំណង​ឆ្លើយតប​ទៅនឹង​ការកើន​ឡើង​ករណី​ឆ្លង​កូវីដ​របស់​ចិន។​

​ពី​ខាង​ទីក្រុង​ប៉េកាំង​ឯណោះ​វិញ ក្រសួងការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការវិវត្ត​នៃ​ស្ថានភាព​ជំងឺ​រាតត្បាត​របស់​ចិន​បច្ចុប្បន្ន​គឺអាច​ព្យាករ និង​ស្ថិតក្រោម​ការគ្រប់គ្រង​បាន។​

​សូមជម្រាបថា ចិន​កំពុង​រាយការណ៍​អំពី​អត្រា​ឆ្លង​កូ​វីដ​ចំនួន ៥ ០០០ ករណី​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ ក្រុម​អ្នកវិភាគ និយាយថា​ចំនួន​ករណី​ឆ្លង​ជាច្រើន​ទៀត​មិន​ត្រូវបាន​រាប់បញ្ចូល​នោះទេ ហើយ​អត្រា​ឆ្លង​ប្រចាំថ្ងៃ​នៅ​ចិន អាច​មាន​ចំនួន​ដល់​ទៅជិត ១ លាន​ករណី​ឯណោះ​។ យោងតាម​របាយការណ៍ មាន​មន្ទីរពេទ្យ​ចិន​ជាច្រើន​ពោរពេញ​ទៅដោយ​អ្នកជំងឺ​លើសលប់ ហើយ​ប្រជាជន​ចិន ក៏​កំពុង​ជួប​ទុក្ខលំបាក​ក្នុងការ​ស្វែងរក​ថ្នាំ​ព្យាបាល​ជាមូលដ្ឋាន​ដែរ៕​