
អាវុធប្រឆាំងរថក្រោះ Volcano។
ក្រសួងការបរទេសអាមេរិក បានព្រមព្រៀងលក់ប្រព័ន្ធប្រឆាំងរថក្រោះដែលបាញ់ចេញពីយានយន្តទៅឱ្យកោះតៃវ៉ាន់។ សេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលក់អាវុធដែលមានតម្លៃប្រមាណ ១៨០ លានដុល្លារនេះ កើតឡើងនៅចំពេលដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំងនៅតែបន្តកើនឡើងជាលំដាប់។
បើតាមមន្ទីរបញ្ចកោណ ការព្រមព្រៀងលក់នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ហើយរួមបញ្ចូលផងដែរនូវប្រព័ន្ធប្រឆាំងរថក្រោះ Volcano រថយន្តដឹកសម្ភារ និងគ្រាប់រំសេវជាដើម។ល។
ក្រសួងការពារជាតិវិញនិយាយថា ការលក់នេះមានគោលបំណងបម្រើ «ផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់តៃវ៉ាន់ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សានូវសមត្ថភាពការពារដ៏គួរឱ្យទុកចិត្ត»។
ប្រព័ន្ធប្រឆាំងរថក្រោះថ្មីនេះ មានសមត្ថភាពពង្រាយមីនប្រឆាំងរថក្រោះ និងមីនប្រឆាំងមនុស្សដោយបាញ់ចេញពីយានជំនិះលើដី ឬឧទ្ធម្ភាគចក្រ។
ចិន បានចេញមុខអះអាងថា កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយព្រមានថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់នឹងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
នៅពេលប្រកាសពីការព្រមព្រៀងលក់អាវុធ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា ខ្លួននឹងពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត តែថាវា នឹងមិនផ្លាស់
ប្តូរតុល្យភាពយោធាជាមូលដ្ឋាននៅក្នុងតំបន់នោះទេ។
គួរជ្រាបថា ការយល់ព្រមលក់អាវុធពីសំណាក់អាមេរិកទៅឱ្យតៃវ៉ាន់នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសចិន បានធ្វើការលុកលុយធំបំផុតមួយ ចូលក្នុងដែនអាកាសដែលគ្រប់គ្រងដោយតៃវ៉ាន់។
សម្ពាធរបស់ចិនលើកោះ បាននិងកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទីក្រុងប៉េកាំងបានបង្កើនសម្ពាធលើតៃវ៉ាន់តាមរយៈមធ្យោបាយយោធា នយោបាយ និងសេដ្ឋកិច្ច ហើយទំនាក់ទំនងរវាងភាគីទាំង ២ កាន់តែអាក្រក់ទៅៗ។
សកម្មភាពកំញើញតៃវ៉ាន់របស់ចិនក្នុងឆ្នាំ ២០២២ មានជាង ១ ៧០០ ដងហើយគិតរហូតមកដល់ពេលនេះ បើប្រៀបធៀបទៅនឹង ៩៦៩ ដង ក្នុងឆ្នាំ ២០២១ និង ១៤៦ ដង ក្នុងឆ្នាំ ២០២០។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP៕
វីដេអូ៖