
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២២។ រូបថត AFP
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូនាថ្ងៃសុក្រ ទី ៣០ ធ្នូ ឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង បាននិយាយថា នឹងស្វះស្វែងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២។
រុស្ស៊ីបានខ្នះខ្នែងចង់ពង្រឹងទំនាក់ទំនងទាំងនយោបាយ និងយោធារបស់ខ្លួនជាមួយសម្ព័ន្ធមិត្តដ៏សំខាន់គឺចិន ចាប់តាំងពីទីក្រុងម៉ូស្គូប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិចដែលមិនធ្លាប់មានពីមុនមក ដោយសារការឈ្លានពានលើអ៊ុយក្រែន។
តាំងពីដើមមក ចិនមិនធ្លាប់បានថ្កោលទោសរុស្ស៊ី ជុំវិញការធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ។ ទីក្រុងប៉េកាំង បានរក្សានូវអ្វីដែលខ្លួននិយាយថាជាជំហរមិនលំអៀង និងអព្យាក្រឹតជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយបានផ្តល់ការគាំទ្រផ្នែកការទូតដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួន។
នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូកាលពីថ្ងៃសុក្រ លោក ពូទីន បាននិយាយរយៈពេលប្រមាណ ៨នាទី។ នៅក្នុងសុន្ទរកថាដំបូងរបស់លោក លោកបាននិយាយដោយរំពឹងថាលោកស៊ី នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីក្នុងរដូវផ្ការីក នាឆ្នាំ ២០២៣ខាងមុខ។ សម្រាប់លោកពូទីន ទស្សនកិច្ចរបស់លោក ស៊ី នឹងបង្ហាញដល់ពិភពលោកនូវភាពជិតស្និទ្ធនៃទំនាក់ទំនងរុស្ស៊ី និងចិន។
«យើង មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងចិន»។ លោក ពូទីន បានប្រាប់លោក ស៊ី ដូច្នោះដោយហៅមេដឹកនាំចិនថាជា «មិត្តសម្លាញ់»ទៀតផង។
ទន្ទឹមនេះ លោកពូទីន បាននិយាយដែរថា៖ «នៅក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-ចិន គឺជាកត្តាស្ថិរភាព ដែលចាំបាច់ត្រូវពង្រឹង»។
យោងតាមការបកប្រែដែលផ្តល់ដោយទូរទស្សន៍រុស្ស៊ី លោក ស៊ី បានប្រាប់លោក ពូទីន ថាទីក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយរុស្ស៊ី។
ក្នុងការឆ្លើយតបយ៉ាងខ្លីទៅកាន់លោក ពូទីន មេដឹកនាំចិនបាននិយាយថា ភាពជាដៃគូរុស្ស៊ី-ចិន ផ្តល់អត្ថផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក ស៊ី បានប្រាប់លោក ពូទីន ថា៖ «យើងរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ»។លោក ស៊ី បានបន្ថែមទៀតថា ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ បានបង្ហាញពីភាពធន់របស់ប្រទេសទាំងពីរនៅក្នុងយុគសម័យថ្មី។
ជាមួយគ្នានេះ លោក ស៊ី ក៏បានប្រាប់លោក ពូទីន ដែរថា ទីក្រុងប៉េកាំងនឹងបន្តរក្សាគោលជំហរមិនលំអៀង និងយុត្តិធម៌របស់ខ្លួនចំពោះសង្គ្រាមនៅអ៊ុយក្រែន៕