
ខណៈដែលប្រទេសជាច្រើន ផ្តើមចាត់វិធានការរឹតបន្តឹងលើអ្នកដំណើរមកពីចិន អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បាននិយាយថា មន្ត្រីចិនត្រូវតែចែករំលែកព័ត៌មានជាក់លាក់ទាន់ពេលវេលាបន្ថែមទៀតអំពីស្ថានភាពកូវីដ ស្របពេលដែលសន្ទុះករណីឆ្លងកូវីដកំពុងកើនឡើងនៅក្នុងប្រទេសចិន។
ប្រទេសចិន បានដកចេញនូវវិធានការរឹតបន្តឹងតឹងរ៉ឹងជាច្រើនរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏ប៉ុន្តែករណីឆ្លងកូវីដបានកើនឡើងមកវិញ ហើយឥឡូវនេះ ប្រទេសជាច្រើន កំពុងដាក់ចេញវិធានការត្រួតពិនិត្យលើអ្នកធ្វើដំណើរមកពីប្រទេសចិន។
មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា ពួកគេចង់ឃើញទិន្នន័យបន្ថែមទៀតទាក់ទងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការចូលបន្ទប់ថែទាំអ្នកជំងឺឈឺធ្ងន់ និងការស្លាប់។ WHO ក៏ចង់បានផងដែរ តួលេខស្តីពីការចាក់វ៉ាក់សាំង។
សហរដ្ឋអាមេរិក អេស្ប៉ាញ បារាំង កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី ជប៉ុន និងតៃវ៉ាន់ សុទ្ធតែបានដាក់ចេញការធ្វើតេស្តរកកូវីដ ចំពោះអ្នកធ្វើដំណើរមកពីចិន ដោយសារតែពួកគេភ័យខ្លាចការរីករាលដាលនៃមេរោគនេះជាថ្មី។ ហើយអ្នកដំណើរដែលចេញពីប្រទេសចិន ទៅប្រទេសអង់គ្លេស នឹងត្រូវផ្តល់លទ្ធផលតេស្តអវិជ្ជមានកូវីដ មុនពេលពួកគេឡើងយន្តហោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីចិន ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បាននិយាយថា៖ «WHO ជាថ្មីម្តងទៀត បានស្នើសុំឱ្យចែករំលែកជាទៀងទាត់នូវទិន្នន័យជាក់លាក់ និងទាន់ពេលវេលាអំពីស្ថានភាពជំងឺរាតត្បាត... និងទិន្នន័យស្តីពីការចាក់ថ្នាំវ៉ាក់សាំង ជាពិសេស ចំពោះអ្នកដែលងាយរងគ្រោះ និងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ»។
ទន្ទឹមនេះ WHO បានលើកឡើងថា ខ្លួនមានឆន្ទៈក្នុងការផ្តល់ការគាំទ្របច្ចេកទេស ក៏ដូចជា ជួយដោះស្រាយបញ្ហានៃការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។
ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ផងដែរ៖ «សារៈសំខាន់នៃការត្រួតពិនិត្យ និងការផ្សព្វផ្សាយទិន្នន័យឱ្យទាន់ពេលវេលា គឺដើម្បីជួយប្រទេសចិន និងសហគមន៍ពិភពលោកក្នុងការធ្វើការវាយតម្លៃហានិភ័យឱ្យបានត្រឹមត្រូវ និងដើម្បីជូនដំណឹងអំពីការឆ្លើយតបប្រកបដោយប្រសិទ្ធភាព»។
គួរជ្រាបថា ក្រុមប្រឹក្សាបច្ចេកទេសរបស់ WHO ស្តីពីការវិវត្តនៃជំងឺកូវីដ១៩ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ WHO ប្រាប់ថា ខ្លួនបានអញ្ជើញអ្នកវិទ្យាសាស្ត្រចិន ឱ្យបង្ហាញទិន្នន័យលម្អិតអំពីការវិវត្តនៃមេរោគ។ ហើយសម្រាប់ WHO វាគឺជារឿងដែលអាចយល់បាន ដែលប្រទេសមួយចំនួនកំពុងដាក់វិធានថ្មីទៅលើអ្នកដំណើរដែលមកចិន៕
វីដេអូ៖