ថ្ងៃទី ២ ខែមករា​ ឆ្នាំ ២០២៣ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក​ យូន ​ស៊ុកយ៉ល (Yoon Suk-yeol) ​បាន​លើក​ឡើង​ថា កូរ៉េខាងត្បូង​និង​សហ​រដ្ឋ​អាមេរិក​ កំពុង​ពិភាក្សា​គ្នាពី​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​សហ​រដ្ឋអាមេរិក​ ខណៈដែល​មេដឹកនាំ​កូរ៉េខាងជើង​លោក ​គីម​ ជុងអ៊ុន​ (Kim Jong Un) ​បាន​ចាត់​ទុក​កូរ៉េខាងត្បូង​ថា​ជា​សត្រូវ​មិន​ចេះ​លាក់​មុខ​ ដែល​បានបង្ក​ឱ្យ​មាន​តាន​តឹង​កាន់​តែខ្លាំង​ នៅ​តំបន់​ព្រំដែន​។​

ការ​អត្ថា​ធិប្បាយ​របស់​ប្រធានាធិបតី​ យូន បាន​ធ្វើឡើង​នៅ​ក្នុង​បទសម្ភាសន៍​ដល់​កាសែត​មួយ​ ដែល​បាន​ចេញផ្សាយ​កាល​ពីថ្ងៃចន្ទ​ បន្ទាប់​ពីលោក​ បាន​អំពាវនាវ​ឱ្យមាន​ការរៀប​ចំ​ធ្វើសង្រ្គាម​ដោយ​ប្រើប្រាស់​នូវ​សមត្ថភាព​យោធា​និង​សព្វាវុធ​ដ៏​ច្រើន​លើសលប់​របស់ខ្លួន។​ការ​អំពាវនាវ​នេះ​ បន្ទាប់​ពីកូរ៉េខាងត្បូង​បាន​កត់​សម្គាល់​ឃើញថា ​មាន​កំណើន​នៃ​ចំនួន​កំណត់​ត្រា​សាកល្បង​បាញ់​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង​ និ​ង​ការ​ឈ្លានពាន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចូលទៅ​ក្នុង​ដែន​អាកាស​ភាគ​ខាងត្បូង​របស់​កូរ៉េ​ខាងត្បូង ​កាល​ពី​សប្ដាហ៍​មុន​។​

លោក​យូន​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជា​មួយ​កាសែតមួយ​ដែល​មានឈ្មោះថា​Chosun​ Ilbo​ថា «អាវុធ​នុយ ក្លេអ៊ែរ​ជា​កម្ម​សិទ្ធិ​របស់​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​ការរៀន​ចំផែនការ ​ការ​ចែក​រំលែក​ព័ត៌មាន ​ការ​ធ្វើ​សមយុទ្ធ​ និង​ការ​ហ្វឹកហាត់​ គួរតែ​ធ្វើឡើង​រួមគ្នា​រវាង​កូរ៉េខាងត្បូង​និង​សហ​រដ្ឋអាមេរិក»​។​

កាសែត​នេះ​ បាន​ដក​ស្រង់​សម្តី​លោក ​យូន​ដែល​បាន​ថ្លែងផង​ដែរ​ថា​ ការរៀបចំ​ផែនការ​ធ្វើ​សមយុទ្ធ​រួមគ្នា​មាន​គោល​បំណង​អនុវត្តឱ្យ​កា​ន់​តែមាន​ប្រសិទ្ធ​ភាព​នូវ​វិធានការ​រារាំង​បន្ថែម​ទៀត​ពី​សំណាក់​សហ​​រដ្ឋ​អាមេរិក​ហើយ​ទីក្រុង​វ៉ាស៊ីនតោន​ក៏​យល់ឃើញជា​វិជ្ជមាន​ផងដែរ​ជុំវិញ​គំនិត​ផ្ដួចផ្ដើម​មួយនេះ​។

ពាក្យថា​«ការ​រារាំង​បន្ថែម» មាន​ន័យថា ​សមត្ថភាព​របស់​យោធា​សហរដ្ឋ​អាមេរិក​ ជា​ពិសេស​កម្លាំង​អាវុធនុយ​ក្លេអ៊ែរ​អាច​ទប់ស្កាត់​ការ​វាយប្រហារ​ណាមួយ​ដែល​អាចកើត​មានឡើង​ទៅលើ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។​

ដោយឡែក​នៅពេល​ដែលមាន​ការ​សួរ​នាំអំពីការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​យូន អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​បាន​លើកឡើងថា​៖ «យើង​មិនមាន​អ្វីត្រូវ​ប្រកាស​នៅ​ថ្ងៃនេះ​នោះទេ​» ដោយលោក​ បាន​បន្ថែម​ថា​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង២ នៅតែ​មាន​ភាព​រឹងមាំ​ជា​និច្ច។​គួរ​បញ្ជាក់ថា ​ការ​អត្ថា​ធិប្បាយ​របស់​លោក​ យូន​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​១ ថ្ងៃបន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាង​ជើង​បាន​រាយការណ៍ថា​មេដឹកនាំ​របស់ខ្លួន​គឺ​លោក​ គីម​បាន​អំពាវនាវ​ឱ្យ​មាន​ការ​អភិវឌ្ឍ​មីស៊ីល​ផ្លោង​អន្តរទ្វីប​ ឬហៅកាត់​ជា​ភាសា​អង់គ្លេស​ថា ​ICBMs​និង​ការ​ពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ជា​ទ្វេគុណ​។​

កាល​ពី​សប្តាហ៍មុន​ នៅឯ​កិច្ច​ប្រជុំបក្ស​ពលករ​ដែល​កំពុង​កាន់​អំណាច ​លោក​ គីម បាន​ថ្លែងថា​ឥឡូវនេះ​កូរ៉េខាងត្បូង​បាន​ក្លាយជា​សត្រូវ​ដោយ​បើក​ចំហ​របស់​កូរ៉េខាង​ជើង ​ហើយ​លោក​ក៏​បាន​ដាក់ចេញ​នូ​វគោលដៅ​យោធាថ្មី​ នោះ​គឺការ​ធ្វើតេស្ត​សាកល្បង​អាវុធ​បន្តទៀត​ ខណៈ​ភាពតាន​តឹង ហាក់​នឹង​មិន​មានភាព​ធូរស្រាល​នោះ​ទេក្នុង​រយៈពេល១​ឆ្នាំទៅ​មុខទៀត​។​

គួរ​កត់​សម្គាល់ថា​ កន្លង​មក ​​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េទាំង​២​ នៅមាន​ភាព​ល្អក់​កករ ​ហើយ​ក៏ត្រូវ​បាន​រង្គោះរង្គើ​កាន់តែ​ខ្លាំងបន្ថែម​ទៀត ​ចាប់តាំង​ពីលោក​ យូន ​បាន​ឡើង​ចូល​កាន់តំណែង​ជា​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ក្នុង​ខែ​ឧសភា​ ដោយ​លោក​បានសន្យាថា ​នឹង​ប្រកាន់​គោល​ជំហរ​យ៉ាងតឹងរ៉ឹង​ជា​មួយ​កូរ៉េ​ខាងជើង​។​

គួររំឭកថា ​កាលពី​ថ្ងៃ​អាទិត្យ​ ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​មីស៊ីល​ផ្លោងរ​យៈ​ចម្ងាយ​ខ្លីមួយ​ចេញពី​ឆ្នេរសមុទ្រ​ភាគខាង​កើត​របស់ខ្លួន ​ក្នុង​ពេលរាត្រី​ដ៏​ស្ងប់ស្ងាត់ ​ដែលនោះ​ អាចជា​ការ​បាញ់​សាកល្បង​ដើម្បី​អបអរ​ថ្ងៃ​ចូល​ឆ្នាំថ្មី​ បន្ទាប់ពី​ខ្លួន​បាន​បាញ់ផ្លោង​ចំនួន៣​គ្រាប់​រួចមក​ហើយ​ផងដែរ​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​។​

ទី​ភ្នាក់ងារ​សារ​ព័ត៌មាន ​KCNA ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង ​បាន​រាយការណ៍​ថា​ គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​ នឹង​ត្រូវបាន​បាញ់ចេញ​ពី​ប្រព័ន្ធ​បាញ់គ្រាប់​រ៉ុក្កែត​ដ៏​ធំបំផុត​របស់ខ្លួន​ ដែល​លោក ​គីម​បាន​ថ្លែងថា​ «កូរ៉េខាងជើង​អាចមាន​សមត្ថ​ភាព​បាញ់ក​ម្ទេច​កូរ៉េខាង​ត្បូង​ទាំងមូល ​ដោយគ្រាន់​តែ​ប្រើប្រាស់​នូវ​ក្បាល​គ្រាប់នុយ​ក្លេអ៊ែរ​តាកតិច​»​។​

ការ​ជំរុញ​ការ​អភិវឌ្ឍ​កម្មវិ​ធីនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ បានធ្វើឱ្យ​មានការ​ជជែក​ដេញដោល​ជុំវិញ​បញ្ហាថា​ តើ​កូរ៉េខាងត្បូង​ គួរ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ដែរឬទេ ​ប៉ុន្តែ​លោក យូន​បាន​បញ្ជាក់​ពី​ជំហរ​នៅក្នុង​បទសម្ភាសន៍​ ថា​ការ​ប្រកាន់​ខ្ជាប់នូវ​សន្ធិសញ្ញា​ស្តីពីការ​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នៅតែ​មាន​សារៈសំខាន់។​ ក៏​ប៉ុន្តែ ដើម្បី​ទប់ទល់​នឹង​ការ​គម្រាម​កំហែង​របស់​កូរ៉េ​ខាងជើង ​អង្គភាព​យោធា​កូរ៉េខាងត្បូង ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃចន្ទ​ថា​ ខ្លួនបាន​បង្កើត​នាយកដ្ឋាន​ថ្មីក្រោម​អគ្គ​សេនាធិការ​ចម្រុះ ​ដើម្បី​ទប់ទល់​នឹង​សមត្ថភាព​នុយក្លេអ៊ែរ ​និង​អាវុធប្រល័យ​លោក​របស់កូរ៉េខាង​ជើងរួចជា​ស្រេច​ហើយ​។​

ជា​មួយគ្នា​នេះដែរ​ ប្រទេស​កូរ៉េខាងជើង​ ក៏​បានធ្វើការរុះរើ​ថ្នាក់​ដឹកនាំ​យោធា​របស់ខ្លួន​ ដោយបាន​បណ្តេញ​លោក ​ផាក ​ចុងឆុន​ (Pak Jong Chon)ដែលជា​មន្ត្រី​យោធា​លំដាប់ទី២ ​បន្ទាប់ពី​លោក ​គីម​និង​ជំនួសវិញ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់ខ្លួន​ និងជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​កូរ៉េខាងជើង។​ នេះបើយោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋកូរ៉េខាងជើង។​យ៉ាងណា​ក៏​ដោយ ហេតុផល​នៅពី​ក្រោយ​ការ​បណ្ដេញ​ចេញ​លោក​ ផាក​ មិនត្រូវ​បាន​គេដឹង​នោះទេ។ ​ទីក្រុង​ព្យុងយ៉ាង​តែងតែ​ធ្វើការ​ផ្លាស់ប្ដូរ​មេដឹក​នាំ​របស់​ខ្លួនជា​ទៀងទាត់ និ​ងតែងតែ​ប្រើប្រាស់​ព្រឹត្តិការណ៍​គណបក្ស​ដើម្បី​ប្រកាស​អំពី​ការរុះរើ​មន្ត្រី​សំខាន់ៗ​។​

លោក ហុង​ មិន​ (Hong Min)​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​ការ​បង្រួប​បង្រួម​ជាតិ​ បាន​លើកឡើងថា​ឆ្នាំនេះ​អាចជាឆ្នាំ​នៃ​វិបត្តិធ្ងន់ធ្ង​​រ​ដោយសារ​តែ​ភាពតាន​តឹង​ផ្នែក​យោធានៅ​ឧបទ្វីបកូរ៉េ​នឹងកើន​ឡើងកាន់​តែខ្លាំង​ជាង​កាលពី​ឆ្នាំ២០១៧​ដែល​កាលនោះ​ទីក្រុងព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មីស៊ីល​ប្រភេទ​ICBM ​ជា​លើក​ដំបូង​ និងជា​គម្រប់​ចំនួន​តេស្ដ​នុយក្លេ​អ៊ែរ​របស់​ខ្លួនជា​លើកទី៦​។​

អ្នក​ស្រាវជ្រាវ​រូបនេះ​បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ប្រកាន់​ជំហរ​ដ៏រឹង​រូស​របស់​កូរ៉េ​ខាងជើង​ និង​ការអភិវឌ្ឍ​គ្រឿង​សព្វាវុធ​ដ៏​ខ្លាំងក្លា​ដើម្បី​ទប់ទល់​ជា​មួយ​សមយុទ្ធ​រួម​រវាងកូរ៉េខាងត្បូង​និង​អាមេរិក ​អាច​នឹង​បង្កើន​ភាពតាន​តឹងមួយ​កម្រិត​ទៀត ដែល​អាចឈាន​ដល់​ការ​ប៉ះទង្គិច​ណាមួយ។ ​យើង​មិនអាចដឹង​មុន​ទេថា​តើភាគី​ទាំង២​អាច​នឹងមាន​ការ​យល់​ច្រឡំ​អំពី​ស្ថានការណ៍​ណាមួយ ​ដែល​បណ្ដាល​ឱ្យ​ឈាន​ដល់​ការប៉ះ​ទង្គិច ​ឬ​ក៏​អត់​នោះទេ»៕