ក្រុមហ៊ុន Amazon បានឱ្យដឹងថា​ខ្លួន​គ្រោង​នឹង​កាត់​បុគ្គលិក​ចេញ​ជាង ១៨ ០០០ នាក់ នៅ​ខណៈពេល​ដែល​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​បន្ត​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។ បុគ្គលិក​ធ្វើការ​ងារ​ជាច្រើន​ផ្នែក​នឹងរង​ផលប៉ះពាល់​ពី​ចំណាត់ការ​នេះ រួមទាំង​ផ្នែក​ធនធាន​មនុស្ស និងហាង​អាម៉ាហ្សូន (Amazon Stores)​។ នេះ​បើ​យោងតាម​អនុស្សរណៈ​ដែល​នាយក​ប្រតិបត្តិ​លោក អេនឌី ចាសស៊ី (Andy Jassy) បាន​ចែករំលែក​ជាមួយ​បុគ្គលិក។​

​កាលពី​ខែវិច្ឆិកា លោក ចាស​ស៊ី ធ្លាប់បាន​និយាយថា ការកាត់បន្ថយ​ចំនួន​បុគ្គលិក​នៅ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​នឹង​បន្ត​រហូតដល់​ដើមឆ្នាំ ២០២៣។​

​បើតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon ដដែល​នេះ ការកាត់បន្ថយ​បុគ្គលិក​នឹង​ជួយ​ក្រុមហ៊ុន​ឱ្យ​បន្ត​នូវ​ឱកាស​រយៈពេល​វែង​ជាមួយនឹង​ការរៀបចំ​ខ្ទង់ចំណាយ​ដែល​ប្រសិទ្ធ​ភាពល្អ​ជាង​មុន តែ​ទន្ទឹម​នេះ លោក​បាន​ចាត់ទុក​ចំណាត់​ការបញ្ឈប់​បុគ្គលិក​នេះ​ថា ជាការ​សម្រេចចិត្ត​ដ៏លំបាក​មួយ​។ ក្រុមហ៊ុន Amazon នឹង​ចាប់ផ្តើម​ជូនដំណឹង​ដល់​បុគ្គលិក​ដែល​រង​ផលប៉ះពាល់​ចាប់ពី​ថ្ងៃទី ១៨ ខែ​មករា​ខាងមុខ។

​គួរ​ជ្រាបថា អាជីវកម្ម​របស់ Amazon ដំបូង​ឡើយ​បាន​រីកដុះដាល​ក្នុងអំឡុងពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដោយសារ​អ្នកប្រើប្រាស់ ពឹង​ផ្អែកលើ​ការទិញ​ទំនិញ​ផ្សេងៗ​សព្វគ្រប់​បែបយ៉ាង​តាម​អ៊ីនធឺណិត។​

​ទោះជា​យ៉ាងណាក៏ដោយ នៅ​ឆ្នាំនេះ ក្រុមហ៊ុន​កំពុង​ប្រឈមមុខ​នឹង​ការវិល​ត្រលប់​ទៅរក​ទម្លាប់​ទិញ​ទំនិញ​ដោយ​ផ្ទាល់ ក៏ដូចជា​ការ​កើនឡើង​អតិផរណា​ដែល​បាន​កាត់បន្ថយ​តម្រូវការ​របស់​អ្នកប្រើប្រាស់​តាម​អនឡាញ​យ៉ាងខ្លាំង​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​ប្រមាណ ៥០% កាលពី​ឆ្នាំទៅ​មិញ។

ក៏ដូចជា​លោក ចាស​ស៊ី ដែរ ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ផ្នែក​បច្ចេកវិទ្យា​មួយចំនួន​ទៀត បាន​ទទួល​ស្គាល់​តាំងពី​ពេលនោះ​មក​ថា ពួកគេ​បាន​បរាជ័យ​ក្នុងការ​គណនា​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ក្នុង​អំឡុង​និង​ក្រោយ​ពេល​នៃ​ការរីក​រាតត្បាត​កូវីដ។​

​មេ​តា​ដែលជា​ក្រុមហ៊ុនមេ​របស់​ហ្វេសប៊ុក ថ្មីៗ​នេះ​បាន​ប្រកាស​កាត់បន្ថយ​បុគ្គលិក​ចំនួន ១១ ០០០ នាក់ ដែល​ជា​ចំនួន​ដ៏ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​។ ធ្វីធើរ​វិញ ក៏បាន​ប្រកាស​កាត់បន្ថយ​បុគ្គលិក​យ៉ាងច្រើន​ផងដែរ​បន្ទាប់​ពី​លោក Elon Musk បាន​ទិញ​ក្រុមហ៊ុន​នេះ​ក្នុងតម្លៃ ៤៤ ពាន់​លានដុល្លារ។

មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ នៅ​សប្តាហ៍​នេះ Salesforce ដែលជា​ក្រុមហ៊ុន​កម្មវិធី cloud-based របស់​អាមេរិក​បាន​និយាយថា​នឹង​កាត់បន្ថយ​បុគ្គលិក​របស់ខ្លួន​ចំនួន ១០%៕