សហរដ្ឋអាមេរិក នៅ​ថ្ងៃ​សុក្រ ទី​៦ មករា ឆ្នាំ ២០២៣ បានចេញ​ទណ្ឌកម្ម​ថ្មី​សំដៅលើ​ក្រុម​អ្នកផ្គត់ផ្គង់​យន្ត​ដ្រូ​ន​គ្មាន​មនុស្ស​បើក​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយថា ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ក្នុងអំឡុងពេល​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​រតនាគារ​អាមេរិក​បាន​និយាយថា​ខ្លួន​បានដាក់​ទណ្ឌកម្ម​លើ​អ្នកគ្រប់គ្រង​និង​សមាជិក​ក្រុមប្រឹក្សាភិបាល ៦​រូប​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​អ៊ីរ៉ង់ (QAI)​។

​រតនាគារ​អាមេរិក​បាន​ហៅ QAI ដែលជា​ក្រុមហ៊ុន​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ ២០១៣ ថា​ជា​អ្នក​ផលិត​អាវុធ​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​រចនា និង​ផលិត​យន្ត​ដ្រូ​ន​គ្មាន​មនុស្ស​បើក​។​

​លេខាធិការ​រតនាគារ​អាមេរិក​លោកស្រី ចា​នែ​ត យេ​លែ​ន (Janet Yellen) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​យើង​នឹង​បន្ត​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​ទាំងអស់​របស់​យើង ដើម្បី​ទប់ស្កាត់​លោកពូ​ទីន ពី​ការប្រើប្រាស់​អាវុធ​ដែល​គាត់​កំពុង​ប្រើ​ដើម្បី​ធ្វើសង្គ្រាម​ដ៏​សាហាវ​លើ​អ៊ុយ​ក្រែ​ន​»​។​

​ទណ្ឌកម្ម​របស់​អាមេរិក​កាលពី​ថ្ងៃ​សុក្រ ក៏​វាយ​សំដៅ​ផងដែរ​ទៅលើ​នាយក​អង្គការ​ឧស្សាហកម្ម​អវកាស​អ៊ីរ៉ង់​ដែល​រតនាគារ​អាមេរិក​ចាត់ទុកថា​ជា​អង្គការ​ដ៏​សំខាន់​ទទួលខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​អ៊ីរ៉ង់​។​

​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក គឺជា​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​រារាំង​ពលរដ្ឋ​អាមេរិក​មិនឱ្យ​រកស៊ី​ជួញដូរ​ជាមួយ​ពួកគេ​។ អ្នក​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជាក់លាក់​ជាមួយ​ពួកគេ​ក៏​ប្រឈម​នឹង​ការទទួល​ទណ្ឌកម្ម​ផងដែរ​។​

​គួររំឭកថា សហរដ្ឋអាមេរិក​កន្ល​ង​មក​ធ្លាប់បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​បុគ្គល​ដែល​អាមេរិក​ចោទប្រកាន់ថា​បាន​ផលិត ឬ​ដឹកបញ្ជូន​យន្ត​ដ្រូ​ន​អ៊ីរ៉ង់​ទៅឱ្យ​រុស្ស៊ី​ដើម្បី​ប្រើ​ក្នុងការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន​។​

​កាលពី​ខែវិច្ឆិកា អ៊ីរ៉ង់​ធ្លាប់បាន​ទទួលស្គាល់​ជា​លើក​ទី​១ ថា បាន​ផ្គត់ផ្គង់​យន្ត​ដ្រូ​ន​គ្មាន​មនុស្ស​បើក​ទៅឱ្យ​រុស្ស៊ី​ពិតមែន តែ​ថា​ការផ្គត់ផ្គង់​នេះ​ធ្វើឡើង​តាំងតែ​ពីមុន​ពេល​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នា​ចុងខែ​កុម្ភៈ​មកម្ល៉េះ​។ ចំណែក ទីក្រុង​ម៉ូស្គូ​វិញ​បាន​បដិសេធថា​កងកម្លាំង​របស់ខ្លួន​មិនបាន​ប្រើប្រាស់​យន្ត​ដ្រូ​ន​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​៕

វីដេអូ៖