
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង កាលពីថ្ងៃសុក្រម្សិលមិញ នៅម៉ោងខ្ទង់ប្រមាណ ២ រសៀល (ម៉ោងនៅក្នុងស្រុក) នៅឯសាលាបឋមសិក្សា Richneck ក្នុងទីក្រុង Newport News។
ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីរូបគេបានបាញ់គ្រូបង្រៀនមួយរូបនៅរដ្ឋវឺជីនៀ (Virginia) នៃសហរដ្ឋអាមេរិក។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង កាលពីថ្ងៃសុក្រម្សិលមិញ នៅម៉ោងខ្ទង់ប្រមាណ ២ រសៀល (ម៉ោងនៅក្នុងស្រុក) នៅឯសាលាបឋមសិក្សា Richneck ក្នុងទីក្រុង Newport News។ នេះបើតាមប្រសាសន៍របសលោក ស្ទីវ ឌ្រូ ដែលជាមេប៉ូលិស។
គេនៅមិនទាន់ដឹងច្បាស់ទេថាតើក្មេងប្រុសមានកាំភ្លើងដោយរបៀបម៉េច តែលោក ឌ្រូ និយាយថា គ្រូបង្រៀនស្ត្រីដែលមានវ័យខ្ទង់ ៣០ឆ្នាំ ត្រូវបានបាញ់ប្រហារនៅក្នុងថ្នាក់រៀន ហើយឧបទ្ទវហេតុនេះមិនមែនជាការបាញ់ប្រហារដោយចៃដន្យនោះទេ។
គ្រូបង្រៀនដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណនោះ បានរងរបួសដែលគំរាមកំហែងដល់អាយុជីវិត។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ និងកំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យតាមដានយ៉ាងដិតដល់។
ទាក់ទងរឿងនេះ មន្ត្រីប៉ូលិសបានឱ្យដឹងដែរថា មានជម្លោះមួយកើតឡើងរវាងគ្រូ និងសិស្សអាយុ ៦ឆ្នាំ ហើយមិនមានសិស្សផ្សេងទៀតជាប់ពាក់ព័ន្ធនោះទេក្នុងហេតុការណ៍បាញ់ប្រហារនេះ។ ចំណែកការស៊ើបអង្កេតវិញ កំពុងបន្តធ្វើដោយអាជ្ញាធរ។
លោក ស្ទីវ ឌ្រូ បានលើកឡើងថា៖ «យើងនឹងធ្វើការស៊ើបអង្កេតឱ្យចប់រួចរាល់។ មានសំណួរដែលយើងចង់សួរ និងស្វែងយល់។ ខ្ញុំចង់ដឹងថាតើអាវុធនោះបានមកពីណា តើស្ថានភាពវាកើតឡើងដោយបែបណា»។
នាយកសាលា Newport News លោក ចច ផាកឃឺរ (George Parker) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ ថា៖ «ខ្ញុំរន្ធត់ចិត្ត ហើយខ្ញុំខូចចិត្ត។ យើងត្រូវអប់រំកូនៗរបស់យើង ហើយយើងត្រូវរក្សាពួកគេឱ្យមានសុវត្ថិភាព»។
បន្ថែមលើនេះ លោកបានមានប្រសាស៍ថា៖ «យើងត្រូវការការគាំទ្រពីសហគមន៍ ការគាំទ្រជាបន្ត ដើម្បីធ្វើឱ្យប្រាកដថា កាំភ្លើងគឺគ្មានសម្រាប់យុវជន ហើយសម្តីខ្ញុំស្តាប់ទៅប្រៀបបីដូចជាការបំបែកកំណត់ត្រាមួយនៅថ្ងៃនេះ ពីព្រោះខ្ញុំបន្តអះអាងម្តងទៀតថា យើងត្រូវរក្សាទុកកាំភ្លើងឱ្យផុតពីដៃរបស់យុវជនរបស់យើង»។
គួរជ្រាបថា សាលាបឋមសិក្សា Richneck នឹងត្រូវបិទនៅថ្ងៃចន្ទ។ លោក ផាកឃឺរ បានសន្យាថា សិស្សានុសិស្ស និងមាតាបិតានឹងទទួលបានការគាំទ្រ ដើម្បីជួយពួកគេដោះស្រាយជាមួយនឹងព្រឹត្តិការណ៍ដ៏តក់ស្លុតនេះ៕