ក្រុម​អ្នក​សង្កេតការណ៍ បាន​និយាយថា ទោះបីជា​មាន​ការ​បន្ធូរបន្ថយ​សកម្មភាព​តាម​ដងផ្លូវប្រឈម​មុខ​នឹង​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​ក្តី​ក៏​ក្រុមបាតុករ​អ៊ីរ៉ង់ ​នៅតែ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ដោយ​បព្វជិត​ អ៊ិស្លាម រយៈពេល​ ៤ ​ខែ ក្នុង​ចលនា​របស់​ពួកគេ​។

មានការ​តវ៉ា​តាមដង​ផ្លូវ​ប្រចាំ​ថ្ងៃនៅ​ទូទាំង​ប្រទេស​តិចជាង​មុន ចាប់តាំង​ពីខែ​វិច្ឆិកា​មក ខណៈ​ដែល​អាជ្ញាធរ​ស្វែង​រក​ការបង្ក្រាប​ការ​តវ៉ាជា​មួយ​នឹង​វិធីសាស្រ្ត​ផ្សេងៗ ក្នុង​នោះ​មាន​ការ​ដាក់ទោស​ទណ្ឌដល់​ជីវិត​ ដែល​បានឃើញ​មាន​ការ​ប្រហារ​ជីវិត​មនុស្ស៤​នាក់​ហើយ​ទាក់ទង​នឹង​ការ​តវ៉ា​ទាំង​នោះ។

ប៉ុន្តែ​កំហឹង​ដែលបានផ្ទុះឡើយ​ដោយសារ​ការ​ស្លាប់​នៅពាក់​កណ្តាល​ខែ​កញ្ញា​របស់​Mahsa Amini ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​ច្បាប់​ស្លៀក​ពាក់​ដ៏​តឹងរុឹង​របស់​សាធារណ​រដ្ឋ​អ៊ិស្លាម​នោះ មិន​បានធូរ​ស្រាលទេ ហើយវិបត្តិ​សេដ្ឋកិច្ច នៅតែ​បង្កការ​គំរាមកំហែង​ដល់​របប​អ៊ីរ៉ង់​។

ស្របពេលជា​មួយ​គ្នា​នោះដែរ ​ការ​តវ៉ា​បាន​ធ្វើឡើង​ទៅ​តាម​ទម្រង់​ផ្សេង​ៗ ជា​ពិសេស​ការ​ធ្វើ​កូដកម្ម។ សកម្មភាព​តាម​ដងផ្លូវ​ដ៏ធំ នៅតែ​បន្ត​នៅក្នុង​តំបន់មួយ​ចំនួន ហើយ​មាន​សញ្ញា​នៃ​ការបែង​ចែក ​នៅក្នុង​របបនេះ។

Ali Fathollah-Nejad អ្នកជំនាញអ៊ីរ៉ង់នៅ​វិទ្យាស្ថាន Issam Fares សម្រាប់គោលនយោបាយសាធារណៈ និងកិច្ចការអន្តរជាតិនៅទីក្រុ​ង​បេ​រូត​ បាន​និយាយថា​ ៖«ការ​តវ៉ា​ បាន​ថយចុះ ចាប់​តាំងពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ២០២២ វាហាក់ដូចជា​មាន​ភាពជាប់គាំង​មួយ បាន​កើតឡើង ​ហើយ​បាតុករ​ មិន​អាច​យកឈ្នះ​លើភាគី​ម្ខាង​ទៀត​បានទេ​»។

«ទោះ​បីជា​មាន​ការ​ថយចុះ​នៃ​ចំនួន​ការតវ៉ា ចាប់តាំង​ពី​ពេលនោះមក​ក៏​ដោយ ​ក៏​ គួររំឭក​ដែរ​ថា ​ដំណើរការបដិវត្តន៍​ជា​ធម្មតា មាន​ដំណាក់​កាល​នៃ​ភាពស្ងប់ស្ងាត់ និង​ភាព​ចលាចល​ទាក់ទងគ្នា​។

លោក​បានប្រាប់​សារ​ព័ត៌មាន​AFPថា ឥឡូវនេះ ជា​មួយនឹង​ការ​ធ្លាក់ចុះ​តម្លៃ​នៃ​រូបិយប័ណ្ណ​អ៊ីរ៉ង់ ​ចាប់តាំង​ពី​ចុង​ឆ្នាំ​២០២២​ ការតវ៉ា​ដែល​ជំរុញ​ដោយ​សេដ្ឋកិច្ច​ អាច​ត្រូវបាន​គេរំពឹង​ទុក​ថា​នឹង​កើតឡើងដែល​អតីតកាល អាចប្រែ​ទៅជាបញ្ហា​​នយោបាយ យ៉ាង​ឆាប់រហ័ស​។

វេបសាយ​ព័ត៌មាន​ enqelab.info​ដែល​តាម​ស្ថានភាព​នៃ​សកម្មភាព​តវ៉ា​ បាន​ឱ្យដឹង​ថា​ ខណៈ​ដែល​ចំនួន​នៃ​កា​រ​តវ៉ា​តាម​ដងផ្លូវ​ បាន​ថយចុះ ​ចំនួន​នៃ​កូដកម្ម​ និង​ទង្វើ​នៃ​ការ​ប្រឆាំង​ដូច​ជា​ការ​សរសេរ​ពាក្យ​ស្លោក ​ឬ ការ​បំផ្លាញ​បដា​របស់​រដ្ឋាភិបាល​បាន​កើន​ឡើង​។ ​

យោង​តាមអង្គការ​សិទ្ធិមនុស្ស​អ៊ីរ៉ង់​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស មនុស្ស​យ៉ាងតិច​៤៨១​ នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​បង្រ្កាប ហើយ​យ៉ាងហោច​ណាស់​មនុស្ស​ ១០៩​ នាក់​ កំពុង​ប្រឈម​មុខនឹង​ការ​ប្រហារ​ជីវិត​នៅ​ក្នុង​ករណី​ ទាក់ទង​នឹង​ការ​តវ៉ា បន្ថែមពី​លើ​មនុស្ស​៤នាក់​ ដែល​ត្រូវបាន​ប្រហារ​ជីវិត​រួច​ហើយនោះ៕