
លោកអេរដូហ្គែន ថ្លែងក្នុងកិច្ចប្រជុំ ១ ក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃទី ១៨ មករា។ AFP
ប្រធានាធិបតីតួកគី រ៉េសិប តៃយីប អេរដូហ្គែន បានថ្លែង កាលពីថ្ងៃចន្ទ (២៣ មករា) ថា ប្រទេសស៊ុយអែត មិនបាច់រំពឹងឱ្យក្រុងអង់ការ៉ាគាំទ្រខ្លួន ដើម្បីក្លាយជាសមាជិកអង្គការណាតូនោះទេ ក្រោយការតវ៉ាដោយដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ាន ១ ក្បាលក្បែរស្ថានទូតតួកគីប្រចាំទីក្រុងស្តុកខុល។
ការថ្លែងយ៉ាងដូច្នេះរបស់លោក អេរដូហ្គែន ធ្វើឡើងបន្ទាប់ពីបាតុកម្មមួយ បានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងស្តុកខុលប្រឆាំងនឹងតួកគី និងការស្វែងរកចូលជាសមាជិកអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) របស់ស៊ុយអែត ដែលធ្វើឱ្យភាពតានតឹងកើនឡើងស្របពេល ដែលស៊ុយអែតត្រូវការការគាំទ្រពីតួកគី ដើម្បីក្លាយជាសមាជិករបស់ណាតូ។
លោក អេរដូហ្គែន បានថ្លែងក្នុងសុន្ទរកថាបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «អ្នកដែលអនុ ញ្ញាតឱ្យមានការប្រមាថបែបនេះនៅចំពោះមុខស្ថានទូតរបស់យើងកុំរំពឹងថា នឹងមានការគាំទ្ររបស់យើង សម្រាប់សមាជិកភាពអង្គការណាតូរបស់ខ្លួនទៀតឱ្យសោះ»។
លោកបន្តថា៖ «ប្រសិនបើអ្នកស្រឡាញ់សមាជិកនៃអង្គការភេរវករ និងសត្រូវនៃសាសនាអ៊ិស្លាមខ្លាំងណាស់ ហើយការពារពួកគេនោះ យើងណែនាំអ្នកឱ្យស្វែងរកការគាំទ្ររបស់ពួកនោះ សម្រាប់សន្តិសុខប្រទេសរបស់អ្នក»។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom មិនបានធ្វើការអធិប្បាយភ្លាមៗនោះទេ នៅពេលទីភ្នាក់ងារព័ត៌មានរ៉យទ័រចោទសួរ ប៉ុន្តែបាននិយាយជាលាយលក្ខណ៍អក្សរថា លោកចង់យល់ច្បាស់នូវអ្វី ដែលលោក អេរដូហ្គែន បាននិយាយ។ លោកបន្ថែមថា៖ «ស៊ុយអែតនឹងគោរពកិច្ចព្រម ព្រៀង ដែលមានរវាងស៊ុយអែត ហ្វាំងឡង់ និងតួកគី ទាក់ទងនឹងសមាជិកភាពអង្គការណាតូរបស់យើង»។
គួររំឭកថា ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យចូលជាសមាជិកណាតូ កាលពីឆ្នាំមុន ក្រោមការភ័យខ្លាចការគំរាមកំហែងរបស់រុស្ស៊ី ក្រោយការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំបានកើតឡើង។ ដំណើរការនេះបានជួបនឹងភាពរាំងស្ទះពីតួកគីដែលទាមទារឱ្យស៊ុយអែត ក៏ដូចជាហ្វាំងឡង់ ត្រូវតែប្រកាន់ជំហរច្បាស់លាស់ជាងមុន ប្រឆាំងនឹងក្រុមដែលតួកគីចាត់ទុកជាក្រុមភេរវករ ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធឃើដ និងក្រុមដែលក្រុងអង់ការ៉ា បានចោទប្រកាន់លើការប៉ុនប៉ងធ្វើរដ្ឋប្រហារតួកគី ឆ្នាំ ២០១៦៕
វីដេអូ៖