រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីពេលថ្មីៗនេះ បានលើកឡើងពីការព្រួយបារម្ភលើក្រុងប៉េកាំង ក្រោយមានភស្តុតាង ដែលបង្ហាញថា ក្រុមហ៊ុនចិនបានលក់បរិក្ខារយោធាធុនស្រាលទៅឱ្យរុស្ស៊ី ដើម្បីយកទៅប្រើ នៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយ កាលពីថ្ងៃចន្ទរបស់បណ្ដាញព័ត៌មាន CNN ដែលស្រង់សម្ដីប្រភពមន្ត្រីអាមេរិក ២ រូបជាអនាមិក។
CNN បានស្រង់សម្ដីប្រភពជាច្រើន ដែលដឹងព័ត៌មានភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក និងអឺរ៉ុប ដើម្បីបញ្ជាក់បន្ថែមទៀតថា បរិក្ខារយោធាទាំងនោះ រួមមានរបស់របរដូចជាអាវក្រោះ និងមួកសុវត្ថិភាពជាដើម ប៉ុន្តែចិនមិនបានផ្ដល់ជំនួយធំៗ ដើម្បីពង្រឹងយោធារុស្ស៊ី តាមការស្នើសុំរបស់ក្រុងម៉ូស្គូនោះទេ។
យ៉ាងណាមិញ ប្រភពមន្ត្រីអាមេរិកម្នាក់ បានលើកឡើងថា ការផ្គត់ផ្គង់បរិក្ខារយោធាបែបនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភ ប៉ុន្តែក្នុងដំណាក់កាលបច្ចុប្បន្ន អាមេរិកមិនទាន់ដឹងច្បាស់ទេថា តើរដ្ឋាភិបាលកណ្តាលចិន បានដឹងអំពីបញ្ហានេះដែរ ឬយ៉ាងណា។ ទោះបីជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិននានា គ្របដណ្ដប់លើសេដ្ឋកិច្ចរបស់ប្រទេសក៏ដោយ មិនមែនទាំងអស់សុទ្ធតែស្ថិតនៅក្រោមការត្រួតពិនិត្យប្រចាំថ្ងៃនោះទេ។
មន្ត្រីអាមេរិកទី២ បានអះអាងថា មន្ត្រីអាមេរិកមួយចំនួនជឿថា រដ្ឋាភិបាលចិនដឹងពីការផ្គត់ផ្គង់បរិក្ខារទៅរុស្ស៊ី ហើយគួរតែចាត់វិធានការ ដើម្បីបញ្ឈប់ពួកគេ។ ខណៈរដ្ឋបាល បៃដិន នៅតែថ្លឹងថ្លែងពីផលប៉ះពាល់ និងភាពសំខាន់ជារួមនៃការផ្គត់ផ្គង់នោះ វាគឺជាបញ្ហានៃការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមមន្ត្រីអាមេរិក។ យ៉ាងណាមិញ CNN បានចុះផ្សាយថា មន្ត្រីអាមេរិកទាំង ២រូប បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីទំនាក់ទំនង រវាងរដ្ឋបាល បៃដិន និងទីក្រុងប៉េកាំងលើបញ្ហានេះ។
ហើយគិតត្រឹមថ្ងៃអង្គារ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបយ៉ាងណាទេ ជុំវិញបញ្ហានេះ នៅពេល CNN និងបណ្ដាញព័ត៌មាន Bloomberg ព្យាយាមសុំការពន្យល់បន្ថែម។ បើតាម Bloomberg ដែលស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះដូចគ្នា រដ្ឋបាលបៃដិន កំពុងពិនិត្យមើលលើភ័ស្តុតាង ហើយប្រសិនបើរកឃើញថា ក្រុមហ៊ុនចិនបានគាំទ្រការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីនោះ វានឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរុស្ស៊ី និងចិន។
គួររំឭកថា ផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកលើអ៊ុយក្រែន គឺការកាត់ផ្ដាច់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ឱ្យនៅឯកោ និងបង្ខូចសេដ្ឋកិច្ចរុស្ស៊ី ដើម្បីរារាំងដំណើរការសង្គ្រាម។ ការកើនឡើងនៃការគាំទ្រពីប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក អាចកាត់បន្ថយប្រសទ្ធិភាពនៃយុទ្ធសាស្ត្រនោះ ហើយទាញការឆ្លើយតបពីអាមេរិក។ ពេលសង្គ្រាមឈ្លានពានទើបផ្ទុះឡើងភ្លាមៗ ជំនួយការកំពូលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានចេញការព្រមានដល់ប្រទេសចិនអំពីផលវិបាក ដែលអាចកើតមាន ប្រសិនបើចិនជ្រើសរើសគាំទ្ររុស្ស៊ី ក្នុងជម្លោះ។
ការផ្គត់ផ្គង់រុស្ស៊ីនូវបរិក្ខារពីចិន ក៏នឹងតំណាងឱ្យភាពស៊ីជម្រៅនៃភាពជាដៃគូចិន-រុស្ស៊ី។ មកទល់ពេលនេះ ចិនមិនបានថ្កោលទោសសកម្មភាពរុស្ស៊ី នៅអ៊ុយក្រែននោះទេ ផ្ទុយទៅវិញ ចិនបានពង្រឹងទំនាក់ទំនងកាន់តែខ្លាំងឡើង ជាពិសេសផ្នែកសេដ្ឋកិច្ច ទន្ទឹមនឹងការធ្វើសមយុទ្ធយោធាជាច្រើនលើកផ្សេងទៀត។ មុនថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរុស្ស៊ីបើកការវាយលុកអ៊ុយក្រែន ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈនូវចំណងមិត្តភាព «គ្មានដែនកំណត់»។
យ៉ាងណាមិញ ក៏មានការគួរឱ្យកត់សម្គាល់ផងដែរថា សកម្មភាពយោធារបស់រុស្ស៊ីបង្កឱ្យមានការព្រួតគ្នាថ្កោលទោស ដែលជាដាក់ទណ្ឌកម្មលើក្រុងម៉ូស្គូពីសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិច ដែលធ្វើឱ្យចិនប្រុងប្រយ័ត្ន ដោយមិនផ្ដល់ការគាំទ្រផ្នែកយោធា ចំពោះរុស្ស៊ីតាមការស្នើសុំ។ ប្រភពដែលដឹងព័ត៌មានពីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក អះអាងថា ចិន ដែលមានទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅជាមួយលោកខាងលិច ជាជាងជាមួយរុស្ស៊ី ចង់ជៀសវាងការខឹងសម្បាពីសហគមន៍អន្តរជាតិ។
ប្រភពដែល CNN និង Bloomberg បានស្រង់សម្ដី បានឱ្យដឹងថា មន្ត្រីអាមេរិកជឿជាក់ថា នៅដើមដំបូងនៃសង្គ្រាម ប្រទេសចិនមានបំណងលក់អាវុធធុនធ្ងន់ទៅឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ នៅអ៊ុយក្រែន។ យ៉ាងណាមិញ ចិនបានថ្លឹងថ្លែងយ៉ាងខ្លាំងលើផែនការទាំងនោះចាប់តាំងពីពេលនោះមក ជាអ្វីដែលរដ្ឋបាលបៃដិន ចាត់ទុកថា ជាជ័យជម្នះ។
គួរគូសបញ្ជាក់ថា ការវិវឌ្ឍចុងក្រោយនេះ ត្រូវបានរាយការណ៍ឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបឧបនាយករដ្ឋមន្ត្រីចិន លោក Liu He កាលពីសប្តាហ៍មុន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកែន គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង នៅដើមខែកុម្ភៈខាងមុខ ដើម្បីពិភាក្សាបន្តទាក់ទងនឹងទំនាក់ទំនងដ៏ស្មុគស្មាញជាមួយចិន។
កាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន លោក ប្ល៊ីងកែន បាននិយាយថា លោកមានការព្រួយបារម្ភ ចំពោះអំពីការត្រូវរ៉ូវគ្នា រវាងចិន និងរុស្ស៊ី។ លោកថ្លែងយ៉ាងដូច្នេះ នៅពេលនោះថា៖ «ឥឡូវនេះ អ្វីដែលអ្នកបានឮពីទីក្រុងប៉េកាំង គឺការអះអាងពីអព្យាក្រឹតភាព។ ខ្ញុំនឹងចាប់ផ្តើមជាមួយនឹងការលើកឡើងថា វាពិបាកណាស់ក្នុងការមានអព្យាក្រឹតនៅពេលនិយាយពីការឈ្លានពានរបស់រុស្ស៊ី។ អ្នកឈ្លានពានក៏ច្បាស់ អ្នករងគ្រោះដោយការឈ្លាន ពានក៏ច្បាស់»។
ជាមួយគ្នានេះ កាលពីចុងខែធ្នូ លោក ស៊ី និងលោក ពូទីន បានយល់ព្រមគ្នាក្នុងកិច្ចសន្ទនាទូរស័ព្ទមួយ អំពីការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ថាមពល ហិរញ្ញវត្ថុ និងកសិកម្ម។ យ៉ាងណាមិញ លោក ស៊ី បានប្រាប់លោក ពូទីន ថា ទីក្រុងប៉េកាំងនឹងបន្តដើរតួនាទីស្ថាបនាក្នុងការស្វែងរកដំណោះស្រាយ «វិបត្តិ» នៅអ៊ុយក្រែន ទោះបីជាផ្លូវឆ្ពោះទៅកាន់កិច្ចចរចាសន្តិភាពមិនរលូនក៏ដោយ៕