យោងតាមរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក (FAO) និងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនទៀតបានឱ្យដឹងថា ការកើនឡើងចំនួនប្រជាជន ក្នុងតំបន់អាស៊ីធ្វើឱ្យកើតមានកង្វះអាហារូបត្ថម្ភ ខណៈដែលអសន្តិសុខស្បៀងកើនឡើងកាន់តែខ្លាំង និងតម្លៃស្បៀងកើនឡើងកាន់តែខ្ពស់ ហើយស្ថានភាពក្រីក្រកាន់តែធ្ងន់ធ្ងរទៅៗ។
របាយការណ៍ខាងលើ បានឱ្យដឹងថា ក្នុងចំណោមមនុស្សជិត ៥០០ លាននាក់ ដែលក្នុងនោះច្រើនជាង ៨ នាក់ ក្នុងចំណោម ១០ នាក់ ដែលរស់នៅតំបន់អាស៊ីខាងត្បូង ខ្វះខាតអាហារូបត្ថម្ភគ្រប់គ្រាន់ ក្នុងឆ្នាំ ២០២១ហើយជាង ១ ប៊ីលាននាក់ បានប្រឈមនឹងអសន្តិសុខស្បៀងពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ។ សម្រាប់ពិភពលោកទាំងមូលកំណើននៃអត្រាអសន្តិសុខស្បៀង បានកើនឡើងដល់ ២៩% ក្នុងឆ្នាំ ២០២១ ពីត្រឹមតែ ២១% ប៉ុណ្ណោះក្នុងឆ្នាំ ២០១៤។
កំណើននៃអត្រាអសន្តិសុខស្បៀងនេះ បណ្ដាលមកពីកត្តាមួយចំនួន រួមមានដូចជាការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យប្រជាពលរដ្ឋបាត់បង់ការងារធ្វើ និងការរំខានដល់ដំណើរការផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត សង្គ្រាម នៅអ៊ុយក្រែន ក៏បានជំរុញឱ្យតម្លៃអាហារថាមពល និងជី ឡើងថ្លៃបណ្ដាលឱ្យមនុស្សរាប់លាននាក់ខកខានមិនបានទទួលទានអាហារគ្រប់គ្រាន់។ នេះបើយោងតាមប្រភពដដែល។
គួរបញ្ជាក់ផងដែរថា របាយការណ៍នេះ គឺជាការប្រមូលទិន្នន័យប្រចាំឆ្នាំលើកទី៥ ស្តីពីអសន្តិសុខស្បៀង និងការអត់ឃ្លាន ដោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ រួមមានអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក (FAO) មូលនិធិសង្គ្រោះកុមារអន្តរជាតិ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
ប៉ុន្មានឆ្នាំមកនេះវឌ្ឍនភាពឆ្ពោះទៅរកការកាត់បន្ថយភាពស្រេកឃ្លាន និងកង្វះអាហារូបត្ថម្ភ បានជាប់គាំងទៅមុខមិនរួច ផ្ទុយទៅវិញ ដំណើរវិវឌ្ឍនេះបែរជាវិលត្រឡប់ថយក្រោយ ដោយសារចំនួនមនុស្សកាន់តែច្រើនឡើងៗ បណ្ដាលឱ្យបាត់បង់ធនធានបន្តិចម្ដងៗ នៅទីបំផុតក៏ឈានឆ្ពោះទៅរកការបរិភោគមិនបានគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានសិក្សាវាស់វែងទៅលើអត្រាកង្វះអាហារូបត្ថម្ភនៅលើពិភពលោក មានចំនួន ៩,១% ក្នុងឆ្នាំ២០២១ ធ្លាក់ចុះពី១៤,៣% ក្នុងឆ្នាំ២០០០ ប៉ុន្តែកើនឡើងបន្តិចបើធៀបនឹងឆ្នាំ ២០២០។
របាយការណ៍ខាងលើ ក៏បានបង្ហាញផងដែរថា ការធ្លាក់ចុះនៃការប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លានរបស់ប្រទេសនីមួយៗ នៅតែបន្តកើតមាន ហើយអសន្តិសុខស្បៀងក៏ជាបញ្ហាប្រឈមផងដែរ សម្រាប់ពលរដ្ឋដែលប្តូរទីលំនៅទៅរស់នៅទីក្រុង ជាទីដែលពួកគេពិបាក ក្នុងការទទួលបានអាហារក្នុងតម្លៃមួយសមរម្យ។ របាយការណ៍ បានរំលេចថា៖ «ការកែទម្រង់ប្រព័ន្ធកសិកម្ម ដើម្បីផលិតអាហារ ដែលមានជីវជាតិ និងធានាបាននូវសមភាព ក្នុងការទទួលបានរបបអាហារគ្រប់គ្រាន់ និងដែលមានសុខភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់»។
ដោយឡែក សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក ក៏បានកើនឡើងខ្ពស់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺតម្លៃកើនឡើងខ្ពស់បំផុត នៅក្នុងខែមីនាឆ្នាំ២០២២។ យ៉ាងណាក៏ដោយ តម្លៃស្បៀងអាហារបានធ្លាក់ចុះមកវិញបន្ទាប់ពីតម្លៃទំនិញមូលដ្ឋានមួយចំនួន បានធ្លាក់ចុះបន្តិចក្នុងឆ្នាំនេះ ប៉ុន្តែនៅតែខ្ពស់ជាង ២៨% បើធៀបនឹងឆ្នាំ២០២០។ បើយើងក្រឡេកទៅមើលតំបន់អាស៊ី-ប៉ាស៊ីហ្វិកវិញ តំបន់នេះមានការនាំចូលស្បៀងអាហារជិត ២ទ្រីលានដុល្លារ ក្នុង ១ឆ្នាំ ហើយការកើនឡើងតម្លៃស្បៀងមូលដ្ឋានដូចជាអង្ករស្រូវសាលី និងប្រេងជាដើម បានធ្វើឱ្យពលរដ្ឋក្រីក្រជួបការលំបាកជាខ្លាំង។
ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានហៅកង្វះស្បៀងអាហារនេះថា ជាវិបត្តិ 5F ដែលមានន័យថា កង្វះអាហារ (Food) ការបរិភោគមិនគ្រប់គ្រាន់ (Feed) កង្វះជី (Fertilizer) កង្វះប្រេង (Fuel) និងកង្វះហិរញ្ញវត្ថុ (Financing)។ សង្គ្រាមនៅអ៊ុយក្រែន ជាកត្តារួមចំណែកចម្បងមួយដល់វិបត្តិស្បៀងអាហារនេះ។ ជាក់ស្ដែង វាបានផ្ដល់ការលំបាកជាច្រើនដល់បណ្ដាប្រទេស ដែលពឹងផ្អែកលើការនាំចេញពីអ៊ុយក្រែន រួមមានដូចជាស្រូវសាលីប្រេង សម្រាប់បរិភោគ និងជីជាដើម។
មនុស្សជិត ២ ពាន់លាននាក់ ឬស្ទើរតែ ៤៥% នៃប្រជាជនដែលរស់នៅលើទ្វីបអាស៊ីគ្មានលទ្ធភាពទិញរបបអាហារ ដែលមានសុខភាពល្អបរិភោគ។ ការណ៍នេះបានរួមចំណែកដល់បញ្ហាជាច្រើន ដូចជាភាពស្លេកស្លាំង និងធាត់ជ្រុលក៏ដូចជាភាពអត់ឃ្លានផងដែរ។ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ក៏បានប៉ះពាល់ខ្លាំងផងដែរដល់និយោជិត ដែលងាយរងគ្រោះជាច្រើន ជាពិសេសក្នុងវិស័យទេសចរណ៍ និងឧស្សាហកម្មផលិតកម្ម។ គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ប្រជាជនថៃជិត ១០ នាក់ ក្នុងចំណោម១០០ នាក់ រស់នៅដោយគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់។ នេះបើយោងតាមទិន្នន័យនៅក្នុងរបាយការណ៍ខាងលើ។ តួលេខនេះ ខ្ពស់ជាងឆ្នាំមុនៗ និងខ្ពស់ជាងប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀត ដោយការរកប្រាក់ចំណូលរបស់ពលរដ្ឋនៅក្នុងបណ្ដាប្រទេសទាំងនោះ ជាមធ្យមទាបជាងប្រទេសថៃខ្លាំងណាស់។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោកអត្រាភាពក្រីក្រ បានកើនឡើង ២,៦% នៅចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨។
អ្នកសរសេររបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក បានលើកឡើង៖ «ការកើនឡើងនៃអត្រាភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភដើរទន្ទឹមគ្នា»។ របបអាហារដែលគ្មានសុខភាពល្អ និងស្បៀងអាហារមិនគ្រប់គ្រាន់សម្រាប់បរិភោគ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងផលិតភាព នាពេលអនាគត ព្រោះវាបានធ្វើឱ្យកុមារមានជំងឺក្រិន និងធ្វើឱ្យពួកគេងាយនឹងកើតជំងឺផ្សេង។ ជិត ១/៤ នៃកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក រងផលប៉ះពាល់ដោយការក្រិន និងការមិនអាចលូតកម្ពស់រួច។ ដោយឡែក ដោយសារតែកង្វះអាហារូបត្ថម្ភ ១ភាគ៣នៃស្ត្រី នៅតំបន់អាស៊ីដែលមានអាយុចាប់ពី ១៥ ដល់ ៤៩ឆ្នាំវិញ ត្រូវប្រឈមនឹងភាពស្លេកស្លាំងហេវហត់អស់កម្លាំង ហើយអ្នកខ្លះត្រូវប្រឈមជាមួយគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់ថ្នាក់ខូចសួត និងប៉ះពាល់ដល់បេះដូងទៀតផង។
រីឯនៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ ៧០% នៃប្រជាជនសរុបកំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតមធ្យម ឬ កម្រិតធ្ងន់ធ្ងរដោយសារតែសេដ្ឋកិច្ច បានដួលរលំ បន្ទាប់ពីពួកតាលីបង់ បានដណ្តើមអំណាច ក្នុងខែសីហាឆ្នាំ២០២១។ កត្តានេះបានជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពក្រីក្រ និងភាពស្រេកឃ្លាន ខណៈជំនួយបរទេសត្រូវបានកាត់ផ្ដាច់ភ្លាម។ សម្រាប់ប្រទេសកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺ ៥០% នៃចំនួនប្រជាជនសរុប កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងកម្រិតមធ្យមឬ កម្រិតធ្ងន់ធ្ងរ៕