
សកលវិទ្យាល័យJeju។ ហ្វេសប៊ុក
ក្រុមឃ្លាំមើលសុវត្ថិភាពអុីនធឺណិតរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហែកឃើរចិន ១ ក្រុម បានបើកការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងស្ថាប័នសិក្សាចំនួន ១២ របស់កូរ៉េខាងត្បូង ប៉ុន្តែមិនបានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរនទេ។
ទីភ្នាក់ងារអុីនធឺណិត និងសន្តិសុខកូរ៉េ (KISA) បាននិយាយថា ក្រុមអ្នកវាយប្រហារ បានលួចចូលគេហទំព័ររបស់ស្ថាប័នចំនួន ១២ កាលពីថ្ងៃអាទិត្យ ក្នុងនោះមាន នាយកដ្ឋានមួយចំនួននៃសាកលវិទ្យាល័យ Jeju និងសាកលវិទ្យាល័យអប់រំជាតិកូរ៉េ។
ភាគច្រើនក្នុងចំណោមគេហទំព័រទាំង ១២ នោះ រួមទាំងវិទ្យាស្ថានស្រាវជ្រាវកូរ៉េសម្រាប់គោលនយោបាយសំណង់ នៅតែមិនអាចចូលប្រើបាន រហូតដល់ម៉ោង ២ រសៀលថ្ងៃពុធ។
មន្ត្រីម្នាក់ នៅក្រសួង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Yonhap ថា ស្ថាប័នដែល ត្រូវ បានវាយប្រហារ មានការខ្វះខាតសន្តិសុខតាមអ៊ីនធឺណិត ហើយ ការ វាយ ប្រហារនេះ ហាក់ដូច ជា មិន បង្កឱ្យ មានការរំលោភទិន្នន័យផ្ទាល់ខ្លួនធ្ងន់ធ្ងរនោះទេ។
KISA បាននិយាយថា ក្រុមហែកឃើរ របស់ចិនបានព្រមានពីការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមភ្នាក់ងាររបស់កូរ៉េខាងត្បូង ក្នុងនោះមាន KISA ផងដែរ។
ប៉ុន្តែគេហទំព័ររបស់អង្គការឃ្លាំមើលអ៊ីនធឺណិត មិនមានការប៉ះពាល់អ្វីនោះទេ។
ក្រុមហែកឃើរចិន ដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ជាក្រុមសន្តិសុខតាមអ៊ីនធឺណិតបានអះអាងថា ខ្លួនបានសម្របសម្រួលដោយជោគជ័យនូវបណ្តាញកុំព្យូទ័ររបស់ស្ថាប័នអប់រំកូរ៉េខាងត្បូងចំនួន៧០ នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារ។
ក្រុមនេះ ក៏បានព្រមានថា ខ្លួននឹងបង្ហាញទិន្នន័យចំនួន ៥៤ ជីហ្គាបៃត៍ ដែលត្រូវបានអះអាងថា បានលួចពីរដ្ឋាភិបាល និងស្ថាប័នសាធារណៈរបស់កូរ៉េខាងត្បូង។
ក្រសួងវិទ្យាសាស្ត្រី បានស្នើឱ្យបណ្តាទីភ្នាក់ងាររដ្ឋាភិបាល និងបុគ្គលមួយចំនួនប្រុងប្រយ័ត្ននឹងការគំរាមកំហែងពីក្រុមហែកឃើរ ដែលកំពុងកើនឡើងនេះ។
លោករដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ Lee Jong-ho បានទៅទស្សនកិច្ចមជ្ឈមណ្ឌលសន្តិសុខអុីនធឺណិត ១ ថ្ងៃមុននេះ ដើម្បីពិនិត្យមើលស្ថានភាពសន្តិសុខប្រឆាំងនឹងលទ្ធភាពវាយប្រហារតាមអ៊ីនធឺណិត។
ក្រសួងបានឱ្យដឹងថា ខ្លួនបានតាមដានសកម្មភាពរបស់ក្រុមនេះយ៉ាងហ្មត់ចត់ ដើម្បីទប់ស្កាត់លទ្ធភាពវាយប្រហារបន្ថែមទៀត៕