
លោកសាស្ត្រាចារ្យ Yong Poovorawan។ ហេ្វសប៊ុក
អ្នកឯកទេសខាងមេរោគមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន លោកសាស្ត្រាចារ្យ Yong Poo vorawan បានលើកឡើងក្នុងទំព័របណ្ដាញសង្គមផ្លូវការថា ជាង ៨០% នៃប្រជាជនថៃបានបង្កើត «ភាពស៊ាំកូនកាត់» ទៅនឹងវីរុសកូវីដ ១៩ បន្ទាប់ពីពួកគេទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ និងឆ្លងកូវីដផង។
របាយការណ៍របស់ក្រសួងសុខាភិបាលថៃបង្ហាញថា ជាង ៧០% នៃប្រជាជនថៃ ឬ ជាង ៥០លាននាក់បានឆ្លង Covid-19 ខណៈដែលយ៉ាងហោចណាស់ ៨០% នៃចំនួនប្រជាជនបានចាក់វ៉ាក់សាំងពេញលេញ (យ៉ាងហោចណាស់ ២ ដូស)។
លោកសាស្ត្រាចារ្យYong Poovorawan៖ «ប្រជាជនភាគច្រើនជាង ៨០% បានបង្កើតភាពស៊ាំកូនកាត់ ដែលជួយកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរនៃជំងឺ នឹងអាចទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីដូចជា XBB.1.5 ដែលគេរំពឹងថានឹងមកដល់ក្នុងពេលឆាប់ៗនេះ»។
លោក បានបន្ថែមថា៖«ភាពស៊ាំកូនកាត់»នេះ អាចការពារប្រឆាំងនឹងកូវីដ១៩ ប្រសើរជាងការចាក់វ៉ាក់សាំង ឬការឆ្លងមេរោគកូវីដ១៩ តែ ១មុខ។
សាស្ត្រាចារ្យ Yong Poovorawan ជាអ្នកដឹកនាំជាន់ខ្ពស់ មជ្ឈមណ្ឌលផ្នែករោគសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន។
លោកពន្យល់ថាជាធម្មជាតិនៃមេរោគ នឹងមិនសូវកាចប៉ុន្មានទេនៅពេលដែលវាបំប្លែងខ្លួន។ លោកបន្ថែមថា បន្ទាប់ពីមានការប្រែប្រួលជាបន្តបន្ទាប់ កូវីដចម្លងថ្មីមិនបានធ្វើឱ្យ អ្នកជំងឺភាគច្រើនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ។
អត្រាមរណភាពបណ្ដាលមកពីកូវីដ១៩នៅទូទាំងពិភពលោក បានធ្លាក់ចុះពីអត្រា៣ទៅ៥%នៅពេលជំងឺរាតត្បាតខ្លាំង ធ្លាក់មកត្រឹមតិចជាង១%នាដើមឆ្នាំខែនេះ។ អត្រាអ្នកស្លាប់ដោយសារកូវីដ១៩នៅប្រទេសថៃ បានធ្លាក់ចុះពី ១%នៅពេលដែលមេរោគរាតត្បាតខ្លាំងនៅថៃ មកនៅតិចជាង ០, ១% នាពេលបច្ចុប្បន្ន។
សាស្ត្រាចារ្យ Yong Poovorawan បាននិយាយថាសម្រាប់មនុស្សដែលមានសុខភាពល្អ ការឆ្លងជំងឺCovid-19 បច្ចប្បន្ននេះមិនខុសពីជំងឺផ្តាសាយប៉ុន្មានទេ៕