
ជនជាតិអ៊ីរ៉ង់ចូលទៅជ្រកក្នុងអគារមួយ បន្ទាប់ពីការរញ្ជួយដី បានវាយប្រហារទីក្រុង Khoy កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ AFP
គ្រោះរញ្ជួយដីកម្រិត ៥,៩ រ៉ិចទ័រ បានវាយប្រហារភាគពាយព្យប្រទេសអ៊ីរ៉ង់ នៅជិតព្រំដែនប្រទេសតួកគី កាលពីថ្ងៃទី ២៨ ខែមករា ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។
មជ្ឈមណ្ឌលផ្នែករញ្ជួយដីរបស់សាកលវិទ្យាល័យ ក្នុងក្រុងតេអេរ៉ង់ បានឱ្យដឹងថា ការរញ្ជួយដីលើកនេះ បានវាយប្រហារទីក្រុង Khoy នៅភាគខាងលិចនៃខេត្ត West Azerbaijan នៅវេលាម៉ោងប្រហែលជា ៩:៤៤នាទី យប់ថ្ងៃសៅរ៍ ឬម៉ោង ១:១៤នាទី ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។
លោក Mohammad Sadegh Motamedian អភិបាលខេត្ត West Azerbaijan បាននិយាយថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ៥៨០នាក់ រងរបួស និង ២នាក់ទៀត បានស្លាប់ ដោយសារគ្រោះរញ្ជួយដីនេះ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមប្រឹក្សាអឌ្ឍចន្ទក្រហម កំពុងធ្វើដំណើរទៅកាន់ទីក្រុង Khoy ដើម្បីវាយតម្លៃស្ថានភាព និងជួយជនរងគ្រោះ។
អ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងគ្រោះដោយរញ្ជួយដីខ្លាំងបំផុត ក្នុងពិភពលោក ដោយសារតែទីតាំងភូមិសាស្ត្ររបស់ប្រទេសនេះ ដោយកាលពីថ្ងៃទី១៨ ខែមករា ទើបតែកើតមានរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ ក្បែរក្រុង Khoy ដែលបណ្តាលឱ្យមានអ្នករងរបួសរាប់រយនាក់ផងដែរ។
ការរញ្ជួយដីដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ គឺការរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ ក្នុងឆ្នាំ១៩៩០ ដែលបានសម្លាប់មនុស្ស ៤០ ០០០នាក់ របួសជាង ៣០០ ០០០នាក់ និងបន្សល់ទុកឱ្យមនុស្សប្រហែល ៥០០ ០០០នាក់ គ្មានផ្ទះសំបែងជ្រកកោន៕