
លោក ឌីមីឌ្រី មេដវ៉េដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ AFP
អតីតប្រធានាធិបតីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីឌ្រី មេដវ៉េដេវ (Dmitry Medvedev) បានប្រើវោហារស័ព្ទវាយប្រហារក្រុមប្រទេសលោកខាងលិចដែលប្រឹងប្រែងការពារប្រទេសអ៊ុយក្រែនថា «ជាភាពត្រឹមត្រូវ» ដោយការប្រគល់អាវុធយុទ្ធភណ្ឌកាន់តែទំនើបៗ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី ហៅកាត់ថា TASS លោក មេដវ៉េដេវ បានរិះគន់ការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រគល់អាវុធទៅរដ្ឋាភិបាលអ៊ុយក្រែនថា ជាការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សង្គ្រាមលោក។
តាមការសរសេរនៅលើបណ្តាញសង្គម Telegram របស់របស់ខ្លួនដែលផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ លោក មេដវ៉េដេវ បានលើកឡើងថា៖«ចំណុចទី១គឺការការពារអ៊ុយក្រែន ដែលគ្មាននរណាម្នាក់ ត្រូវការនៅក្នុងទ្វីបអឺរ៉ុប នឹងមិនជួយសង្គ្រោះពិភពលោកដ៏កំបុកកំបាក់ពីការសងសឹកទេ ប្រសិនបើមានអ្វីកើតឡើង។ ចំណុចទី២ គឺនៅពេលដែលសង្រ្គាមលោកលើកទី៣ បានផ្ទុះឡើង ជាអកុសល វានឹងមិននៅលើរថក្រោះ ឬសូម្បីតែនៅលើយន្តហោះចម្បាំងនោះទេ»។
នៅក្នុងការបង្ហោះនេះ លោក មេដវ៉េដេវ បានអត្ថាធិប្បាយជាពិសេសទៅលើការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអុីតាលី Guido Crosetto ដែលថាសង្រ្គាមលោកលើកទី៣ នឹងផ្ទុះឡើង ប្រសិនបើរថក្រោះរុស្ស៊ីបានទៅដល់ Kiev និង «ព្រំដែននៃទ្វីបអឺរ៉ុប» ហើយថា សព្វាវុធដែលបានបញ្ជូនទៅកាន់អ៊ុយក្រែនគឺសំដៅបញ្ឈប់ការកើនឡើង។ មេដវេដេវបានប្រៀបធៀបការលើកឡើងរបស់លោកចំពោះការអំពាវនាវពីចក្រភពអង់គ្លេសដើម្បីផ្តល់ឱ្យក្រុងកៀវនូវសព្វាវុធទាំងអស់ដែលអូតង់មាន។
ផ្ទុយពីការអះអាងរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ ប្រទេសនៅតំបន់អឺរ៉ុបជាពិសេសប្រទេសមហា អំណាចនៅអឺរ៉ុប បានបង្កើនការផ្តល់ជំនួយសព្វាវុធយ៉ាងច្រើនដល់ប្រទេសអ៊ុយក្រែន ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែនបានវិវត្តទៅរករយៈពេល១ ឆ្នាំក្នុងរយៈពេលប្រហែល៣០ថ្ងៃទៀតនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យប្រកាសពីប្រតិបត្តិការយោធាចូលប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ដោយក្តីរំពឹងថា ខ្លួននឹងបញ្ចប់នយោបាយរបស់រដ្ឋាភិបាលដឹកនាំដោយ លោក វ៉ូល ឌីមៀ ហ្សេឡេនស្គី ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ផ្ទុយទៅវិញ កងទ័ពអ៊ុយក្រែន បានវាយបកវិញយ៉ាងចាស់ដៃបង្កឱ្យកងទ័ពរុស្ស៊ីបាត់បង់សមរភូមិជាបន្តបន្ទាប់៕
វីដេអូ៖