មន្ត្រីអាមេរិកបាននិយាយថា យោធាអាមេរិក បានបើកកិច្ចប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំពូល IS ម្នាក់នៅសូម៉ាលីភាគខាងជើង។

សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីការពារលោក Lloyd Austin កាលពីថ្ងៃព្រហស្បិ៍ បានឱ្យដឹងថា Bilalal-Sudani ជាមេដឹកនាំISនៅសូម៉ាលី និងជាអ្នកសម្របសម្រួលដ៏សំខាន់ម្នាក់សម្រាប់បណ្តាញសកលរបស់ IS ត្រូវបានសម្លាប់ក្នុងកិច្ចប្រតិបត្តិការយោធានោះ។

សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងទៀតថា កិច្ចប្រតិបត្តិការនោះ ត្រូវបានអនុម័តដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីដើមសប្តាហ៍មុន ហើយបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា។

លោក Austin បានថ្លែងថា៖ «Al-Sudani បានទទួលខុសត្រូវចំពោះការជំរុញឱ្យមានវត្តមាន IS កើនឡើងនៅអាហ្វ្រិក និងបង្កើតកិច្ចប្រតិបត្តិការរបស់ក្រុមនេះនៅទូទាំងពិភពលោក ក្នុងនោះមាននៅប្រទេសអាហ្វហ្គានីស្ថាន។

មិនមានព័ត៌មានលម្អិតអំពីកិច្ចប្រតិបត្តិការនោះ ត្រូវបានគេផ្តល់ឱ្យនោះទេ រួមទាំងរបៀបដែលកងកម្លាំងអាមេរិក បានធ្វើកិច្ចប្រតិបត្តិការឬ ទាហានអាមេរិកប៉ុន្មាននាក់ចូលរួមក្នុងកិច្ចប្រតិបត្តិការនោះទេ។ មន្ត្រីអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សមាជិកចំនួន ១០ នាក់របស់al-Sudani ក៏ត្រូវបានសម្លាប់ នៅក្នុងកិច្ចប្រតិ បត្តិការនោះដែរ។

នៅក្នុងឆ្នាំ ២០១២ al-Sudani ត្រូវរងទណ្ឌកម្មពីក្រសួងរតនាគារអាមេរិកចំពោះតួនាទីរបស់គាត់ក្នុងសម្របសម្រួលផ្តល់ហិរញ្ញប្បទានដល់យុទ្ធជនបរទេស ដើម្បីធ្វើដំណើរទៅជំរំហ្វឹកហ្វឺន al-Shabab៕