កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បដិសេធចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងសម្ងាត់ ករណីការវិលត្រឡប់របស់ឪពុកខ្លួនទៅថៃវិញ។ លោកស្រី Paetongtarn Shinawatra ថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាននៅខេត្ត Loei ភាគឦសានប្រទេសថៃ កាលពីថ្ងៃសុក្រទី ២៧ ខែមករា។
កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra បានច្រានចោលពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សភឿថៃ និងគណបក្ស Palang Pracharath ដែលកំពុងកាន់អំណាច ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ឪពុកទៅកាន់ប្រទេសថៃវិញ។
លោកស្រី Paetongtarn Shinawatra បាននិយាយថា៖ «និយាយដោយស្មោះត្រង់ មិនមានកិច្ចព្រមព្រៀងបែបនេះទេ។ គណបក្សភឿថៃឥឡូវនេះ កំពុងផ្តោតលើយុទ្ធនាការ ដើម្បីឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ»។
លោកស្រី Paetongtarn ជាកូនស្រីពៅរបស់បុព្វបុរសបក្សភឿថៃ ដែលជាអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រីបាននិយាយថា លោកស្រីផ្តោតលើការដោះស្រាយបញ្ហារបស់ប្រជាជន មិនមែនផ្តោតលើការនាំលោក ថាក់ស៊ីនមកផ្ទះវិញទេ។
លោកស្រី Paetongtarn Shinawatra បានបញ្ជាក់បន្ថែមថា៖ «ប៉ារបស់ខ្ញុំបានទៅបរទេសអស់រយៈពេល ១៧ ឆ្នាំមកហើយ។ គាត់គួរមានវិធីសាស្ត្រ និងដំណើរការរបស់គាត់ (ត្រឡប់ទៅប្រទេសថៃវិញ)។ ខ្ញុំគោរពការសម្រេចចិត្តរបស់គាត់ ហើយគាត់បាននិយាយរួចហើយថា គាត់នឹងមិនពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយទេ»។
លោកស្រី Paetongtarn ដែលកាន់ការនៅបក្សភឿថៃធ្លាប់ប្រាប់អ្នកគាំទ្រគណបក្សនៅក្នុងការជួបជុំមួយថា គួរតែដល់ពេលសម្រាប់ឪពុករបស់នាង ដើម្បី «ត្រឡប់ទៅផ្ទះវិញ» ដូច្នេះគាត់អាចជួបចៅរបស់គាត់នៅប្រទេសថៃ។
នៅថៃមានពាក្យចចាមអារ៉ាមថា កិច្ចព្រមព្រៀងសម្ងាត់មួយ រវាងគណបក្សភឿថៃ និងបក្សកាន់អំណាចរបស់លោក ប្រាយុធ ចាន់អូចា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីការបោះឆ្នោត ដែលត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់លោក ថាក់ស៊ីនទៅកាន់ប្រទេសថៃវិញ។
លោក ថាក់ស៊ីន ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ១០ ឆ្នាំ ពីបទរំលោភអំណាច និងបទចោទប្រកាន់ផ្សេងទៀតដែលផ្តើមចេញពីការកាន់អំណាចរបស់គាត់។
ទន្ទឹមនឹងនេះ មេដឹកនាំគណបក្សភឿថៃ លោក Chonlanan Srikaew បាននិយាយកាលពីថ្ងៃសុក្រថា គណបក្សបានរៀបចំបញ្ជីឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីចំនួន ៣ រូបរួចរាល់ហើយ។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយគណបក្សភឿថៃ មិនចាំបាច់ប្រកាសជាសា ធារណៈឡើយ។ លោកថា គណបក្សនេះបានធ្វើតាម «សំឡេងប្រជាជន» តាមរយៈលទ្ធផលនៃការស្ទង់មតិ។
លោកស្រី Paetongtarn ទំនងជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំង ៣ ដែលមកពីបក្សភឿថៃ។ សេដ្ឋីនីអចលនទ្រព្យលោកស្រី ថាវីស៊ីន ជាប់ជាបេក្ខជននាយករដ្ឋមន្ត្រីទី២។ គេនៅមិនទាន់ដឹងថា តើលោក Chonlanan Srikaew នឹងក្លាយជាបេក្ខភាពទី៣ របស់ខ្លួន ឬយ៉ាងណានោះទេ។
ការបោះឆ្នោតសកលនៅថៃគ្រោងធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភា បន្ទាប់ពីសភាតំណាងរាស្ដ្របច្ចុប្បន្ន ត្រូវបញ្ចប់អាណត្តិរយៈពេល ៤ ឆ្នាំ នៅថ្ងៃទី ២៣ ខែមីនា៕