លោក Mykhailo Podolyak ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងពិភាក្សាជាមួយប្រទេសលោកខាងលិច ដើម្បីសុំឱ្យជួយបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយបានលើកឡើងថា អាវុធនេះមានសារៈសំខាន់ណាស់ ក្នុងការជួយការពារកុំឱ្យរុស្ស៊ីបំផ្លាញទីក្រុងរបស់ប្រទេសអ៊ុយក្រែន។
ទង្វើនេះ កើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍ បានសន្យាថា នឹងជួយបញ្ជូនរថក្រោះប្រយុទ្ធទៅកាន់អ៊ុយក្រែន ខណៈដែលមានសេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មានថា អ៊ុយក្រែន កំពុងត្រៀមសុំឱ្យប្រទេសនានាជួយបញ្ជូនយន្តហោះចម្បាំងមកផងដែរ ដើម្បីវាយប្រហារកងកម្លាំងរុស្ស៊ីដែលឥឡូវនេះបានរុលមកកាន់សមរភូមិមុខយ៉ាងយឺតៗ។
លោក Podolyak បានប្រាប់ទូរទស្សន៍ Freedom របស់អ៊ុយក្រែនថា៖ «ដើម្បីកាត់ បន្ថយអាវុធសំខាន់ៗរបស់កងទ័ពរុស្ស៊ីប្រកបដោយប្រសិទ្ធភាព ដូចជាកាំភ្លើងធំដែលធ្វើការបាញ់យ៉ាងសន្ធាប់ នៅខ្សែត្រៀមជួរមុខនោះ យើងត្រូវការមីស៊ីល ដែលអាចបំផ្លាញឃ្លាំងអាវុធរបស់រុស្ស៊ីបាន» ដោយលោកបានបន្ថែមថា មានឃ្លាំងកាំភ្លើងធំចំនួនជាង ១០០ កន្លែងនៅគ្រីមា។«ដូច្នេះជំហានជាដំបូង យើងកំពុងធ្វើការចរចា។ ជំហានទី២ គឺថា ការចរចាកំពុងប្រព្រឹត្តទៅក្នុងល្បឿនយ៉ាងលឿន»។ លោកទីប្រឹក្សាបានបញ្ជាក់បន្ថែម។
ចំណែកលោក ហ្សេឡេនស្គី បាននិយាយយ៉ាងដូច្នេះថា៖ «អ៊ុយក្រែនត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីទប់ស្កាត់រុស្ស៊ី ក្នុងការមានឱកាស ដាក់ពង្រាយមីស៊ីល ក្នុងតំបន់ដែលនៅឆ្ងាយពីខ្សែត្រៀមជួរមុខ ដើម្បីបំផ្លាញទីក្រុងនានារបស់អ៊ុយក្រែន ។
ទោះជាយ៉ាងណាក្ដី លោក ហ្សេឡេនស្គី ក៏បានប្រាប់ដែរថា អ៊ុយក្រែនចង់បានមីស៊ីល ATACMS របស់អាមេរិកដែលអាចបាញ់បានចម្ងាយ ២៩៧ គីឡូម៉ែត្រ ប៉ុន្តែសហរដ្ឋអាមេរិកតែងតែបានបដិសេធជានិច្ចក្នុងការបញ្ជូនអាវុធបែបនេះទៅអ៊ុយក្រែន ហេតុដូច្នេះត្រូវនៅចាំមើលថា តើការចរចាលើកនេះនឹងបង្កើតលទ្ធផលដែលអ៊ុយក្រែនមានសង្ឃឹម ឬយ៉ាងណា?