​អង្គការ​សុខភាព​ពិភពលោក (WHO) លើកឡើងថា ជំងឺ​កូ​វីដ​ ១៩ នៅតែ​ជា​គ្រាអាសន្ន​ខាង​សុខភាព​សាធារណៈ សកល ប៉ុន្តែ​ការរីក​រាលដាល បាន​ឈានដល់​ចំណុច​របត់​ហើយ ដែល​ពិភពលោក គួរតែ​ត្រៀម​វិធានការ​ទប់ទល់​។​

​ទីភ្នាក់ងារសារព័ត៌មាន​បរទេស បាន​រាយការណ៍ គណៈក​ម្មា​ធិ​ការសង្គ្រោះ​បន្ទាន់​ស្តីពី បទ​ប្បញ្ញត្តិ​សុខភាព​អន្តរជាតិ (International Health Regulations Emergency Committee) របស់​អង្គការសហប្រជាជាតិ ធ្វើការ​ពិភាក្សាគ្នា​អំពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វីដ នៅ​ថ្ងៃ​សុក្រ ទី ​២៧ ខែមករា ឆ្នាំ​២០២៣ ហើយ​បាន​ព្រមព្រៀងគ្នា​ថា ស្ថានភាព​មេរោគ​មរណៈ​នេះ គួរតែ​ត្រូវបាន​រក្សា​ទុកជា​គ្រាអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​សកល (PHEIC) តទៅទៀត​។​

​ប៉ុន្តែ​យោងតាម​សេចក្តីថ្លែងការណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី ​៣០ ខែមករា គណៈកម្មាធិការ​ប្រឹក្សារ​បស់ WHO បានឱ្យដឹងថា ពួកគេ​បាន​ជំរុញ​ឱ្យ WHO ស្នើ​យន្ត ការជ្រើសរើស​ផ្សេងទៀត ដើម្បីឱ្យ​ពិភពលោក និង​ប្រទេស​នានា បន្ត​យកចិត្តទុកដាក់​លើ​ជំងឺ​កូ​វីដ ​១៩ បន្ទាប់ពី PHEIC ត្រូវបាន​លុបចោល​។​

​គណៈកម្មាធិការបាន​លើកឡើងថា​៖ «​ការធ្វើឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​មាន​កម្រិត​ភាពស៊ាំ​ខ្ពស់ ទាំងពី​ការឆ្លង និង​/​ឬ​ការចាក់​វ៉ាក់សាំង អាច​ទប់ស្កាត់​ផលប៉ះពាល់​របស់​វីរុស SARSCoV2 ទាំង​ផ្នែក​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ និង​ការស្លាប់ ប៉ុន្តែ​ស្ទើរតែ​គ្មាន​ការងឿងឆ្ងល់​ទេ​ថា វីរុស​នេះ នឹង​នៅតែ​ជា​ធាតុ​បង្ក​ជំងឺ​អចិ​ន្រៃ្ត​យ៍៍​នៅ ក្នុង​ខ្លួន​មនុស្ស និង​សត្វ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដូច្នេះ​វិធានការ​សុខភាព​សាធារណៈ​រយៈពេល​វែង គឺជា​រឿង​ចាំបាច់​ណាស់​»​។​

​គណៈកម្មាធិការបាន​បន្ថែមថា​៖ «​ក្នុងខណៈ​ពេលដែល​ការលុបបំបាត់​វីរុស​ប្រភេទ​នេះ​ពី​ខ្លួន​មនុស្ស និង​សត្វ ទំនងជា​មិនអាច​ធ្វើទៅបាន ការកាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​មាន​ជំងឺ និង​ការស្លាប់ ជា​អ្វីដែល​អាចធ្វើ​បាន ហើយ​គួរតែ​ជា​អាទិភាព នាពេល​បន្ទាប់​»​។​

ប្រធាន WHO លោក Tedros Adhanom Ghebre yesus បាន​ណែនាំ​ប្រទេស នានា ឱ្យ​បន្ត​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន​តទៅទៀត និង​រួមបញ្ចូល​ការចាក់​វ៉ាក់សាំង​កូ​វីដ ទៅក្នុង​ការថែទាំ​សុខភាព​ជាប្រចាំ ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង ចំពោះ​ការគ្រប់គ្រង​ថែរក្សា​ជំងឺ រក្សា​ប្រព័ន្ធ​សុខភាព​សាធារណៈ​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​កុំឱ្យ​កើតការ​ភ័យ​ស្លន់ស្លោ​ដដែល​ឡើងវិញ នៅពេលដែល​ចំនួន​នៃ​ការឆ្លង​កើនឡើង និង​មានការ​ធ្វេសប្រហែស នៅពេលដែល​ករណី​ឆ្លង​ថយចុះ ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​កែសម្រួល​វិធានការ​ធ្វើដំណើរ​អន្តរជាតិ​ទៅតាម​កម្រិត​នៃ​ហានិភ័យ​៕