The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រមុខ​ អ.ស.ប. ថ្លែង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​មីយ៉ាន់ម៉ា​ ២​ ឆ្នាំ​ ក្រោយ​​រដ្ឋ​ប្រហារ​

ប្រមុខ​ អ.ស.ប. ថ្លែង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​មីយ៉ាន់ម៉ា​ ២​ ឆ្នាំ​ ក្រោយ​​រដ្ឋ​ប្រហារ​

Content image - Phnom Penh Post
បាតុករម្នាក់កាន់រូបភាពមេដឹកនាំជនស៊ីវិលដែលត្រូវបានឃុំខ្លួនលោកស្រី អ៊ុនសាន ស៊ូជី ក្នុងពេលធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីប្រារព្ធខួប២ឆ្នាំ នៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ AFP

ប្រមុខ​ អ.ស.ប. ថ្លែង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​មីយ៉ាន់ម៉ា​ ២​ ឆ្នាំ​ ក្រោយ​​រដ្ឋ​ប្រហារ​

២​ឆ្នាំ​ក្រោយ​យោធា​មីយ៉ាន់ម៉ា​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ ​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ អង់តូនីញ៉ូ​ ហ្គូទែរ៉េស ​កាល​ពី​ថ្ងៃ​ចន្ទ​​ បាន​​សម្តែង​ការ​គាំទ្រ​​​លើ​ការ​ប្រកាន់​​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​មីយ៉ាន់ម៉ា​ ហើយ​បាន​ព្រមាន​ថា​ ការ​បោះ​ឆ្នោត​ដែល​​​ក្រុម​យោធា​​គ្រោង​ទុក​​ចំ​ពេល​មាន​ការ​បង្ក្រាប​លើ​ជន​ស៊ីវិល​ និង​មេដឹក​នាំ​នយោបាយ​ មាន​​ហានិភ័យ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ដល់​អស្ថិរភាព​​។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ដែល​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ អ.ស.ប. លោក​ ស្ទេផាន ឌូចារីក (​Stephane Dujarric) នៅ​ថ្ងៃ​អង្ការ​ ទី ​៣១ ខែ​មករា​នេះ​។

លោក​ ឌូចារីក​ បាន​ថ្លែង​ថា លោក​​​អគ្គលេខាធិការ​ ហ្គុយតឺរេស បាន​​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្កា​ចំពោះ​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​នៅ​​មីយ៉ាន់ម៉ា​ ខណៈ​​វិបត្តិ​​ក្នុង​ប្រទេស​នេះ​កាន់​តែ​យ៉ាប់​យ៉ឺន​ ​ហើយ​ធ្វើ​​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ក្នុង​តំបន់​​។

គួរ​រំឭក​ថា​ ក្រុម​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​នៅ​ថ្ងៃ​ទី ​១ កុម្ភៈ​ ឆ្នាំ​ ២០២១ ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី​ អ៊ុង សាន​ស៊ូជី​ ដោយ​ចាប់​ខ្លួន​អ្នក​នយោបាយ​រូប​នេះ​ និង​សមាជិក​កំពូល​នៃ​​​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​កំពុង​គ្រប់​គ្រង​នា​ពេល​នោះ​ ក្រោយ​​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២០។ ​

ក្រោយ​រដ្ឋ​ប្រហារ​ កង​កម្លាំង​សន្តិសុខ​បាន​​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទ្រង់​ទ្រាយ​ធំ​លើ​​​​​ការ​ប្រឆាំង​នឹង​អំណាច​យោធា​ ដោយ​សម្លាប់​មនុស្ស​ជិត​ ២ ៩០០ នាក់​ និង​ចាប់​ខ្លួន​មនុស្ស ១៧ ០០០ ​នាក់​ផ្សេង​ទៀត​​ដែល​ចូល​រួម​ក្នុង​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា ធិបតេយ្យ​។ នេះ​បើ​តាម​តួលេខ​របស់​​​សមាគម​​ជំនួយ​​សម្រាប់​​អ្នក​​ទោស​​នយោបាយ​ ដែល​​ជា​​​អង្គការ​​​ក្រៅ​​រដ្ឋាភិបាល​មី យ៉ាន់ម៉ា​។​

​ការ​​បង្ក្រាប​​យ៉ាង​​សាហាវ​ក្រោម​ការ​ដឹក​នាំ​របស់​ក្រុម​យោធា​ ​​បាន​​បង្ក​​ឱ្យ​​មាន​​ការ​​តស៊ូ​​ប្រដាប់​​អាវុធ​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​ ​ហើយ​​រដ្ឋាភិបាល​​យោធា​​បាន​​ចាត់​​ទុក​​អង្គការ​​ធំ​ៗ​​ដែល​​ប្រឆាំង​​​នឹង​របប​សឹក​របស់​ខ្លួន​ថា​ជា​ក្រុម​ «ភេរវករ​»។ ​​

​កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​​មុន​ ក្រុម​យោធា​បាន​អនុម័ត​ច្បាប់​ថ្មី​ស្តី​ពី​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ ​ដែល​​រង​ការ​រិះ​គន់​ថា​នឹ​ង​​ធ្វើ​ឱ្យ​មាន​ការ​លំបាក​សម្រាប់​ក្រុម​ប្រឆាំង​​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​​​​បេក្ខជន​ ដែល​គាំទ្រ​ដោយ​​ក្រុម​យោធា​​​ក្នុង​ការ​បោះឆ្នោត​សកល​​គ្រោង​ធ្វើ​នៅ​​ឆ្នាំ​នេះ​។​

​ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ​​ នាយិកា​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លោក​ស្រី​ Elaine Pearson ​បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ថា​​៖ «​របប​យោធា​មីយ៉ាន់ម៉ា​បាន​​​គ្រាប់​គ្រង​របស់​​​អស់រយៈ​ពេល​​​២​ឆ្នាំ ​​ចាប់​​តាំង​​​ពី​​រដ្ឋ​​ប្រហារ​​​​ដែល​​ធ្វើ​ឱ្យ​មាន​ការ​រួប​រួម​​ធ្វើ​អំពើ​ឃោរ​ឃៅប្រ​ឆាំង​នឹង​ប្រជាជន​មីយ៉ាន់ម៉ា​ ដែល​ស្មើ​នឹង​​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជា​តិ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​»​​។​

លោក​ស្រី​បន្ត​ថា​៖ «​ជំនួស​ឱ្យ​ការ​បន្ត​ជាមួយ​នឹង​ការ​បោះ​ឆ្នោត​​ ក្លែង​ក្លាយ​ដែល​ចៀស​មិន​រួច​នៅ​ក្នុង​ខែ​សីហា​ ​​​មេយោធា​មីយ៉ាន់ម៉ា​គួរ​តែ​ប្រឈម​មុខ​នឹង​ផល​វិបាក​អន្តរជាតិ​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ​»​។

លោក​ស្រី​ ​Pearson ​បាន​បន្ត​ថា​​៖ «​របប​យោធា​មីយ៉ាន់ម៉ា​កំពុង​ព្យាយាម​បង្កើត​ភាព​ជឿ​ជាក់​ តាម​រយៈ​ចលនា​នៃ​ការ​បោះ​ឆ្នោត​ ដែល​​សហគមន៍​អន្តរជាតិ​​មិន​​គួរ​រង​ការ​​​​បោក​បញ្ឆោត​​ឱ្យ​ទទួល​ស្គាល់​ការ​បោក​ប្រាស់​នេះ​ទេ​»។

លោក​ស្រី​បន្ត​ថា​៖ «​អ្នក​មិន​អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​បាន​ទេ​ នៅ​ពេល​អ្នក​បដិសេធ​រាល់​សិទ្ធិ​ជា​មូលដ្ឋាន​​របស់​​ប្រជាជន​​​ ហើយ​បិទ​ ឬ​ដក​សិទ្ធិ​អ្នក​​​នយោបាយ​ប្រឆាំង​​»​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ លោក​ស្រី​បន្ត​អំពាវ​នាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​រឹត​បណ្ដឹង​លើ​ក្រុម​យោធា​ តាម​រយៈ​ទណ្ឌកម្ម​ និង​ការ​កាត់​ផ្ដាច់​​ប្រភព​ហិរញ្ញវត្ថុផ្សេង​ៗ​​ ដែល​បម្រើ​ឱ្យ​​អំពើ​ហិង្សា​របស់​ក្រុម​យោធា​។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ ហ្គុយតឺ​រេ​ស ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចេតនា​ដែល​បាន​បញ្ជាក់​របស់​យោធា​ក្នុង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ចំ​ពេល​មាន​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ និង​ការ​ដុត​ផ្ទះ​ជន​ស៊ីវិល​ រួម​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​ដែល​កំពុង​បន្ត​​ ការ​បំភិត​បំភ័យ​ និង​ការ​បៀត​បៀន​មេ​ដឹក​នាំ​នយោបាយ​ តួអង្គ​សង្គម​ស៊ីវិល​ និង​អ្នក​កាសែត​​។​

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​​លោក​ ឌូចារីក​ ដែល​បន្ត​ថា​៖ ​«​​ដោយសារ​​​គ្មាន​​លក្ខខណ្ឌ​​ដែល​​អនុញ្ញាត​​ឱ្យ​​ប្រជាជន​​មី​យ៉ាន់​ម៉ា​​អនុវត្ត​​សិទ្ធិ​​នយោបាយ​​ដោយ​​សេរី​​​ ​ការ​បោះឆ្នោត​ដែល​​គ្រោង​​​ឡើង​​នេះ ​នឹង​ធ្វើ​ឱ្យ​​​អស្ថិរភាព​​កាន់​តែ​​ធ្ងន់​ធ្ងរ​​​»​​។

​អ្នក​នាំ​ពាក្យ​ដដែល​​​និយាយ​បន្ថែម​ថា​ ​លោក​ ហ្គុយតឺរេស ​បន្ត​ឈរ​​ក្នុង​​សាមគ្គី​ភាព​ជាមួយ​ប្រជាជន​មីយ៉ាន់ម៉ា​ និង​គាំទ្រ​សេចក្តី​ប្រាថ្នា​ប្រជាធិបតេយ្យ​របស់​ពួក​គេ​សម្រាប់​សង្គម​ដែល​រួម​បញ្ចូល​សន្តិភាព ​និង​យុត្តិធម៌​ និង​ការ​ការពារ​សហគមន៍​ទាំង​អស់​ រួម​ទាំង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ផង​ដែរ​។

គួរ​​​គូស​បញ្ជាក់​​​ផង​ដែរ​ថា​ ការ​រើស​អើង​លើ​ជា​ជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ិស្លាម​នៅ​មីយ៉ាន់ម៉ា​ ដែល​រួម​មាន​ទាំង​ការ​បដិ​សេធ​​​មិន​ឱ្យ​ទទួល​បាន​សញ្ជាតិ ​និង​សិទ្ធិ​ជា​ច្រើន​ទៀត​ ​បាន​ផ្ទុះ​ឡើង​នៅ​​ខែ​សីហា​ ឆ្នាំ​២០១៧​ពោល​គឺ​នៅ​​ពេល​ដែល​​យោធា​មីយ៉ាន់ម៉ា​​ចាប់​ផ្តើម​នូវ​ «​យុទ្ធនាការ​បោស​សម្អាត» ​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​រ៉ាឃីន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​ប៉ូលិស ​និង​ឆ្មាំ​ព្រំដែន​ដោយក្រុម​សកម្មប្រយុទ្ធ​​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​។​

យុទ្ធនាការ​ដ៏​ឃោឃៅ​​របស់​ក្រុម​យោធា​ បាន​​​បង្ខំ​ឱ្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជាង​ ៧០០ ០០០ នាក់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស​ ​ខណៈ​យោធា​មីយ៉ាន់ម៉ា​ រង​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្តការរំលោភ ​និង​ការ​សម្លាប់​រង្គាល​ និង​​ដុត​ផ្ទះ​រាប់​ពាន់​ខ្នង​របស់​ពួក​គេ​។

កាល​ពី​ខែ​មករា​ឆ្នាំ​ ២០២០ តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដែល​ជា​​​តុលាការ​កំពូល​របស់​អង្គការ​សហប្រជា​ជាតិ​ បាន​បញ្ជា​ឱ្យ​មីយ៉ាន់ម៉ា​​ប្រឹង​អស់​ពី​សមត្ថភាព​​ដើម្បី​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​។​មុន​​ការ​បញ្ជា​នេះ​​ គណៈកម្មការ​ឯករាជ្យ​​មួយ​​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ បាន​សន្និដ្ឋាន​ថា​ មាន​ហេតុ​ផលដែល​​ថា​កង​កម្លាំង​សន្តិសុខ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ​ប៉ុន្តែ​វា​​មិន​មែន​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ​ទេ​​។

ក្រៅ​ពី​ការ​ថ្កោល​ទោស​អំពើហិង្សា​ ក៏​ដូច​ជា​សម្ដែង​ការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ លោក​ ហ្គុយតឺ រេស​​ ក៏​បាន​​​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​ស្ដី​ពី​មីយ៉ាន់ម៉ា​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​​អ.ស.ប.​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ ដែល​​ទាមទារ​ឱ្យ​បញ្ចប់​​​អំពើ​ហិង្សា​​​​ក្នុង​ប្រទេស​នេះជា​បន្ទាន់​​ ​​​ជំរុញ​​ឱ្យ​​​​​មាន​ការ​​​ដោះ​លែង​អ្នក​ទោស​ដែល​​​ត្រូវ​បាន​​ឃុំ​ខ្លួន​​ទាំង​បំពាន​​​ទាំង​អស់​ ​រួម​ទាំង​លោក​ស្រី​អ៊ុង សានស៊ូជី ​​ហើយ​ស្តារ​​ស្ថាប័ន​ប្រជាធិបតេយ្យ​ឡើង​វិញ​។

សេចក្ដី​សម្រេច​នោះ​ បានអំពាវ​នាវ​ឱ្យ​​ភាគី​ប្រឆាំង​បន្ត​​​ការ​សន្ទនា​ និង​ការ​ផ្សះ​ផ្សា​ ហើយ​ជំរុញ​ឱ្យ​ភាគី​ទាំង​អស់​​គោរព​សិទ្ធិ​មនុស្ស​ សេរីភាព​ជា​មូលដ្ឋាន​ និង​នីតិ​រដ្ឋ​​។លោក​ឌូចារីក​ បាន​លើក​ឡើង​ថា​ លោក​ ហ្គុយតឺរេស ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា​ជា​ជំហាន​ដ៏​សំខាន់​ និង​គូស​បញ្ជាក់​ពី​ភាព​បន្ទាន់​សម្រាប់​ការ​ពង្រឹង​ឯកភាព​ជា​អន្តរជាតិ​​៕

អត្ថបទគួរចាប់អារម្មណ៍