The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ជប៉ុន​ និងណាតូ ​សន្យា​ថា នឹងឆ្លើយ​តប​យ៉ាង​តឹងរ៉ឹងចំពោះ​ការ​គំរាម​កំហែង​របស់​ចិន និង​រុស្ស៊ី

​ជប៉ុន​ និងណាតូ ​សន្យា​ថា នឹងឆ្លើយ​តប​យ៉ាង​តឹងរ៉ឹងចំពោះ​ការ​គំរាម​កំហែង​របស់​ចិន និង​រុស្ស៊ី

Content image - Phnom Penh Post
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (ឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងតូក្យូ កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ AFP

​ជប៉ុន​ និងណាតូ ​សន្យា​ថា នឹងឆ្លើយ​តប​យ៉ាង​តឹងរ៉ឹងចំពោះ​ការ​គំរាម​កំហែង​របស់​ចិន និង​រុស្ស៊ី

ជប៉ុននិង​ណាតូ​សន្យាថា ​នឹងឆ្លើយតប​យ៉ាងតឹងរ៉ឹង​ចំពោះការ​គំរាមកំហែង​របស់ចិន​ និង​រុស្ស៊ី។ ​ថ្ងៃទី ៣១ ​ខែមករា ឆ្នាំ ២០២៣ ​លោក ​Jens Stoltenberg ​អគ្គ​លេខាធិការ​អង្គការណាតូ​បានថ្លែងថា ប្រទេស​ជប៉ុន​និង​អង្គការ​សន្ធិសញ្ញា អា​ត្លង់ទិកខាង​ជើង​ ឬ​ហៅកាត់ថា ​អង្គការ​ណាតូ ​ត្រូវតែ​រក្សាការ​រួបរួមគ្នា​យ៉ាងរឹងមាំ​ក្នុងការ​ប្រឈមមុខ​នឹងការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​បង្កឡើង​ដោយ​ប្រទេសចិន ​កូរ៉េខាងជើង​ និង​សង្គ្រាម​រុស្ស៊ីនៅ​អ៊ុយក្រែន​។

អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​យោធា​អឺរ៉ុប ​​និង​សហរដ្ឋ​អាមេរិក​រូបនេះ បា​ន​ព្រមាន​ថា ​ទីក្រុងប៉េកាំង​កំពុង​តាម ដាន​យ៉ាង​ដិតដល់​ទៅលើការវិវឌ្ឍ​ស្ថានការណ៍​នៅអ៊ុយក្រែន​ និង​រៀនសូត្រ​ពី​បរិបទ​ប្រែប្រួល​ក្នុង​សង្គ្រាម​មួយនេះ​ ដើម្បីរៀន​សូត្រ ​និង​ជា​ការត្រៀម​ក្នុង​ការ​សម្រេចចិត្ត​នាពេល​អនាគត​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ។​គួរបញ្ជាក់ថា ​ការ​ថ្លែងបែបនេះ​ បានធ្វើឡើង​អំឡុង​ពេល​លោកមាន​ជំនួប​ពិភាក្សាគ្នា​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​លោកហ្វូមីអូ ​គីស៊ីដា ​(Fumio Kishida)​ ក្នុងដំណើរ​ទស្សន​កិច្ច​ទៅកាន់​តំបន់​អាស៊ីក្នុង​គោល​បំណងជំរុញ​ និងរឹត​ចំណង​ទំនាក់ទំនង​ជា​មួយ​សម្ព័ន្ធ​មិត្ត​ប្រជាធិបតេយ្យ​បន្ថែមទៀត។​

លោក​បាន​មាន​ប្រសាសន៍ថា​ «អ្វីដែល​កំពុងកើត​ឡើង​នៅ​អឺរ៉ុបថ្ងៃនេះ​ក៏អាច​នឹងកើត​ឡើងនៅ​អាស៊ីបូព៌ា​នៅថ្ងៃស្អែក។​ដូច្នេះ​យើងត្រូវ​រក្សាការ​រួបរួមគ្នា​ជាធ្លុងមួយ​ដ៏រឹងមាំ​ដោយ​ឈរជាមួយ​គ្នា​ដើម្បីសេរីភា​ព​និង​លទ្ធិប្រជាធិ​ប តេយ្យ»។​អគ្គលេខាធិការ ​និង​នាយករដ្ឋ​មន្ត្រីជប៉ុន​ ក៏បាន​លើកឡើង​អំពី​ការ​ព្រួយបារម្ភ​ដោយ​សារការ​កើនឡើង​នៃ​កិច្ច​សហប្រតិ​បត្តិ​ការរវាង​ចិន​និង​រុស្ស៊ី​កាន់តែ​បន្តវិវឌ្ឍន៍​ ទៅមុខ​ជាដរាប។​មេដឹកនាំ​ទាំង ២​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​រួមថា​៖​«យើង​ចង់គូសបញ្ជាក់​ឱ្យឃើញ​ពីការព្រួយ​បារម្ភ​អំពីកិច្ច​សហ​ប្រតិបត្តិការ​យោធាដែល​កំពុង​កើនឡើង​យ៉ាងខ្លាំង​ រវាង​ប្រទេស​រុស្ស៊ីជា​មួយ​ប្រទេសចិន​ដូចជា​ការ​ប្រតិបត្តិការ​រួមគ្នាក៏​ដូចជា​សម​យុទ្ធយោធា​រួមគ្នា​នៅក្នុង​តំបន់​ជុំវិញ​ប្រទេសជប៉ុន​»។

គួររំឭកថា​ កាល​ពីប៉ុន្មាន​ថ្ងៃមុន​ដែល​លោក​ Stoltenberg​ ដែល​កំពុងស្ថិត​នៅទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​បាន​ស្នើឱ្យកូ​រ៉េខាងត្បូង​បង្កើនការ​គាំទ្រផ្នែក​យោធាដល់​ប្រទេសអ៊ុយ​ក្រែន​ដែលត្រូវ​បានឈ្លានពាន​ដោយ​ប្រទេសរុស្ស៊ី​ចាប់​តាំងពី​ដើមឆ្នាំ​២០២២មក។​ដោយឡែក​ សម្រាប់​ថ្ងៃអង្គារនេះ​ដែលលោក​ កំពុងធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​វិញលោក​បានសរសើរ​នូវគោល​ជំហរ​ដ៏រឹងមាំ​និងការ​គាំទ្រ​ផ្នែកផ្សេងៗ​ជាច្រើន​ដែល​ជប៉ុន​បានផ្តល់​ជូនដល់​អ៊ុយក្រែន​។

គួរ​ដឹងដែរ​ថា ​រដ្ឋាភិបាល​ទីក្រុងតូក្យូ​បានដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​ដោយ​ចូលរួម​ជាមួយ​នឹងដៃគូ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​ទាំង​ ៧ ឬហៅកាត់​ថា G7​ ហើយក៏​បាន​ចាត់វិធាន​ការ​បញ្ជូន​ឧបករណ៍​ការពារ​ក្នុងសង្គ្រាម​ជាច្រើន និង​ផ្តល់កន្លែង​ជ្រកកោន​ដល់អ្នក​ដែល​បានភៀសខ្លួន​ចេញពីជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

បន្ថែមលើនេះ ​លោក Stoltenberg ​បាន​លើកឡើងថា ​លោក​និង​លោក ​គីស៊ីដា​ បានចែក​រំលែកអំពី​ក្តីបារ​ម្ភចំពោះ​អាកប្បកិរិយា​ដ៏គ​ឃ្លើន​របស់​កូរ៉េខាងជើង​រាប់ចាប់​តាំងពី​សកម្មភាព​នុយក្លេអ៊ែរ​រហូតដល់​ការសាកល្បង​មីស៊ីលផ្លោង។ ​មិនត្រឹម​តែប៉ុណ្ណោះ ​លោកបាន​ឱ្យដឹងថា​ ប្រទេសចិន ​មិនមែន​ជា​សត្រូវទេ​ប៉ុន្តែ​លោកបាន​ព្រមាន​អំពីការកើន​ឡើងនូវវត្តមាន​យោធា​ចិន​នៅក្នុង​តំបន់​អាស៊ីរួម​ទាំង​វត្តមានអា​វុធនុយ​ក្លេអ៊ែរ​ការ​ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​ប្រទេស​ជិតខាងរបស់​ខ្លួន​ដោយ​ការ​គំរាមកំហែង​កោះតៃវ៉ាន់​ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពីអង្គការ​ណាតូ​ និង​ប្រទេស​អ៊ុយក្រែន​។

រីឯ​លោកនាយក​រដ្ឋមន្ត្រី​ គីស៊ីដា វិញ​បាន​លើកឡើង​ថា​ប្រទេស​ជប៉ុន​នឹង​បង្កើតកា​រិយាល័យ​តំណាង​ឯករាជ្យ​មួយ​សម្រាប់​ការសហការ​ដោះស្រាយ​ជា​មួយ​អង្គការ​ណាតូ​ដែលជា​ផ្នែកនៃ​កិច្ចខិត​ខំប្រឹងប្រែង​ដើម្បីធ្វើ​ឱ្យ​ទំនាក់​ទំនងរវាង​ភាគីទាំង២​ កាន់តែ​ស៊ី​ជម្រៅ​បន្ថែមទៀត។​ លោក​បាន​បន្ថែមថា​ជប៉ុនក៏​នឹង​ពិចារណា​ផងដែរ​អំពីការ​ចូលរួម​ឱ្យបាន​ទៀងទាត់​នៅក្នុង​កិច្ចប្រជុំ​កម្រិតខ្ពស់​ដែលរៀប​ចំ​ឡើងដោយ​អង្គការ​សម្ព័ន្ធភាព​មួយនេះ​។

គួររំឭក​ ផងដែរថា ​កាលពីខែធ្នូ ​ឆ្នាំ​ ២០២២​ ប្រទេស​ជប៉ុន បាន​ប្រកាសពី​ការកើនឡើង​អស្ថិរភាព​ក្នុង​តំបន់​ ដែលនាំ​ទៅរក​ការផ្លាស់ប្ដូរ​គោល​នយោបាយ​ក្នុង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​និង​សន្តិសុខ​របស់ខ្លួន​ ដើម្បី​ត្រៀមជា​ស្រេច​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ទៅ​ខាងមុខទៀត។​យុទ្ធសាស្ត្រ​ការពារ​ជាតិថ្មីនោះ​គឺផែនការ​បង្កើនការ​ចំណាយ​ថវិកាលើ​វិស័យ​ការពារជាតិ​រហូតដល់ទៅ ​២ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ រហូត​ដល់​ឆ្នាំ ២០២៧ ​ដែលការ​ធ្វើ​បែបនេះ​ ជំរុញ​ឱ្យប្រទេស​ជប៉ុន​ហាក់​កំពុង​ដើរ​ស្របតាម​គោលការណ៍​ណែនាំរបស់​សមាជិក​អង្គការណាតូ​៕

អត្ថបទគួរចាប់អារម្មណ៍