
យុទ្ធជនស្មោះត្រង់នឹងក្រុមហ៊ូធី ចេញត្បាត ក្រោយមានការវាយប្រហារដោយប្រើដ្រូន។ AFP
មន្ត្រីរដ្ឋាភិបាលតំបន់ បាននិយាយថា យុទ្ធជនអាល់កៃដា ៣ នាក់ បានស្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិកនៅប្រទេសយេម៉ែនភាគឦសាន កាលពីថ្ងៃចន្ទ។
មន្ត្រីទាំងនោះ បាននិយាយទៀតថា ការវាយប្រហារត្រូវបានធ្វើឡើងទៅលើរថយន្ត ១ គ្រឿងនៅក្នុងខេត្តម៉ារីប ជាកន្លែងកើតហេតុនៃការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងឆ្នាំ ២០២១ ក្នុងសង្គ្រាមស៊ីវិលយ៉ាងយូរនៅយេម៉ែន។
មន្ត្រីរដ្ឋាភិបាលម្នាក់បានថ្លែងប្រាប់សារព័ត៌មានAFP ក្នុងលក្ខខណ្ឌអនាមិកថា៖ «សមាជិកអាល់កៃដា ៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយដ្រូន ១ គ្រឿង ដែលត្រូវបានគេជឿថា ជាអាមេរិក»។
«ពួកគេទាំង៣នាក់ ជិះក្នុងរថយន្ត១គ្រឿងនៅក្នុងខេត្ត Wadi Obeida នៅពេលពួកគេ ត្រូវបានកំណត់គោលដៅដោយត្រូវបានសង្ស័យថា ជាការវាយប្រហាររបស់អាមេរិកដែលបានសម្លាប់ពួកគេភ្លាមៗ។
មន្ត្រីរដ្ឋាភិបាលទីក្រុងម៉ារីបទី២ម្នាក់ទៀត បានអះអាងពីការវាយប្រហារទៅលើយុទ្ធជនអាល់កៃដា និងចំនួនអ្នកស្លាប់។ មិនមានការអធិប្បាយភ្លាមៗពីទីក្រុងវ៉ាស៊ីនតោនទេ។
អាមេរិកចាត់ទុកសាខាអាល់កៃដានៅយេម៉ែន អាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQAP)ស្ថិតនៅក្នុងចំណោមសាខាដ៏គ្រោះថ្នាក់បំផុតនៃបណ្តាញជីហាដសកល។
AQAP និងយុទ្ធជនដទៃដែលស្មោះត្រង់នឹងក្រុមIS បានរីកដុះដាលនៅក្នុងភាពចលាចលនៃសង្គ្រាមស៊ីវិលនៅយេ ម៉ែន បានជំរុញឱ្យរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងក្រុមឧទ្ទាមហ៊ូធីមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់។
AQAP បានបើកកិច្ចប្រតិបត្តិការប្រឆាំងទាំងក្រុមហ៊ូធី និងកងកម្លាំងរដ្ឋាភិបាលរួមទាំងការវាយប្រហាររប៉េសរប៉កនៅបរទេស។
មេដឹកនាំរបស់ខ្លួនត្រូវបានកំណត់គោលដៅដោយសង្គ្រាមដ្រូនរបស់អាមេរិកជាង២ទសវត្សរ៍ ទោះបីជាចំនួននៃការវាយប្រហារ បានថយចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្តី។
ប្រទេសយេម៉ែន ត្រូវរង្គោះរង្គើដោយជម្លោះ ចាប់តាំងពីឆ្នាំ២០១៥ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានអន្តរាគមន៍គាំទ្ររដ្ឋាភិបាល ក្រោយក្រុមហ៊ូធីគ្រប់គ្រងទីក្រុងសាណា។
ចាប់តាំងពីពេលនោះមក ជម្លោះនេះ បានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបានបង្កឱ្យមានអ្វីដែលអង្គការសហប្រជាជាតិចាត់ទុកជាសង្គ្រាមមនុស្សធម៌អាក្រក់បំផុតនៅក្នុងពិភពលោក ដោយប្រជាជនរាប់លាននាក់ បានរត់ភៀសខ្លួនពីផ្ទះសំបែងរបស់ពួកគេ៕