ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មថ្មីលើអង្គភាពនិងក្រុមហ៊ុនចំនួន ៧ របស់អ៊ីរ៉ង់ ចំពោះការផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលរុស្ស៊ី បានយកទៅប្រើ ដើម្បីវាយប្រហារអ៊ុយក្រែនក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តាមការរឹតបណ្ដឹងថ្មី ក្រុមហ៊ុន និងអង្គភាពទាំងនោះត្រូវជាប់ក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ចំពោះការចូលរួមក្នុងសកម្មភាពដែលផ្ទុយនឹងសន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ រ៉យទ័រថា ការរឹតត្បឹតរបស់ក្រសួងពាណិជ្ជកម្មចុងក្រោយនេះ មានបង្ហាញក្នុងឯកសារបឋមមួយនៃទិនានុប្បវត្តិប្រចាំថ្ងៃរបស់រដ្ឋាភិបាលអាមេរិក U.S. Federal Register ដែលគ្រោងបោះពុម្ពជាផ្លូវការនៅថ្ងៃពុធនេះ។
គួររំឭកថា ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ ២០២២ មក សហរដ្ឋអាមេរិក និងប្រទេសជាង ៣០ ផ្សេងទៀត បានព្យាយាមកម្រិតវិស័យការពារជាតិរបស់ប្រទេសនេះ ដោយប្រើការគ្រប់គ្រងការនាំចេញដើម្បីរឹតត្បឹតមិនឱ្យរុស្ស៊ីអាចប្រើបច្ចេកវិទ្យារបស់ខ្លួន។ ផ្ទុយទៅនឹងចំណាត់ការនេះ លោកខាងលិច ក៏ដូចជាអ៊ុយក្រែន បានចោទប្រកាន់អ៊ីរ៉ង់ថាបានធ្វើការផ្គត់ផ្គង់ដ្រូនដែលខ្លួនផលិតឱ្យរុស្ស៊ី ដើម្បីយកទៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានថាមពលរបស់អ៊ុយក្រែនយ៉ាងដំណំ។
ក្រុមហ៊ុន និងអង្គភាពអ៊ីរ៉ង់ ដែលជាប់ក្នុងបញ្ជីគ្រប់គ្រងឥឡូវនេះ រួមមានក្រុមហ៊ុនរចនា និងផលិតម៉ាស៊ីនយន្តហោះ (DAMA) កងកម្លាំងអាកាសយានិកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ អង្គការស្រាវជ្រាវជីហាដនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ក្រុមហ៊ុនផលិតដ្រូនOje Parvaz Mado Nafar និងParavar Pars ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ Qods Aviation IndustryនិងShahed Aviation Industries ។
តាមការរឹតត្បឹតចុងក្រោយ ក្រុមហ៊ុនផ្គត់ផ្គង់ណាមួយទៅឱ្យក្រុមហ៊ុន ឬអង្គភាពទាំងនេះ ត្រូវមានអាជ្ញាប័ណ្ណដើម្បីដឹកជញ្ជូនទំនិញ និងបច្ចេកវិជ្ជា លើកលែងតែអាហារ និងថ្នាំពេទ្យ។ ហើយអាជ្ញាប័ណ្ណនាំចេញ ក៏នឹងត្រូវពិនិត្យតាមករណីនីមួយៗ។
ទោះបីជាយ៉ាងនេះក៏ដោយ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានថ្លែងថា៖ «ទណ្ឌកម្មមិនមានឥទ្ធិពលលើសមត្ថភាពផលិតដ្រូនរបស់អ៊ីរ៉ង់នោះទេ ពីព្រោះដ្រូនទាំងអស់ត្រូវបានផលិតក្នុងស្រុក។ នេះគឺជាការចង្អុលបង្ហាញយ៉ាងមុតមាំថា ដ្រូនដែលបានបាញ់ទម្លាក់នៅអ៊ុយក្រែន និងប្រើប្រាស់គ្រឿងបន្លាស់ផ្សេងៗដែលផលិតដោយប្រទេសលោកខាងលិច មិនមែនជាកម្មសិទ្ធិរបស់អ៊ីរ៉ង់»៕