អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃពុធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់អង្គការណាតូជាមួយដៃគូនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយនិយាយថា អឺរ៉ុបមិនអាចព្រងើយកន្តើយនឹងអ្វីដែលកើតឡើងនៅអាស៊ីបូព៌ាបានទេ ដោយសារសន្តិសុខពិភពលោក មានទំនាក់ទំនងគ្នាទៅវិញទៅមក។
ក្នុងបទបង្ហាញនៅសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន លោក Stoltenberg ថា៖ «សង្រ្គាមនៅអ៊ុយក្រែនបង្ហាញពីរបៀបដែលសន្តិសុខមានទំនាក់ទំនងគ្នាទៅវិញទៅមក។ សង្គ្រាមនេះបង្ហាញថាអ្វីដែលកើតឡើងនៅអឺរ៉ុបមានផលប៉ះពាល់ដលអាស៊ីបូព៌ា ហើយអ្វីដែលកើតឡើងនៅអាស៊ីបូព៌ាគឺសំខាន់ចំពោះអឺរ៉ុប»។
លោកបន្ថែមថា ណាតូមិនខ្វល់ថាចិនគិតយ៉ាងណានោះឡើយ។
លោក Stoltenberg អត្ថាធិប្បាយបែបនេះជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនង ជាមួយទីក្រុងតូក្យូ ក្នុងពេលដែលដែនដីក្នុងតំបន់អ៊ឺរ៉ុប កំពុងញាំញីដោយបញ្ហាអសន្តិសុខបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការយោធារបស់រុស្ស៊ី និងចិន។
ទោះបីជាលោកបាននិយាយថា ប្រទេសចិនមិនមែនជាសត្រូវក៏ដោយ ប្រធានអង្គការណាតូ បាននិយាយថា ប្រទេសចិនកាន់តែប្រើអំណាចផ្ដាច់ការរបស់ខ្លួនពី១ ថ្ងៃទៅ១ ថ្ងៃដោយគំរាមកំហែងតៃវ៉ាន់ និងបង្កើនការអភិវឌ្ឍសមត្ថ ភាពយោធាដែលជាការគំរាមកំហែងចំពោះអង្គការណាតូ។
លោកបានបន្ថែមថា៖ «យើងបានត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូជាមួយប្រទេសក្នុងតំបន់»។
ប្រទេសចិនបានច្រានចោលការអះអាងរបស់ Stoltenberg ដោយនិយាយថា ខ្លួនតែងតែជាអ្នកការពារសន្តិភាព និងស្ថិរភាព។
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ម៉ៅ នីង និយាយថា៖ «NATO អះអាងថា ខ្លួនជាសម្ព័ន្ធភាពការពារសន្តិសុខប៉ុន្តែណាតូតែងតែបំពានសន្តិសុខតំបន់ដែលមានជាប្រក្រតី និងបំផ្លើសថា ចិន បានគំរាមកំហែងអ្នកជិតខាងទៀត»។
អ្នកស្រី បានបន្ថែមថា ៖«ខ្ញុំចង់សង្កត់ធ្ងន់ថា អាស៊ី-ប៉ាស៊ីហ្វិក មិនមែនជាសមរភូមិ សម្រាប់ការ ប្រកួតប្រជែង ភូមិសាស្ត្រ នយោបាយ និងការប្រឈមមុខដាក់គ្នាទេដូចសម័យសង្គ្រាមត្រជាក់នោះឡើយ»។
មុនមកដល់ជប៉ុនលោក Stoltenberg បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបានជំរុញឱ្យទីក្រុងសេអ៊ូលបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយផ្តល់ការព្រមានស្រដៀងគ្នាអំពីការកើនឡើងនូវតានតឹងជាមួយប្រទេសចិន។ ចិន បានរិះគន់កិច្ចប្រឹងប្រែងរបស់អង្គការណាតូក្នុងការពង្រីកសម្ព័ន្ធភាពរបស់ខ្លួននៅអាស៊ី៕