
ទាហានម្នាក់ឈរនៅមុខស្នាក់ការ Wagner Group នៅប្រទេសរុស្ស៊ី កាលពីឆ្នាំ ២០២២។ រូបថត AFP
ក្រុមអ្នកជំនាញ UN កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យបើកការស៊ើបអង្កេតលើលទ្ធភាពឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅប្រទេសម៉ាលីដោយកងកម្លាំងរដ្ឋាភិបាល និងអ្នកម៉ៅការយោធាឯកជនរុស្ស៊ីគឺ Wagner Group។
ម៉ាលីដែលរដ្ឋាភិបាលបានឡើងកាន់អំណាចដោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ ធ្លាប់និយាយថា កងកម្លាំងរុស្ស៊ីនៅប្រទេសអ្រាហ្វិកខាងលិច មិនមែនជាទាហានស៊ីឈ្នួលទេ ប៉ុន្តែអ្នកបណ្តុះបណ្តាលដែលជួយទាហាន ក្នុងស្រុកជាមួយសម្ភារបរិក្ខារនាំមកពីទីក្រុងម៉ូស្គូ។
ប្រទេសលោកខាងលិច បាន និយាយថា កងកម្លាំងរុស្ស៊ី នៅប្រទេសម៉ាលី រាប់បញ្ចូលទាំងក្រុមម៉ៅការ Wagner Group ផងដែរ។
សេចក្តីថ្លែងការណ៍ចេញពីក្រុមអ្នកជំនាញឯករាជ្យបានឱ្យដឹងថា៖ «ចាប់តាំងពីឆ្នាំ ២០២១ ក្រុមអ្នកជំនាញនេះបានទទួលដំណើររឿងដ៏វែង និងគួរឱ្យភ័យខ្លាចអំពីការធ្វើទុក្ខបុកម្នេញ ផ្នូរសាកសពធំៗ សកម្មភាពធ្វើទារុណកម្មចាប់រំលោភ និងអំពើហិង្សាផ្លូវភេទ ការលួចប្លន់ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត និងការបាត់ខ្លួនដោយបង្ខំ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់ អាវុធម៉ាលី និងសម្ព័ន្ធមិត្តរបស់ពួកគេ។
អ្នកនាំពាក្យកងទ័ពម៉ាលី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយភ្លាមៗទេ។
លោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីឆ្នាំមុនថា រដ្ឋរុស្ស៊ីមិនមានអ្វីពាក់ព័ន្ធនឹងអ្នកម៉ៅការយោធា ដែល ធ្វើការនៅក្នុងប្រទេសម៉ាលីដោយបន្ថែមថា ប្រទេសអ្រាហ្វិក មានសិទ្ធិធ្វើការជាមួយក្រុមហ៊ុនឯកជនរុស្ស៊ី។
ប្រទេសម៉ាលី កំពុងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុម IS ដែលបានបង្កជម្លោះអស់រយៈពេល ១ ទសវត្សរ៍ ដែលបានរីករាល ដាលដល់ប្រទេសជិតខាង។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ បានលើកឡើងពីឈ្មោះ Wagner Group ហើយបានពណ៌នាអំពីរបាយការណ៍គួរឱ្យជឿជាក់នៃការទាក់ទិនរបស់បុគ្គលិកយោធា ដែលត្រូវគេជឿថា ជារបស់ក្រុមនេះ នៅក្នុងការសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងខែមីនា៕
វីដេអូ៖